តាមការស្រាវជ្រាវថ្មីៗរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារ ឧទ្យានរាជបណ្ឌិត្យសភាតេជោសែន ឫស្សីត្រឹប ខេត្តព្រះវិហារ បានរកឃើញនូវស្ថានីយបុរាណវត្ថុក្នុងទីតាំងឧទ្យាននេះមានចំនួន ១២៤ទីតាំង។ ក្នុងនោះមានស្ថានីយឡស្លដែកចំនួន៤៣ ស្ថានីយត្រពាំងសន្លុងចំនួន ១៧ និងស្ថានីយត្រពាំងបុរាណចំនួន៦៤។ នេះបើតាមការបញ្ជាក់របស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាស្ដីពីការសិក្សាបឋម ដើម្បីរៀបចំផែនការមេក្នុងឧទ្យាននេះ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារ Green Palace រាជធានីភ្នំពេញ ។
លោកបានបន្ដថា ក្នុងចំណោមស្ថានីយឡស្លដែកធំៗមាន ស្ថានីយចំនួន៥កន្លែង មានសំណល់អាចម៌ដែករាប់រយម៉ែត្រគូបលាយឡំជាមួយនឹងបំណែកតាឡែកតូធំ កុលាលភាជន៍ ដែកគោល ចង្កំ កាំបិត ពូថៅ ផ្លែដឹង ជាប្រដាប់ប្រើប្រាស់ធ្វើដោយដែកមានដងមានផ្លែសម្រាប់ពុះ ឬចាំងឈើ នៅតាមទីតាំងនីមួយៗ។

លោក សុខ ទូច បន្ថែមថា តាមរយៈការរកឃើញនេះ គឺបានបង្ហាញអំពីស្នាដៃសិល្បៈ បច្ចេកទេសស្ល និងចម្រាញ់យកដែករបស់បុព្វបុរសខ្មែរ សម្រាប់ប្រើប្រាស់ផលិតសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់កសាងប្រាសាទ ព្រមទាំងយុទ្ធោបករណ៍ក្នុងសឹកសង្គ្រាម។
សូមជម្រាបថា ឧទ្យានរាជបណ្ឌិត្យសភា តេជោសែន ឫស្សីត្រឹបនេះ មានផ្ទៃដីសរុបចំនួន ១១៤,៣៥ គីឡូម៉ែត្រការ៉េ មានទីតាំងស្ថិតក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។
ឧទ្យាននេះ មានតំបន់ជីវចម្រុះ និងមានសក្ដានុពលជាច្រើន ដូចជា ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុ ដូចជាឡស្លដែកបុរាណ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបរិស្ថាន ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍បានយ៉ាងប្រសើរ នាសម័យនោះ៕