ព្រលានយន្តហោះថ្មីចំនួន៤ ផែទឹកជ្រៅចំនួន១ នឹងជួយសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនបានលឿនជាងមុន

0
1711

(កម្ពុជា)៖ ព្រលានយន្តហោះថ្មីៗចំនួនបួន នៅទីតាំងសំខាន់ៗនៃប្រទេសកម្ពុជា បូករួមទាំងកំពង់ផែទឹកជ្រៅមួយទៀត នឹងជួយឲ្យកម្ពុជារីកចម្រើនបានកាន់តែល្អប្រសើរជាងមុន។

ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ដល់ប្រជាកសិករដែលបានចូលរួមក្នុងកម្មវិធីផ្សារណាត់ខេត្តពោធិសាត់ នារសៀលម្សិលមិញនេះថា សេដ្ឋកិច្ចកម្ពុជានឹងមានភាពរីកចម្រើនឆាប់រហ័សជាងមុន នៅពេលដែលព្រលានយន្តហោះថ្មីចំនួន៤នៅកម្ពុជាដាក់ឲ្យដំណើរការជាផ្លូវការនាពេលខាងមុខ។

ព្រលានយន្តថ្មីៗចំនួនបួននោះរួមមាន ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តសៀមរាប កណ្តាល ព្រះសីហនុ និងព្រលានយន្តហោះថ្មីមួយទៀតនៅក្នុងខេត្តកោះកុង។

ឯកឧត្តមបន្ថែមទៀតថា នាពេលដ៏ខ្លីខាងមុខ ក្នុងគម្រោងរដ្ឋាភិបាលនឹងសាងសង់កំពង់ផែទឹកជ្រៅមួយកន្លែងក្នុងខេត្តព្រះសីហនុ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក ចៀសវាងការរើសទំនិញចុះឡើងច្រើន និងផ្តល់ភាពងាយស្រួលដល់ការទំនាក់ទំនង ដឹកជញ្ជូនតាមផ្លូវទឹកជាមួយនឹងបណ្តាប្រទេសផ្សេងៗដែលជាដៃគូពាណិជ្ជកម្មកម្ពុជា។

គម្រោងថ្មីៗទាំងនេះ ធ្វើឡើងក្នុងន័យជួយដោះស្រាយបញ្ហាធំបំផុតគឺការដឹកជញ្ជូនទំនិញ ពិសេសទំនិញកសិកម្មកម្ពុជា ដូចជាបន្លែផ្លែឈើ និងអង្ករកម្ពុជាជាដើម។

គួរជម្រាបផងដែរថា រដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅធ្វើឲ្យកម្ពុជាទៅជាប្រទេសដែលប្រជាជនមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