ព្រះបាទជ័យវរ្ម័នទី៧គឺជា ព្រះមហាក្សត្រដ៏មហិមានៅក្នុងព្រះរាជពង្សាវតារនៃប្រទេសកម្ពុជា

0
2612

Image may contain: 1 person

បើតាមការសិក្សាស្រាវជ្រាវរបស់លោក ហ្សក កូដេស (George Coedes) ព្រះបាទជ័យវរ្ម័នទី៧ ប្រហែលជាប្រសូត្រយ៉ាងយូរណាស់ក្នុង គ.ស.១១២៥ ដែលមានព្រះមាតាព្រះនាមជ័យរាជចូឌាមណី និងព្រះបិតាព្រះអង្គព្រះនាម ធរនិន្រ្ទវរ្ម័នទី២ ដែលសោយរាជបន្ទាប់ពីព្រះបាទសុរិយាវរ្ម័នទី២។ ព្រះអង្គត្រូវក៏ត្រូវជាក្មួយព្រះបាទសុរិយាវរ្ម័នទី២ ផងដែរ។ ដូច្នេះយើងឃើញថា តាមរយៈព្រះមាតាព្រះអង្គជាប់ចុះមកពីព្រះរាជវង្ស ព្រះមហាក្សត្រខ្មែរជំនាន់មុនមហានគរឬមុនអង្គរ ឬក្នុងសម័យនគរហ្វូណន់ចេនឡា។ ហើយតាមខ្សែស្រលាយព្រះរាជវង្សព្រះបិតា ព្រះអង្គចុះមកពីព្រះសន្ដតិវង្សមហិធរបុរៈ។

No automatic alt text available.

ក្នុងពេលដែលព្រះបិតាព្រះអង្គទ្រង់សោយទិវង្គត ហើយព្រះបាទយសោវរ្ម័នទី២ ដែលជាព្រះញាតិរបស់ព្រះបិតាព្រះអង្គ ឡើងសោយរាជ្យស្នងនោះ ព្រះអង្គទ្រង់កំពុងប្រយុទ្ធជាមួយកងទ័ពនគរចំប៉ានៅមុខទីក្រុងវិជ័យ។ លុះទ្រង់ជ្រាបថា មានមន្ត្រីក្បត់បះបោរដណ្ដើមរាជ្យព្រះបាទយសោវរ្ម័នទី២ ព្រះអង្គក៏យាងត្រឡប់មកពីប្រទេសចំប៉ា វិញយ៉ាងលឿន ដើម្បីជួយការពារព្រះបាទយសោវរ្ម័នទី២។ ប៉ុន្តែជាការឥតប្រយោជន៍ ព្រោះព្រះអង្គយាងមកមិនទាន់ ហើយមន្ត្រីក្បត់បានធ្វើគត់ព្រះបាទយសោវរ្ម័នទី២ បាន ហើយប្រកាសខ្លួនឡើងសោយរាជ្យរួចទៅហើយ។
ព្រះបាទយសោវរ្ម័នទី២ ត្រូវគេធ្វើឃាតហើយព្រះរាជបុត្រព្រះអង្គព្រះ ស្រីឥន្រ្ទកុមារ ក៏ប្រហែលជាអស់សង្ខារក្នុងសម័យជាមួយគ្នានោះដែរ។ ក្នុងគ.ស.១១៦៥ បើតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារ ស្ដេចថ្មីព្រះបាទត្រីភុវ័នអាទិត្យ បានរៀបចំធ្វើពិធីព្រះរាជាភិសេក ហើយប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនគរកម្ពុជា។

Image may contain: 2 people, outdoor

