ព្រឹត្តិការណ៍២០កុម្ភៈបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារនៃការលក់ឪឡឹកនៅស្រុកបន្ទាយស្រី

0
85

សៀមរាប៖ លោក តុង ហេង ជាកសិករដាំឪឡឹកម្នាក់ នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០៧ខែមេសាឆ្នាំ២០២១នេះថា ជាទូទៅការប្រកបមុខរបរដាំឪឡឹក តែងតែនិយមដាំចាប់ពីខែវិច្ឆិការហូតដល់ខែមេសា ព្រោះនៅចន្លោះពេលប៉ុន្មានខែនេះ មានអាកាសធាតុល្អ និងអំណោយផលដល់ដំណាំឪឡឹក ហើយអំឡុងខែនេះ ផ្លែឪឡឹកនៅលើទីផ្សារ ក៏មានតម្លៃខ្ពស់ផងដែរ។ លោកថា កាលពីមុនការឆ្លងមេរោគកូវីដ១៩ចូលសហគមន៍ ដែលរាជ រដ្ឋាភិបាលដាក់ឈ្មោះថា ព្រឹត្តិការណ៍២០កុម្ភៈនោះ ទីផ្សារលក់ឪឡឹកនៅស្រុកបន្ទាយស្រីនេះ គឺមានការប្រសើរទាំងឪឡឹកទុំលឿង និងឪឡឹកទុំក្រហម រួមជាមួយត្រសក់ផ្អែម ដោយមានប្រជាពលរដ្ឋមកទិញដោយផ្ទាល់ ក៏ច្រើន និងអ្នកទិញតាមអនឡាញក៏ច្រើនផងដែរ។ ប៉ុន្តែនៅក្នុងអំឡុងខែមីនានិងដើមខែមេសានេះ ទីផ្សារនៃការលក់ឪឡឹកពិបាកលក់ចេញជាងមុន ដោយអ្នកមកទិញផ្ទាល់គឺមានតិចតួចណាស់ ហើយអ្នកកុម្ម៉ង់ទិញក៏មិនសូវមាន ដោយសារគេខ្លាចឆ្លងមេរោគកូវីដ១៩ ។

លោកបានបញ្ជាក់ថា ទោះបីមានការជួបបញ្ហាទីផ្សារក្នុងការលក់ចេញ ប៉ុន្តែផលប៉ះពាល់នេះមិនទាន់ធ្ងន់ធ្ងរនោះទេ ព្រោះឪឡឹកលោកលក់បាន គឺតម្លៃនៅដដែលមិនទាន់ធ្លាក់ថ្លៃនោះទេ ដូចជាឪឡឹកទុំលឿង គឺលក់ជាគីឡូក្រាម ក្នុង១គីឡូក្រាមតម្លៃ៤ពាន់រៀលដូចមុន ហើយសម្រាប់ឪឡឹកទុំក្រហមលក់ទៅតាមទំហំជាក់ស្តែង។ ហើយបច្ចុប្បន្ននេះ ឪឡឹកទុំក្រហម និងឪឡឹកទុំលឿង រួមជាមួយត្រសក់ផ្អែមចាប់ផ្តើមទំហើយ។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋជួយគាំទ្រឪឡឹករបស់គាត់ប្រសិនជាបងប្អូនមិនហ៊ានមកទិញផ្ទាល់ គឺអាចទំនាក់ទំនងទិញតាម​ប្រព័ន្ធទូរស័ព្ទបាន​តាមរយៈលេខ ០៩៣ ៧៧៧ ៨៩៦ /០៦៦ ៩០៦ ៦០៩/ ០១២ ៦០៤ ៥៨៣ លោកនិងផ្ញើទៅឱ្យដល់ផ្ទះតែម្តង។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១មក មេរោគកូវីដ១៩បានឆ្លងចូលសហគមន៍ពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ថ្ងៃទី០៧ខែមេសាឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបាន​សម្រេច​ការហាមឃាត់​ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយ​ទៅខេត្តមួយជាបណ្តោះអាសន្ន សម្រាប់រយៈ ពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត៕

ដោយ៖ ឃុត សៅ