មូលហេតុធំ៤ អ្នកមិនគួរក្តាប់លុយជាង១០០ដុល្លារទៅលេងទឹកដីវៀតណាមឡើយ

0
20437

(វៀតណាម)៖ តើនរណាខ្លះចង់ទៅលេងវៀតណាម? តើអ្នកនឹងទៅទីនោះដើម្បីអ្វីទៅ? ដើម្បីតែការដើរកម្សាន្ត មើលពីសេដ្ឋកិច្ចប្រទេសគេ ឫចង់មើលឃើញអាជីវកម្មថ្មីប្លែកខុសពីកម្ពុជា និងសិក្សាពីគំនិតអាជីវកម្មរបស់គេ។ បើមែន នោះអ្នកមិនគួរចំណាយលុយទៅប្រទេសមួយនេះឡើយ។

ប្រទេសវៀតណាម និងកម្ពុជា ត្បិតតែមានសេដ្ឋខុសគ្នាបន្តិចបន្តួចក៏ពិតមែន ប៉ុន្តែរូបភាព និងបរិបទសង្គមរវាងប្រទេសទាំងពីរនេះ មិនខុសគ្នាប៉ុន្មានឡើយ ទាំងការរស់នៅ ការហូបចុក និងជីវភាពប្រជាជន។​

ក្រោយការធ្វើទស្សនៈកិច្ចនៅក្នុងប្រទេសវៀតណាមអស់ពី៣ថ្ងៃមកនេះ ក្រុមការងារ Cambotrips អាចជម្រាប់មិត្តអ្នកអានពីមូលធំ៤ ដែលអ្នកមិនគួរក្តាប់លុយទៅលេងទឹកដីវៀតណាមឡើយ ចៀសវាងខកចិត្ត ចំណាយលុយឥតប្រយោជន៍៖

១. ភាសា

រឿងដែលគួរឲ្យសោកសៅបំផុតពេលដែលអ្នកទៅដល់វៀតណាម នោះគឺភាសា ដែលប្រជាជនវៀតណាមភាគច្រើន ប្រើប្រាស់តែភាសារបស់ខ្លួន ហើយមានមនុស្សច្រើនប៉ុន្មានទេដែលអាចទំនាក់ទំនងជាមួយអ្នកជាភាសាអង់គ្លេសនោះ។ លើសពីនេះទៅទៀត ប្រជាជនវៀតណាមភាគច្រើន មិនសូវចូលចិត្តញញឹមដូចជាខ្មែរយើងឡើយ ដែលនេះធ្វើឲ្យដំណើរកម្សាន្តប្រែជាខ្សោះអង្គើយ មិនសូវស្រស់ស្រាយទាល់តែសោះ។

២. តម្លៃ

តើនរណាខ្លះគិតថាតម្លៃផលិតផល និងម្ហូបអាហារនៅវៀតណាមមានតម្លៃថោកខ្លះ? បើអ្នកគិតដូចនេះ អ្នកកំពុងតែយល់ខុសហើយ ទោះជាលុយ១០០ដុល្លារអាមេរិក អាចដូរបានជាង២លានដុងក៏ពិតមែន ប៉ុន្តែការចាយវាយវិញ រាប់ចាប់ពី១០០០ដុងឡើងទៅ ហើយទំនិញភាគច្រើនគឺមានតម្លៃថ្លៃខ្លាំងណាស់ ថ្លៃជាងនៅកម្ពុជាទៅទៀត។

៣. អាហារ

រឿងដែលអ្នកនឹងឈឺក្បាលមួយទៀតនោះគឺ រឿងញ៉ាំ។ នៅក្នុងប្រទេសវៀតណាម ស្ទើរតែគ្រប់ម្ហូបអាហារ មានជាតិប្រៃខុសពីធម្មតា ជួនអាហារខ្លះសាបដូចខ្វះគ្រឿងទេស ដែលពិបាកនឹងទទួលទានខ្លាំងណាស់។ សំខាន់ជាងទៅទៀត ម្ហូបអាហារនៅក្នុងប្រទេសនេះ មានតម្លៃថ្លៃជាងការរំពឹងទុក ដែលធ្វើឲ្យលុយជាង២លានដុងរបស់អ្នក បើចាយមិនបានត្រឹមត្រូវទេ រស់មិនផុតថ្ងៃទី៣ឡើយ។

៤. សុវត្ថិភាព

វៀតណាមជាប្រទេសដែលល្បីខ្លាំងណាស់ដែរ រឿងបញ្ហាឆបោក លួចឆក់ប្លន់ ដែលនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនសូវល្អតាំងពីឈានជើងដល់ទឹកដីប្រទេសនេះជាលើកដំបូង។ បញ្ហាទាំងនេះ ធ្វើឲ្យអ្នកមានអារម្មណ៍មិនសូវស្ងប់ និងដើរលេងទាំងមានការព្រួយបារម្ភណ៍។

កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យការដើរលេងកម្សាន្ត សិក្សាពីអាជីវកម្ម និងសេដ្ឋកិច្ចរបស់វៀតណាម មិនបានផ្តល់ភាពសប្បាយពិតប្រាកដ និងចំណេះដឹងច្រើនទេដល់អ្នក៕

 

អត្ថបទដោយ៖ មករា