កាលនោះព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គមិនបានកេណ្ឌទ័ព ចេញទៅធ្វើសង្រ្គាមតតាំងរាំងជល់ នឹងស្ដេចជ្រែករាជ ដើម្បីដណ្ដើមយករាជបល្ល័ង្គមកវិញទេ។ ព្រះអង្គក៏ទ្រង់គង់យ៉ាងស្ងាត់ស្ងៀមនៅក្នុងប្រទេសកម្ពុជា រហូតដល់មានព្រឹត្តិការណ៍ចាម វាយលុកយ៉ាងធំសម្បើម ហើយធ្វើគត់ស្ដេចដណ្ដើមរាជ្យបាន ដុតបំផ្លាញក្រុងអង្គរក្នុងឆ្នាំ១១៧៧ នោះ ទើបព្រះអង្គទ្រង់សច្ចាថា នឹងសងសឹកវិញអោយទាល់តែបាន។ ព្រះអង្គទ្រង់បានច្បាំងតតាំងនឹងចាម យ៉ាងស្វិតស្វាញជាទីបំផុត ដើម្បីរំដោះប្រទេសជាតិអោយរួចផុតពីការជិះជាន់របស់បរទេសនេះ។ ទីបំផុត ព្រះអង្គទទួលបានជោគជ័យជាស្ថាពរក្នុងចំបាំងជើងទឹក ដូចមានរូបចម្លាក់លើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ជាសក្ខីភាពស្រាប់។ នៅគ.ស.១១៨១ ដែលព្រះអង្គបានរំដោះជាតិមាតុភូមិពីកណ្ដាប់ដៃចាម ព្រះអង្គបានប្រកាសជាព្រះមហាក្សត្រនគរកម្ពុជា ហើយទទួលរាជាភិសេក ក្នុងឆ្នាំដដែល។ កាលនោះតាមការប៉ាន់ស្មាន ព្រះបាទជ័យវរ្ម័ទី៧ ព្រះអង្គទ្រង់ឡើងគ្រងរាជ្យក្នុងព្រះជន្មាយុប្រហែល ៥៦ព្រះវស្សា ក្នុងឆ្នាំ១១៨១ នៃគ្រិស្តសករាជ នៅយសោធបុរៈ គឺរាជធានីអង្គរ។ ក្នុងវិស័យសឹកសង្គ្រាមក្នុងរាជ្យព្រះអង្គ មានការបះបោរផ្ទៃក្នុងមួយនៅមល្យងខាងត្បូង ខេត្តបាត់ដំបង។ ព្រះអង្គបានបញ្ជាអោយយុវក្សត្រចាមមួយអង្គព្រះនាមវិទ្យានន្ទ ដែលបានមករស់នៅប្រទេសខ្មែរតាំងពីក្មេង វាយកម្ចាត់បានដោយជោគជ័យ។ ឯនគរចំប៉ា វិញ ស្ដេចចាម មានព្រះនាមជ័យឥន្ទ្រវរ្ម័នទី៤ បានលើកទ័ពមកឈ្លានពានប្រទេសកម្ពុជា សាជាថ្មី។ ព្រះអង្គក៏បានបញ្ជូនកងទ័ពវាយបង្ក្រាបរហូតដល់ទីបំផុត រឹបយកនគរចំប៉ា ដាក់ជាអាណាខេត្តរបស់ប្រទេសខ្មែរបាន តាំងពីឆ្នាំ១២០៣ រហូតដល់ឆ្នាំ១២២៦ នៃគ្រិស្ដសករាជ។ ឆ្នាំ១២០៧ ព្រះបាទជ័យវរ្ម័នទី៧ បានបញ្ជាអោយក្សត្រចាម មួយអង្គព្រះនាមអង្សរាជ អោយលើកទ័ពចម្រុះខ្មែរ ភូមា សៀម ទៅវាយប្រទេសយួនដៃវៀត។

Image may contain: sky and outdoorដើមសតវត្សរ៍ទី១៣ នៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់ គឺខ្មែរអាចគ្រប់គ្រងលើទឹកដីប្រទេសខ្មែរសព្វថ្ងៃ រាប់ទាំងដែនដីកម្ពុជាក្រោមផង ប្រទេសចំប៉ា ទាំងមូលផង ទឹកដីប្រទេសឡាវ និងប្រទេសថៃ សព្វថ្ងៃផង រួមទាំងមួយភាគនៃជ្រោយម៉ាឡាស៊ី រហូតដល់ជ្រោយកោះក្រា ហើយនិងប្រទេសភូមា រហូតដល់ទន្លេសាលវិន។
