ភ្នំពេញៈ ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ដ១ ផលិតផល១ កម្ពុជាលើកទី១២ ដែលប្រារព្ធឡើងបីថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃ ១៨ ខែធ្នូ ឆ្នាំ២០១៧ ដែលមានការចូលរួមពីសំណាក់អ្នកវិនិយោគនិងភាគីមកពីគ្រប់ទិសទី ត្រូវគេមើលឃើញថាជាពិព័រណ៍ដែលចូលរួមបង្កើនតម្លៃ និងទាញការវិនិយោគផលិតផលខ្មែរឲ្យមានទីផ្សារបន្ថែម ។
ថ្លែងក្នុងពិធីសម្ភោធពិព័រណ៍កាលពីរសៀលថ្ងៃមិញនេះ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ បានជួយបង្កើនផលិតភាព បង្កើនតម្លៃបន្ថែមលើផលិតផល ពង្រឹងគុណភាពផលិតផល និងសេវា បង្កើតការងារថ្មីៗ បង្កើនប្រាក់ចំណូល ជួយទប់ស្កាត់ការធ្វើចំណាកស្រុក និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ពិព័រណ៍នេះ មានការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ពីបណ្ដាប្រទេសក្នុងតំបន់ រួមមាន ប្រទេសថៃ ចិន កូរ៉េខាងត្បូង ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ និងមីយ៉ាន់ម៉ា ព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត អង្គការ សមាគមន៍ ក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេស ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា សរុបចំនួន ១៩៨ក្រុមហ៊ុន ដែលមានស្ដង់សរុបចំនួន ២៨៦ស្ដង់។
គួរកត់សម្គាល់ថា តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និង ការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ធំៗនៅក្រៅប្រទេសដូចជា ពិព័រណ៍ពិភពលោក (ដំណើរការរយៈពេល០៦ខែ) ពិព័រណ៍អន្តរជាតិ (ដំណើរការរយៈពេល០៣ខែ) និងពិព័រណ៍ចិន-អាស៊ានជាដើម ធ្វើឲ្យកម្ពុជាយើងមានកិត្តិយស ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងជាឱកាសដ៏ល្អសម្រាប់កម្ពុជាផ្សព្វផ្សាយអំពីផលិតផលសក្តានុពលរបស់ខ្លួន ស្វែងរកទីផ្សារនាំចេញ ទាក់ទាញវិនិយោគិនបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យជាមួយបណ្តាប្រទេសជាមិត្ត ជាពិសេស បានចូលរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជាកាន់តែច្រើនថែមទៀត។
គួរបញ្ជាក់ថា ពិព័រណ៍ដ៏ធំនេះ មានតាំងបង្ហាញនូវផលិតផល និងសេវាជាច្រើនប្រភេទ ដូចជា ផលិតផលកសិកម្ម និងសិប្បកម្ម, ផលិតផលធ្វើ ពីសូត្រ វត្ថុអនុស្សាវរីយ៍ សម្ភារការិយាល័យ, ក្រណាត់, វាយនភណ្ឌ និងសម្លៀកបំពាក់, ប្រដាប់ ប្រដាប្រើប្រាស់ប្រចាំថ្ងៃ, សម្ភារៈតុបតែងក្នុងគេហដ្ឋាន, គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ, គ្រឿង សម្អាង, គ្រឿងសង្ហារិម, ផលិតផលឱសថ, ផលិតផលបា្លស្ទីក, ម្ហូបអាហារកែច្នៃ, គ្រឿងឧបភោគ-បរិភោគ, ភេសជ្ជៈ, គ្រឿងអេឡិចត្រូនិក, កុំព្យូទ័រ, សម្ភារសំណង់, ផលិតផលសម្រាប់បម្រើសេវា សណ្ឋាគារ, ទេសចរណ៍ អប់រំ និងធនាគារ ជាដើម៕