មៀន​ប៉ៃលិន​ជា​ដំណាំ​អាទិភាព​ទី៣របស់​កម្ពុជា​សម្រាប់​ការនាំចេញ​ជា​ផ្លូវការ​ទៅ​ទីផ្សារ​​ចិន បន្ទាប់ពី​ផ្លែ​ចេក និង​ស្វាយ​ស្រស់

0
191

ភ្នំពេញ៖ មៀនប៉ៃលិន(តាងែន) ត្រូវ​រំពឹងថា​នឹង​ក្លាយជា​ផលិតផល​ផ្លែឈើ​ទី៣របស់​កម្ពុជា​ដែល​ត្រូវ​នាំចេញ​ជា​ផ្លូវការ​ទៅ​ទីផ្សារ​ប្រទេស​ចិន បន្ទាប់ពី​ផ្លែ​ចេក និង​ស្វាយ​ស្រស់។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

កាលពី​ថ្ងៃទី ៧ ខែឧសភា កម្ពុជា​ទើប​ចាប់ផ្តើម​នាំចេញ​ផ្លែស្វាយ​ស្រស់​លើកដំបូង​ប្រមាណ ១០០ តោន​ទៅ​ប្រទេស​ចិន ខណៈ​កាលពី​ឆ្នាំ ២០១៩ ភាគី​ចិន​ក៏បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំចេញ​ចេក ទៅ​ទីផ្សារ​របស់ខ្លួន​ផងដែរ។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១១ ខែឧសភា​ថា បន្ទាប់ពី​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ជា​ផ្លូវការ​ទៅ​ទីផ្សារ​ប្រទេស​ចិន ផ្លែ​មៀន​ប៉ៃលិន​នឹង​ក្លាយជា​ផលិតផល​ផ្លែឈើ​ទី ៣ ដែល​កម្ពុជា​ស្នើឱ្យ​ភាគី​ចិន​ពិនិត្យ​លទ្ធភាព​សម្រាប់​នាំទៅ​ប្រទេស​ចិន។

លោក​បន្តថា មៀន​ប៉ៃលិន ជា​ផលិតផល​ផ្លែឈើ​កម្ពុជា​ដែលមាន​សក្តានុពល និង​កំពុង​ដាំដុះ​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ ហេតុនេះ​បើ​ភាគី​ចិន​អនុញ្ញាតឱ្យ​នាំទៅ​ទីផ្សារ​ចិន ដូច​ដំណាំ​ចេក និង​ស្វាយ​វា​នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក៏ដូចជា​បង្កើត​ការងារថ្មី។

លោក​ថ្លែងថា៖ «ក្រោយពេល​បញ្ចប់​ការទទួល​បាន​ការនាំចេញ​ផ្លែស្វាយ យើង​ក៏បាន​រំឭក​ភាគី​ចិន​ឱ្យជួយ​ពិនិត្យមើល​ផ្លែ​មៀន​ប៉ៃលិន​ផងដែរ»។​ លោក​បន្ថែមថា កម្ពុជា​មិន​អាច​បង្ខំ​ភាគី​ចិន​បានទេ ដោយ​កន្លងមក​ភាគី​ចិន​ប្រាប់ថា ត្រូវការ​ពេលវេលា​ ដើម្បី​ពិនិត្យ​ភូតគាម​អនាម័យ ជាពិសេស​សមាសភាព​ចង្រៃ​ទាក់ទង​នឹង​ការនាំចេញ​ផ្លែឈើ។ លោក​និយាយថា៖ «ដូច្នេះ​ចាប់ពីពេលនេះ​តទៅ​យើង​នឹង​ចាប់ផ្តើម​ពិនិត្យ​ពិចារណា​ទៅលើ​ការនាំចេញ​ផ្លែ​មៀន​ប៉ៃលិន​តែម្តង»។

បើតាម​លោក​រដ្ឋមន្ត្រី នៅពេល​មៀន​ប៉ៃលិន ត្រូវ​បាន​នាំចេញ​ផ្លូវការ​ទៅ​ប្រទេស​ចិន កម្ពុជា​នឹង​អាច​រកចំណូល​បាន​បន្ថែម​ក្នុង​រង្វង់ ២០០ លាន​ដុល្លារ​ក្នុង ១ ឆ្នាំៗ។

ក្រសួង​ពាណិជ្ជកម្ម​កាលពី​ចុងខែ​មីនា ធ្លាប់បាន​ផ្ញើលិខិត​មួយ​ទៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​ស្នើឱ្យ​ក្រសួងកសិកម្ម ជួយ​ជំរុញ​ការចរចា​ជាមួយ​ភាគី​ចិន​លើ​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​មៀន​ប៉ៃលិន​ស្រស់ និង​ក្លាស្សេ​ទៅកាន់​ប្រទេស​ចិន «Protocol for phytosanitary requirements for export of fresh and prepared Pailin Longan from Cambodia to China»។