ក្នុងវិស័យសំណង់វិញ ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រដែលបានសាងសមិទ្ធិច្រើនជាងគេបង្អស់។ ស្នាព្រះហស្ដចម្បងរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺការរៀបចំកសាងរាជធានីអង្គរ ដែលចាម បានវាយបំផ្លាញពីឆ្នាំ១១៧៧ នោះអោយបានរៀបរយល្អឡើងវិញ ដោយមានកំពែងថ្មបាយក្រៀម និងមានគូទឹកព័ទ្ធជុំវិញមានប្រវែង ៣គីឡូម៉ែត្រក្នុងមួយជ្រុងៗ មានគោបុរៈ គឺទ្វារធំចំនួន៥ និងមានប្រាសាទបាយ័ន ដែលមានកំពូលសុទ្ធតែមានមុខ៤ ដែលគេជឿថា ជាព្រះភ័ក្ត្ររបស់ព្រះពោធិសត្វអវលោគិតិស្វរៈ ជាស្នូលកណ្ដាល ដែលយើងនិយមហៅថាក្រុងអង្គរទី៣។
នគរធំ ឬមហានគរ ដែលត្រូវឆេះបាក់បែកខូចអន្ដរាយអស់ជាច្រើន ត្រូវបានព្រះបាទជ័យវរ្ម័នទី៧ រៀបចំចាត់ចែងឱយកសាងជាថ្មី។ នេះជាលើកទី៣ហើយ ដែលមហានគរត្រូវសាងសង់ នគរធំរបស់ព្រះបាទជ័យវរ្ម័ទី៧ ត្រូវបានគេចាត់ទុក ជាស្នាដៃឯកប្លែកខុសពីធម្មតា ដែលមានក្នុងសិល្បៈខ្មែរ។ គឺខ្មែរជំនាន់នោះបានប្រឌិតបង្កើតសិល្បៈថ្មីមួយ ដែលវិវត្ដទៅតាមចលនារបស់សង្គមជាតិ។ នគរធំ ដែលស្ថិតនៅរៀងរហូតមកដល់សព្វថ្ងៃ ជាស្នាដៃយ៉ាងធំធេងចំបងរបស់ព្រះបាទជ័យវរ្ម័នទី៧។ នៅជុំវិញក្រុងមានប្រាសាទបន្ទាយក្ដី តាព្រហ្ម ព្រះខ័ន នាគព័ន្ធ តាសោម ក្រោលគោ និងនៅតាមខេត្តមានប្រាសាទបន្ទាយឆ្មារ (នៅខេត្តបន្ទាយមានជ័យ) វត្តនគរ (នៅខេត្តកំពង់ចាម) តាព្រហ្មបាទី (នៅខេត្តតាកែវ) និងប្រាសាទជាច្រើនទៀតក្នុងទឹកដីថៃសព្វថ្ងៃ ដូចជា ប្រាសាទវត្តមហាធាតុ (នៅខេត្តលុបបុរី) ប្រាសាទភិម័យ (នៅខេត្តនគររាជសីមា) ប្រាសាទកំផែងលែង (នៅខេត្តពេជ្របុរី) ប្រាសាទកំពែងតូច (នៅខេត្តស៊ីសាកេត) ជាដើម។
តាមអ្នកឯកទេស ដែលសិក្សាអំពីបូរាណវិទ្យា នគរធំត្រូវបានសង់ទៅតាមបែបផែន ទ្រ្ដឹស្ដីព្រះពុទ្ធសាសនា ទស្សនៈអ្នកកាន់ព្រះពុទ្ធសាសនាយល់ថា នៅកណ្ដាលចក្រវាល មានភ្នំមួយយ៉ាងធំដែលលោកអោយឈ្មោះថា ភ្នំព្រះសុមេរុ ភ្នំនេះមានកំពូលប្រាំ ហើយនៅលើកំពូលភ្នំមានមានស្ថានសួគ៌បីជាន់។ ឯការសាងសង់នគរធំ ក៏មានលក្ខណៈដូចគ្នានេះដែរ គឺជាទីក្រុងមួយរាងបួនជ្រុងដែលនៅចំកណ្ដាល មានប្រាសាទមួយទៀត ជាតំណាងភ្នំព្រះសុមេរុ ប្រាសាទនេះគឺប្រាសាទបាយ័នដែលខ្មែរច្រើនហៅថា ព្រហ្មយ័ន។ ប្រាសាទបាយ័ន គឺជាឈ្មោះប្រាសាទថ្មី ដែលព្រះអង្គបានសង់ឡើងសំរាប់ឧទ្ទិសថ្វាយជូនចំពោះព្រះពុទ្ធសាសនា។ ប្រាសាទបាយ័នបែរមុខទៅទិសខាងកើត មានបណ្ដោយប្រវែង ១៤០ម ទទឹង ១៣០ម មានកំពូល ៥៤ ដូចចំនួនទេវតា និងយក្ខ ដែលយាមតាមស្ពានចូលនគរធំ។ កំពូលកណ្ដាលដែលខ្ពស់ជាគេមានកំពស់៤២ម។ កំពូលនីមួយៗមានរូបចំលាក់ព្រះលោកេស្វរៈ ព្រះភ័ក្រ្ដបួន ដែលខ្មែរសាមញ្ញនិយមហៅថាព្រះព្រហ្ម។ ដូច្នេះលើប្រាសាទបាយ័ន មានព្រះភក្រ្ដលោកេស្វរៈទាំងអស់ ២១៦ ដែលញញឹម បែរសំលឹងមើលទៅរកកូនចៅខ្មែរ និងត្រៀមខ្លួនប្រុងប្រយ័ត្ន ចាំថែរក្សាការពារគនរកម្ពុជា ទប់ទល់ប្រឆាំងនឹងខ្មាំងសត្រូវគ្រប់ទិសទី។
លក្ខណៈប្រាសាទបាយ័នមួយទៀត ដែលខុសប្លែកអំពីប្រាសាទជំនាន់មុន គឺស្ថិតនៅត្រង់សិល្បករខ្មែរ បានយកទិដ្ឋភាពជីវភាពរស់នៅក្នុងសង្គមខ្មែរសង្គ្រាមរវាងខ្មែរនឹងចាម និងទស្សនៈសាសនាមកឆ្លាក់ដាក់ផ្ទឹម ក្នុងបរិវេនជាមួយគ្នា តាមចំលាក់ទាំងនោះ គេអាចឃើញនូវទំនាក់ទំនងជិតជាប់គ្នារវាងព្រះពុទ្ធ ស្ថានសួគ៌ និងលោកិយ។ ដែលជាទិដ្ឋភាពមួយមិនធ្លាប់មានក្នុងរូបចំលាក់ជំនាន់ដើម ដែលលើកយកតែប្រវត្ដិព្រះអាទិទេព និងទេវកថាផ្សេងៗមកបកស្រាយ។ ចំណែកប្រាសាទតាព្រហ្មប្រាសាទព្រះខ័ន ប្រាសាទបន្ទាយក្ដី ប្រាសាទតាសោម ប្រាសាទនាគព័ន្ធ ស្រះស្រង់ ប្រាសាទទាំងនេះនៅសៀមរាប ប្រាសាទព្រះខ័ន កំពង់ស្វាយខេត្ដកំពង់ធំ ប្រាសាទបន្ទាយឆ្មារ នៅខេត្តបន្ទាយមានជ័យ ប្រាសាទភិម័យនៅប្រទេសសៀមសុទ្ធសឹងជាស្នាដៃដ៏សំខាន់ដែលព្រះបាទជ័យវរ្ម័នទី៧ បានកសាង។ ព្រះបាទជ័យវរ្ម័នទី៧ បានឧទ្ទិសប្រាង្គប្រាសាទទាំងនោះថ្វាយជូនទៅមាតាបិតា ជីដូនជីតា គ្រូបាធ្យាយ អ្នកប្រាជ្ញ និងវិរបុរសខ្មែរជាច្រើនដែលធ្លាប់មានគុណបំណាច់មកលើប្រទេសជាតិ។ នៅតាមប្រាសាទ គេសង្កេតឃើញព្រះបដិមាករ និងរូបចំលាក់ខ្លះមានព្រះភក្រ្ដមុខមាត់ ដូចតួអង្គដែលគេគោរពបូជា និងរំលឹក។
ខាងវិស័យសាសនាវិញ ដូចជា ព្រះបិតា និងព្រះមាតាព្រះអង្គដែរ ព្រះបាទជ័យវរ្ម័នទី៧ និងព្រះរាជអគ្គមហេសីជ័យរាជទេវី ដែលសោយទិវង្គតទៅ ព្រមទាំងព្រះរាជអគ្គមហេសីឥន្ទ្រទេវី ដែលជាព្រះរៀមរបស់ព្រះនាងជ័យទេវី ដែលព្រះអង្គបានរៀបអភិសេកខាងក្រោយ ហើយជាព្រះក្សត្រីប្រកបដោយចំណេះវិជ្ជាយ៉ាងជ្រៅជ្រះ សុទ្ធតែជាពុទ្ធសាសនិកជនយ៉ាងប្ដូរផ្តាច់។ ព្រះអង្គគោរពពុទ្ធសាសនាមហាយាន ពិសេសគឺគោរពបូជាព្រះពោធិសត្វ អវលោគិតិស្វរៈ ឬលោកេស្វរៈ។
