សៀមរាប ៖ រូបសិប្បនិមិត្ដនៃប្រាសាទអង្គរវត្ដ ត្រូវបានសិស្សសាលាមួយរូបនៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្ដសៀមរាប ច្នៃប្រឌិតសាងសង់ប្រាសាទអង្គរវត្ដ ពីកំទេចផេះចង្ក្រាន ដោយមានភាពស្រស់ស្អាត និងមានរូបភាពពិតៗដូចប្រាសាទអង្គរវត្ដ។
យុវជនរូបនោះ មានឈ្មោះថា ព្រេស ប្រាណ អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១១ នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន នគរធំ ស្រុកនគរធំ ខេត្ដសៀមរាប ។ យុវសិស្សរូបនេះបានអោយដឹងថា ការសង់រូបនិមិត្ដសញ្ញាប្រាសាទអង្គរពីផេះចង្រ្ដាននេះ ដោយសារប្អូនប្រុសរូបនេះស្រាលាញ់ប្រាសាទបុរាណ និងចង់ខ្លួនក្លាយជាស្ថាបយ្យកម្មដ៏ល្បីម្នាក់នៅពេលអនាគត ។
បើតាមការរៀបរាប់របស់យុវសិស្សរូបនោះបានអោយដឹង ដោយសារតែរូបគេមានឧបនិស្ស័យ និងមានដុងពីកំណើត ក៏ចាប់មានគំនិតច្នៃប្រឌិតគូរគំនូរប្រាសាទអង្គរតាំងពីនៅតូច ប៉ុន្ដែចេះធ្វើរូបប្រាសាទអង្គរវត្ដសិប្បនិមិត្ដនេះ ចាប់ផ្ដើមកាលរូបគាត់រៀននៅថ្នាក់៦ ប៉ុន្ដែកាលណោះ ធ្វើឡើងដោយដីខ្សាច់ និងមិនបានជាប់ដូចផេះចង្ក្រាននោះទេ។ យុវសិស្សរូបនោះ បានបន្ដទៀតថា សំណង់ប្រាសាទអង្គរវត្ដសិប្បនិមិត្ដពីផេះនេះ បានធ្វើឡើងនៅឆ្នាំ២០១៧ ដោយចំណាយពេលត្រឹមមួយខែប៉ុណ្ណោះ ដែលមកដល់ពេលនេះបានថែរក្សាទុកបានរយៈពេល១ឆ្នាំមកហើយ និងបានធ្វើបន្ថែមទៀតបានចំនួន៣ទៀត និងមួយកំពុងសាងសង់។ យុវជន ព្រេស ប្រាណ បានបន្ដថា ការយកផេះច្នៃប្រឌិតសំណង់បុរាណនេះ ដោយសារសារធាតុផេះលាយទឹក មានលក្ខណៈពណ៌ដូចថ្មប្រាសាទ និងស្អិតដូចស៊ីម៉ង ទើបរូបគេច្នៃប្រឌិតឡើងតែម្ដង ប៉ុន្ដែមិនបានរៀនសូត្រពីគ្រូជំនាញ ផ្នែកស្ថាបត្យករណាម្នាក់នោះឡើយ ដោយប្អូនថា បានបង្កើតគំនិតខ្លួនឯង ក្រោយពីរូបគេបានទៅសិក្សាពីប្រាសាទអង្គរវត្ដតែម្ដងគត់ ។ យុវជនរូបនោះ បានបន្ថែមទៀតថា បើទោះជារូបសិប្បនិមិត្ដនេះ មិនបានល្អ និងដូចប្រាសាទអង្គរវត្ដ១០០%ក្ដី ប៉ុន្ដែរូបគេស្រលាញ់ និងចាត់ទុកជាស្នារដៃមួយសម្រាប់យុវជនវ័យ១៨ឆ្នាំ ព្រមទាំងរក្សាទុកអោយយុវជនទស្សនាពីស្នារដៃរបស់ប្អូនផងដែរ៕