«ភ្នំ​ព្រះ»នឹង​ក្លាយជា​រមណីយដ្ឋាន​ធម្មជាតិ ប្រវត្តិសាស្ត្រ​ និង​វប្បធម៌​

0
2301
សត្វត្រកួតស្ថិត​ក្នុង​ទឹក​ដីរមណីយដ្ឋានភ្នំព្រះ។ (រូប រស្មី)

បន្ទាយមានជ័យ៖ មិនយូរប៉ុន្មាន​ភ្នំ​ព្រះ​ដែល​ស្ថិតនៅ​ទី​ស្ងាត់ជ្រងំ​ដាច់​ឆ្ងាយ​ពី​ភូមិឋាន​ពលរដ្ឋ​នឹង​ក្លាយទៅជា​ទី​ទាក់ទាញ​បែប​ទេសចរណ៍​ ​ពេលនេះ​សហគម​នន៍​ព្រៃឈើ​ភ្នំ​ព្រះ កំពុង​អភិរក្ស​និង​អភិវឌ្ឍន៍​ទៅជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្ត្រ​និង​វប្បធម៌​ហើយ​។

គម្រោង​នោះ រួមមាន​ការបង្កើន​ការ​ថែរក្សា ការពារ​ព្រៃឈើ សត្វព្រៃ ជីវចម្រុះ ការដាំ​ឈើ​បន្ថែម ការស្ថាបនា​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នានា​និង​ការ​ជំរុញ​ផ្សព្វផ្សាយ​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​បរទេស​។​

​លោក ​ដុំ​ ឈាង​ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្មពួក​ប្រាប់​ កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២១​ខែមិថុនា​ថា​ សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​មាន​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ឃុំ​ថ្មពួក​និង​ឃុំ​គោក​កឋិន​ស្រុក​ថ្មពួក​ឬ​ត្រង់​កណ្តាល​អតីត​តំបន់​ព្រៃឈើ​ដ៏​ធំ​ល្វឹងល្វើយ​ហើយ​ក្នុង​ចម្ងាយ​ពី​៧​ទៅ​៨​គីឡូម៉ែត្រ​ឦសាន​ទីប្រជុំជន​ស្រុក​ថ្មពួក​ឬ​ជាង​៥០​គីឡូ​ម៉ែត្រ​ឦសាន​ទីប្រជុំជន​ខេត្តបន្ទាយមានជ័យ​។​មាន​ផ្ទៃដី​ទំហំ​១.២៦២​ហិកតា​ហើយ​ត្រូវបង្កើត​ឡើង​និង​ទទួល​ដោយ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​នៅ​ឆ្នាំ​២០០៥ មក​។​

សហគមន៍​ព្រៃឈើ​ ភ្នំ​ព្រះ​ត្រូវ​បែងចែក​ឲ្យ​ចូលរួម​ទទួលខុសត្រូវ​ និង​អភិរក្ស​ដោយ​សហគមន៍​តូចៗ​បួន​មកពី​បួន​ឃុំ​នៅ​ជុំវិញ​។​មាន​សមាជិក​ជាង​២.៥០០​នាក់​គឺ​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​ថ្មពួក សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​បន្ទាយឆ្មារ សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​គោ​កឋិន​និង​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​ភូមិ​ថ្មី​។​

​ចំណែក​លោក​ស៊ុយ​ឆៃ​យ៉ា​មន្ត្រីនគរបាល​ស្រុក​ថ្មពួក​និង​ជា​ជា​អ្នកស្រុក​មានកំណើត​នៅ​ស្រុក​នេះ​តែម្តង​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ដែរ​ថា ភ្នំ​ព្រះ​មាន​កម្ពស់​ជិត​៣០០​ម៉ែត្រ ជា​ភ្នំ​សំខាន់​ជាងគេ​នា​ម្តុំ​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ។​

មាន​ល្អាង​៦​ ដូចជា​ល្អាង​ព្រះ​ដែល​ធំជាងគេ​ មាន​ប្រវត្តិ​និង​កេរតំណែល​ ក្នុងនោះ​ដូចជា​រូបចម្លាក់​ព្រះ​នារាយណ៍​ជាប់​នឹង​ផ្ទាំង​ថ្ម​, មាន​លឹ​ង្គ​ព្រះ​ឥសូរ​២ តែ​បែកបាក់ ,​មាន​យោនី​នាង​ឧមា​២​និង​មាន​ស្ថាន​ថ្ម​ស្តា​ឡាក់​ទីប​និង​ថ្ម​ស្តាឡាក់មីត​( ប្រភេទ​ថ្មដុះ​ឡើងលើ​និង​ថ្មដុះ​ចុះក្រោម​) ,​ល្អាង​បាយសី នៅក្រោម​ហើយ​នៅ​ជា​អាថ៌កំបាំង​ជាងគេ ,​ល្អាង​រូង​ជ្រៃ ,​ល្អាង​កម្រ​…​។​

​លោក​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្មពួករូបនេះបន្ដថា អ្នកស្រុក​ជិត​ឆ្ងាយ​មាន​ជំនឿ​និង​គោរព​សក្ការ​:​ខ្លាំងណាស់​ចំពោះ​ភ្នំ​ព្រះ​ហើយ​តាំងពី​យូរលង់​មក​ហើយ គ្រប់​ជំនាន់​មនុស្ស​ទូទៅ​រួមទាំង​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​មិនមាន​នរណា​ហ៊ាន​ប្រមាថ​បំពាន​បំពាន​ឡើយ​។​គឺ​មានតែ​បួងសួង​សុំ​សម្រេច​បំណង​តាម​ក្តី​ប្រាថ្នា​៕