តាមរយៈសិលាចារឹក យើងបានដឹងថា កាលព្រះបិតាព្រះអង្គ ព្រះធរនិន្រ្ទវរ្ម័នទី២ នៅសោយរាជជាព្រះមហាក្សត្រកម្ពុជា ព្រះបាទជ័យវរ្ម័ទី៧ បានទទួលតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនាខ្មែរទៅធ្វើសង្រ្គាមតទល់នឹងនគរចំប៉ា។ កាលនោះព្រះអង្គព្រះជន្មបាន២៥វស្សា។
បើតាមសិលាចារឹក យើងអាចស្មានបានដែរថា កាលនោះព្រះអង្គមានមហេសីរួចស្រេចទៅហើយ ព្រះនាមរបស់ព្រះនាង គឺជ័យរាជាទេវី។ ជាមួយនឹងព្រះនាង ប្រហែលជាក្នុងគ.ស ១១៤៥ ព្រះអង្គបានមានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមស្រីឥន្រ្ទកុមារ។
ព្រះបាទជ័យវរ្ម័ទី៧ ព្រះអង្គត្រូវបែកព្រាត់ប្រាសពីប្រពន្ធកូន ដោយក្ដីវិយោគអួលណែនចុកចាប់រៀងរាល់ថ្ងៃពុំដែលមានល្ហែល្ហើយឡើយ។ ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃ ដោយការព្រាត់ប្រាស់នេះត្រូវបានព្រះនាងឥន្រ្ទទេវី ជាបងស្រីបង្កើតរបស់មហេសីព្រះអង្គសរសេរចារចងក្រងជាភួងកំណាព្យលើផ្ទាំងសិលាប្រាសាទភិមានអាកាស។ ព្រះនាងឥន្រ្ទទេវី បានរៀបរាប់អធិប្បាយថា : «ព្រះមហេសីព្រះបាទជ័យវរ្ម័ទី៧ ព្រះនាងជ័យរាជាទេវី ប្រៀបបានទៅព្រះនាងសិតា ដែលកំពុងព្រាត់ពីស្វាមី គឺព្រះរាម។ ព្រះរាមគឺព្រះបាទជ័យវរ្ម័នទី៧ ឯស្ដេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍ នៅពេលដែលព្រះស្វាមីយាងចេញទៅធ្វើសង្គ្រាមនឹងខ្មាំង ព្រះនាងជ័យរាជាទេវី បានចូលកាន់សីល កាន់ត្រណមគោរពទៅតាមក្បួនខ្នាតប្រពៃណីមិនហ៊ានធ្វេសប្រហែសឡើយ។ ព្រះនាងតែងតែខំសិក្សាស្វាធ្យាយធម៌ បួងសួងបន់ស្រន់សុំអោយព្រះស្វាមីបានជួបតែសេចក្ដីសុខ និងជ័យជំនះឈ្នះលើសត្រូវ។ ព្រះនាងមានរូបរាងកាយស្គាំងស្គម ហើយមិនយកចិត្ដទុកដាក់នឹងសក់ព្រះនាងឡើយ កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្ដងៗ ព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង តែការឈឺចុកចាប់នេះ បានធ្វើអោយព្រះនាងសប្បាយរំសាយទុក្ខទៅវិញ។ ព្រះនាងជ័យរាជាទេវីនៅស្មោះត្រង់ រង់ចាំការវិលត្រឡប់របស់ព្រះបាទជ័យវរ្ម័នជានិច្ច»។