លិខិត​សរសេរថា ក្រសួង​ពាណិជ្ជកម្ម​បាន​ទទួល​សំណើ​របស់​អ្នក​ផលិត និង​អ្នកប្រមូល​ទិញ​មៀន​ប៉ៃលិន ដែល​សុំឱ្យ​រដ្ឋាភិបាល​ពិនិត្យ​លទ្ធភាព​ជួយ​ជំរុញ​ការបើក​ច្រក​ទីផ្សារ​សម្រាប់​ការនាំចេញ​មៀន​ប៉ៃលិន ដោយផ្ទាល់​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន ជាពិសេស​ក្នុងពេល​ដែល​ប្រទេស​កម្ពុជា និង​ពិភពលោក​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​អវិជ្ជមាន​ពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដែល​បណ្តាលឱ្យ​ការលក់​ផ្លែ​មៀន​ទៅ​ប្រទេស​ចិន តាមរយៈ​ប្រទេស​ជិតខាង​ត្រូវបាន​បិទ ឬ​រឹតបន្តឹង ព្រមទាំង​តម្លៃ​ដែល​ប្រមូល​ទិញ​នៅ​ចម្ការ​បាន​ធ្លាក់​ចុះក្រោម​ថ្លៃដើម​ផលិត បង្កឱ្យ​មាន​ការខាតបង់​ធំធេង​របស់​ប្រជាកសិករ និង​ពាណិជ្ជករ។

លិខិត​បាន​បញ្ជាក់ថា៖ «ក្នុង​កាលៈទេសៈ​ដ៏លំបាក​នេះ ក្រសួង​ពាណិជ្ជកម្ម​សូម​ចូលរួម​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ជំរុញ​ឱ្យ​ភាគី​ចិន​ពន្លឿន​នីតិវិធី​នៃ​ការចរចា​លើ​ពិធីសារ និង​ឯកសារ​ដែល​បានស្នើ​រួច តាមរយៈ​ការស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថានទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ចិន»។

លោក វេង សាខុន បាន​លើកឡើង​ថា ក្រសួងកសិកម្ម មិនមាន​អ្នកតំណាង​នៅតាម​ស្ថានទូត​ដូច​ក្រសួង​ពាណិជ្ជកម្ម​ទេ ហេតុនេះ​លោក​សូម​ស្នើឱ្យ​អ្នកតំណាង​ក្រសួង​ពាណិជ្ជកម្ម ដែល​ធ្វើការ​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ឱ្យ​ខិតខំ​បន្ថែមទៀត​ដើម្បី​បង្កើន​ទំនាក់ទំនង​ជាមួយ​ភាគី​ចិន និង​បញ្ជូន​ព័ត៌មាន​មក​កម្ពុជា ខណៈ​ក្រសួង​កសិកម្ម​បាន​ផ្ញើ​ឯកសារ​ទៅហើយ ដោយនៅ​រង់ចាំ​ការឆ្លើយតប​ពី​ភាគី​ចិន​តែប៉ុណ្ណោះ។

ប្រធាន​សហគមន៍​កសិកម្ម​ផលិតផល​មៀន​ប៉ៃលិន លោក សួស ស៊ីយ៉ាត បាន​និយាយថា នៅពេល​មិនមាន​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​ចិន​ដោយផ្ទាល់ អ្នក​ដាំ​មៀន​ប៉ៃលិន​បាន​ជួបនឹង​ឧបសគ្គ​ជាច្រើន ដោយ​គិត​ចាប់តាំងពី​ប្រាក់ចំណូល និង​ផែនការ​ពង្រីក​ការដាំដុះ​បន្ថែម។ បច្ចុប្បន្ន​បើ​ទោះ​នៅ​ខេត្ត​ប៉ៃលិន​មាន​កន្លែង​ប្រមូល​ទិញ​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ប៉ុន្តែ​ជានិច្ចកាល​អ្នក​ដាំ​តែង​ប្រឈម​នឹង​បញ្ហា​ជាច្រើន។

លោក​និយាយថា៖ «ប្រទេស​ចិន​ជា​ទីផ្សារ​ធំ និង​មាន​តម្រូវការ​ច្រើន បើ​យើង​អាច​នាំចេញ​ដោយផ្ទាល់ វា​នឹង​អាចធ្វើឱ្យ​តម្លៃ​ល្អ​ជាង​ពេលនេះ ហើយ​ការដាំដុះ​ក៏​នឹង​កើនឡើង​ផងដែរ»។

យោងតាម​លោក វេង សាខុន នៅ​កម្ពុជា​បច្ចុប្បន្ន​មៀន​ប៉ៃលិន​មាន​ដាំដុះ​ភាគច្រើន​នៅ​ខេត្ត​ប៉ៃលិន បាត់ដំបង និង​ផ្នែក​ខ្លះ​នៃ​ខេត្តព្រះវិហារ។ គិត​ត្រឹម​ចុងឆ្នាំ ២០២០ នៅ​ទូទាំង​ប្រទេស​មាន​ផ្ទៃដី​ដាំដុះ​ប្រមាណ ១៤ ៥០០ ហិកតា ក្នុងនោះ​ផ្ទៃដី​ប្រមូលផល​មាន​ជាង ១១ ៥០០ ហិកតា ដោយ​ជា​មធ្យម​ក្នុង ១ ហិកតា​ផ្តល់​ផល​ជិត ១៧ តោន។ បរិមាណ​ផល​ដែល​ទទួល​បាន​មាន​ប្រមាណ​ជិត ២០ ម៉ឺន​តោន​ក្នុង​នោះ​ការនាំចេញ​សម្រេច​បាន​ប្រមាណ ១០២ ពាន់​តោន ដោយ​មាន​តម្លៃ​ប្រហែល​ជិត ១០០ លាន​ដុល្លារ៕

ដោយ៖​