ភ្ញៀវទេសចរសប្បាយរីករាយនៅពេលបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងតំបន់រមណីយដ្ឋានអង្គរ

0
292

នៅពេលធ្វើដំណើរមកដល់តំបន់អង្គរ ភ្ញៀវទេសចរពិតជាបានឃើញអំពីទិដ្ឋភាពដ៏មមាញឹកនៃមន្រ្តីអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារទេសចរណ៍ចាំទទួលស្វាគមន៍អ្នកទេសចរព្រមទាំងសម្រស់ធម្មជាតិខៀវខ្ចី មានសួនច្បារអមសងខាងបរិវេណផ្លូវចូល ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។

កញ្ញា ស្រីរ័ត្ន អាយុ៣២ឆ្នាំ ប្រជាពលរដ្ឋរស់នៅស្រុកពួក ខេត្តសៀមរាបបានឱ្យដឹងថា នៅពេលបានមកទស្សនារមណីយដ្ឋានអង្គរ ក្រោយការប្រកាសបើកដំណើរការទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ធ្វើឱ្យកញ្ញាបំភ្លេចអស់រាល់ក្តីកង្វល់នានា ដោយនឹកឃើញតែភាពបៃតងស្រស់ស្អាតនៅក្នុងរមណីយដ្ឋានអង្គរ។ កញ្ញាបន្តទៀតថា តំបន់រមណីយដ្ឋានអង្គរពិតជាមានភាពស្រស់ស្អាត នៅពេលដែលអាជ្ញាធរជាតិអប្សរាបានអភិវឌ្ឍនិងអភិរក្ស ដោយមានការរៀបចំជាសួន និងមានដាំដើមផ្កា ដាំស្មៅ និងដាំដើមឈើបន្ថែម ដែលធ្វើឱ្យបរិវេណខាងមុខប្រាសាទអង្គរវត្ត និងតាមបណ្តាប្រាសាទនានាមានភាពបៃតងស្រស់ស្អាត។

ចំណែកលោក ឌី រស្មី រស់នៅក្នុងក្រុងសៀមរាប បានរៀបរាប់ដោយក្តីរំភើប ក្រោយពេលដែលរាជរដ្ឋាភិបាលបានប្រកាសបើករមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសឡើងវិញនេះ ព្រោះក្រោយពេលសម្រាកពីការងារលោកតែងតែទៅលម្ហែអារម្មណ៍នៅរមណីយដ្ឋានអង្គរ ដោយសារទីនោះប្រជុំទៅដោយទេសភាពបៃតងនៅពេលដែលអាជ្ញាធរជាតិអប្សរាបានធ្វើការកែលម្អហេដ្ឋារចនាសម្ពន្ធផ្សេងៗនៅក្នុងតំបន់អង្គរទាំងមូល។ លោកបន្តថានៅពេលដែលបញ្ចប់វិបត្តិនៃជំងឺកូវីដនេះ ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរ នឹងកាន់តែទទួលបានភាពរីករាយជាមួយសម្រស់ធម្មជាតិដ៏ស្រស់បំព្រងដែលអាជ្ញាធរបានរៀបចំនេះ។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ១៩ ជានិច្ចកាល អាជ្ញាធរជាតិអប្សរាបានដាក់ចេញវិធានការសម្រាប់មន្ត្រី ភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ ត្រូវអនុវត្តន៍ជាប្រចាំនូវវិធានការ៣កុំ និង៣ការពារឱ្យបានជាប់ជាប្រចាំ។ ចំពោះប្រជាពលរដ្ឋនិងភ្ញៀវទេសចរមុនពេលចូលទស្សនាប្រាសាទគឺ តម្រូវឱ្យពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល និងស្គេនកម្មវិធីQR Code ដើម្បីចូលរួមតាមដាននិងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។ ជាពិសេសមិនឱ្យមានការប្រមូលផ្តុំ និងត្រូវដើរឬក៏ឈរដោយរក្សាគម្លាតឆ្ងាយៗពីគ្នា៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហ៊ុំ រិទ្ធី