ពិតមែនតែព្រះអង្គកាន់ពុទ្ធសាសនា ប៉ុន្តែព្រះអង្គក៏បានជួយផ្គត់ផ្គង់ថែរក្សាការពារព្រហ្មញ្ញសាសនា អោយបានរីកចម្រើនផងដែរ។ ប្រាសាទភ្នំទាំងឡាយដែលក្នុងរាជ្យមុនៗ តម្កល់លិង្គទេវរាជ ហើយមកដល់អង្គរវត្តនៃព្រះបាទសូរ្យវរ្ម័នទី២ តម្កល់ព្រះបដិមាព្រះវិស្ណុ ប្រាសាទបាយ័ន ដែលជាស្នូលនៃអង្គរទី៣ ត្រូវបានព្រះបាទជ័យវរ្ម័នទី៧ តម្កល់ព្រះបដិមាពុទ្ធរាជមួយអង្គយ៉ាងធំសម្បើម មានកម្ពស់ជិត៤ម៉ែត្រ ឯកសារខ្លះថាដល់ទៅ ៩ម៉ែត្រ។ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ជាព្រះមហាក្សត្រប្រកបដោយធម៌ទសពិធ និងមានព្រហ្មវិហារធម៌សន្តោសប្រោសប្រណីដល់អស់សព្វសត្វ ដូចសិលាចារឹក មន្ទីរពេទ្យរបស់ព្រះអង្គបានចែងថា៖ «ជំងឺរបស់ប្រជារាស្ត្រ ធ្វើអោយព្រះអង្គឈឺចាប់ជាងជំងឺផ្ទាល់របស់ព្រះអង្គទៅទៀត ព្រោះថា គឺសេចក្តីឈឺចាប់សាធារណៈនេះហើយ ជាសេចក្តីឈឺចាប់របស់ព្រះរាជា ពុំមែនសេចក្តីឈឺចាប់ផ្ទាល់ទេ ដែលធ្វើអោយព្រះអង្គឈឺចាប់នោះ»។
ដោយសារព្រះគតិបណ្ឌិតខាងលើនេះ ព្រះអង្គបានសាងមន្ទីរពេទ្យចំនួន១០២ នៅក្នុងផ្ទៃប្រទេសទាំងមូលដែលមនុស្សក្នុងវណ្ណៈទាំងបួនអាចចូលព្យាបាលរោគបានដូចគ្នា ព្រមទាំងសាលាសំណាក់ ឬធម្មសាលាចំនួន១២១ នៅតាមបណ្តោយផ្លូវធំៗនៃអាណាចក្រថែមទៀតផង។ មន្ទីរពេទ្យចំនួន១០២ ត្រូវបានព្រះអង្គកសាង នៅតាមខេត្ដខ័ណ្ឌនានាក្នុងព្រះរាជាណាចក្រ មាននៅលើទឹកដី ប្រទេសសៀមមួយផ្នែកទុកសំរាប់ទំនុកបំរុងព្យាបាលប្រជានុរាស្រ្ដ។ សិលាចារឹកខ្មែរនៅប្រាសាទតាព្រហ្ម និងសាយហ្វុងក្នុងប្រទេសលាវ បានកត់ត្រារៀបរាប់អធិប្បាយយ៉ាងក្បោះក្បាយ អំពីមន្ទីរពេទ្យទាំងនោះ ទាំងផ្នែកចាត់ចែងគ្រប់គ្រង់ផ្គត់ផ្គង់ ទាំងផ្នែកចំនាយ និងឈ្មោះថ្នាំសង្កូវ។ មន្ទីរពេទ្យនីមួយៗមានគ្រូពេទ្យ និងបុគ្គលិករាជការរាប់រយនាក់ ដែលមានភារៈកិច្ចជួយថែរក្សាព្យាបាលអ្នកជំងឺប្រជាពលរដ្ឋខ្មែរទាំង៤វណ្ណៈ មានសិទ្ធិសេរីភាព អាចមកព្យាបាលរោគជំងឺ នៅទីនេះបាន។
មន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ បានស្ថិតស្ថេរគង់វង្សរហូតមកដល់សព្វថ្ងៃខ្លះដែរ។ មុនសម័យកម្ពុជាកើតមានសង្គ្រាមនាទស្សវត្ស១៩៧០ អ្នកស្រាវជ្រាវបារាំង បានរកឃើញមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ចំនួន៣៣ ក្នុងមន្ទីរពេទ្យទាំង១០២។ មន្ទីរពេទ្យដែលគេរកឃើញក្រៅអំពីនៅក្នុងស្រុកខ្មែរ មាននៅប្រទេសលាវ ប្រទេសសៀម និងយួន។ គេសង្កេតឃើញមន្ទីរពេទ្យទាំងនោះមានទំហំ មានរូបរាងទ្រង់ទ្រាយ និងការចាត់ចែងរៀបចំដូចគ្នា។ មិនតែប៉ុណ្ណោះ តាមទីកន្លែងនីមួយៗ គេក៏រៀបចំអោយមានព្រះពុទ្ធរូប ទុកជាទីសក្ការបូជាសំរាប់អ្នកជំងឺដែរ។ ធម្មសាលា ឬសាលាសំណាក់ ក៏មានពាសពេញទឹកដីខ្មែរដែរ ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានសង់សាលាសំណាក់ទាំងអស់១២១ នៅតាមផ្លូវឆ្ងាយ ដែលចេញពីមហានគរទៅទីក្រុងសំខាន់ៗក្នុងនគរ។ សិលាចារឹកខ្មែរជាច្រើន បានបញ្ជាក់បង្ហាញជាសក្ខីភាព នៃការកសាងផ្លូវថ្នល់គមនាគមន៍ក្នុងរជ្ជកាលរបស់ព្រះអង្គ។សិលាចារឹកប្រាសាទព្រះខ័ន បានចារឆ្លាក់ថា៖
– ពីព្រះរាជធានីនគរធំ ទៅទីក្រុងចំប៉ា មានធ្មសាលា ៥៧ ដែលសង់ហូរហែតាមផ្លូវ សំរាប់ជាកន្លែងឈប់សំណាក់ដល់អ្នកដំណើរ ធម្មសាលានីមួយៗ សុទ្ធតែមានភ្លើងសំរាប់បំភ្លឺ។
– ពីនគរធំ ទៅទីក្រុងភិម័យ មានធម្មសាលា១៧។
– ពីរាជធានីនគរធំ ទៅទីក្រុងជ័យវត្ដី ពីជ័យវត្ដី ទៅទីក្រុងជ័យសិង្ហវត្ដី ពីក្រុងជ័យសិង្ហវត្ដី ទៅទីក្រុងជ័យវីរវត្ដីពីជ័យវីរវត្ដី ទៅទីក្រុងជ័យរាជគីរី ពីជ័យរាជគិរីទៅទីក្រុងសុវីរបុរៈ ហើយជាបញ្ចប់ពីសុវីរបុរៈ ទៅព្រះរាជធានីយសោធបុរៈ ឬនគរធំ ធម្មសាលាមានចំនួន៤៤ ដោយមានភ្លើងសំរាប់បំភ្លឺដែរ។
– ធម្មសាលាមានតែមួយប៉ុណ្ណោះ សំរាប់ទីក្រុងនីមួយៗ នៅស្រីសុរិយាបរព័ត ស្រីវិជ័យអាទិត្យបុរៈ និងកល្យាន សិទ្ធិក។ ធម្មសាលាទាំងនេះ បើយើងគិតទៅតាមចំងាយផ្លូវ សង់ចន្លោះឃ្លាតឆ្ងាយពីគ្នា ពី១២គ.ម ទៅ ១៨.៥០ គ.ម។
ក្នុងចំណោមព្រះរាជានៃសម័យអង្គរទាំងអស់ ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជាមួយអង្គដែលគេចាត់ទុកថា មានមហិទ្ធិឫទ្ធិបំផុតក្នុងព្រះរាជពង្សាវតារនៃប្រទេសកម្ពុជា។ ខុសពីព្រះរាជានៃសម័យអង្គរ ដែលភាគច្រើនគោរពប្រតិបត្តិព្រហ្មញ្ញសាសនា ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់គោរពពុទ្ធសាសនាមហាយាន ពិសេសគឺគោរពបូជាព្រះពោធិសត្វអវតាលោកេស្វរៈ។ គេអាចសន្និដ្ឋានបានថា ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ១១៨១។ ប៉ុន្តែគេមិនបានដឹងច្បាស់ថា ព្រះអង្គចូលទិវង្គតនៅឆ្នាំណាពិតប្រាកដនោះទេ គេគ្រាន់តែសង្ស័យថា ព្រះអង្គទំនងជាបានសោយរាជ្យដល់ឆ្នាំ១២១៨ នៃគ្រិស្ដសករាជ ហើយពេលដែលព្រះអង្គសុគតទៅ ទ្រង់បានទទួលព្រះមរណនាមថា “មហាបរមសៅគត”៕