ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​- ព្រះសីហនុ​នឹង​បើក​ការដ្ឋាន​នៅ​ខែវិច្ឆិកា​ខាងមុខនេះ!

0
1834

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បានកំណត់​ពេលវេលា​ជាក់លាក់​ហើយ ដើម្បី​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ ដោយ​កំណត់​យក​ខែវិច្ឆិកា ចុងឆ្នាំ​នេះ​ជា​ពេល​បើក​ដំណើរការ​សាងសង់​។​

​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ីម សូរិយា បាន​មានប្រសាសន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​១០ កក្កដា​នេះ​ថា ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ឬ​អេ​ច​ប្រេ​ស វេ​(Express Way) ត្រូវបាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​ប្រកាស​កំណត់​កាល​បរិ​ច្ចេ​ទ​ជាក់លាក់ គឺ​យក​ខែវិច្ឆិកា ដើម្បី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​លើក​ទី​១ នៅ​កម្ពុជា​នេះ​។​លោក​បន្តថា កន្លងមក​ខាង​ក្រុមហ៊ុន​ចិន មានការ​បារម្ភ​ពី​ការជាប់គាំង​គំរោង​កណ្តាល​ទី ហេតុនេះ​ទើប​ពួកគេ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​លើ​គំរោង​ផ្លូវ​នេះ​បញ្ចប់​សិន​។​

​ ​លោក​បន្តថា “​ការដោះស្រាយ​ផលប៉ះពាល់​បាននិងកំពុង​ដំណើរកា​រ និង​អាច​បញ្ចប់​នៅពេល​ណាមួយ​ហើយ​បើ​ចប់​មុន​ផែនការ ការសាងសង់​ផ្លូវ​នេះ​នឹងធ្វើ​មុខ​ខែវិច្ឆិកា​”​។​លោក​បន្តថា​“​ផ្លូវ​ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ​នេះ នឹង​ចំណាយ​ថវិកា​ប្រមាណ​១៨០០​លាន​ដុល្លារ​អាមេរិក និង​គ្រោង​ចំណាយពេល​បួន​ឆ្នាំ ដើម្បី​បញ្ចប់​គំរោង​នេះ​”​។​
​ ​លោក​វ៉ា​ស៊ីម សូរិយា​បាន​បន្តថា ផ្លូវ​នេះ​នឹង​សាងសង់​មាន​កំពស់​ខ្ពស់ ប្រៀបដូចជា​ស្ពាន ហើយនឹង​មានការ​សាងសង់​របង​ព័​ទ្ឋ​ជុំវិញ ដើម្បី​កុំ​ឲ្យ​មាន​សត្វ​ឬ​ចំណុច​ឆ្លងកាត់​ច្រើន ព្រោះ​វា​ជា​ផ្លូវ​ល្បឿន​លឿន ព្រោះ​ផ្លូវ​វ​ល្បឿន​លឿន​នេះ​នឹង​មិនមាន​ចំណុច​ឆ្លងកាត់​ច្រើន​នោះទេ​។​​លោក​បន្តថា “​ផ្លូវ​នេះ​នឹង​ជួយ​ជំរុញ​ការដឹកជញ្ជូន​កាន់តែ​លឿន កាត់បន្ថយ​ពេលវេលា កាត់បន្ថយ​ការចំណាយ និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​”​។​

​បណ្ឌិត​ម៉ី កល្យាណ​ប្រធាន​ក្រុមប្រឹក្សា​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍ​បាន​ថ្លែងថា បញ្ហា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជា​រឿង​ប្រឈម​មួយ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។ ប៉ុន្តែ​រាជរដ្ឋាភិបាល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បានរៀបចំ​គោលនយោបាយ និង​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​យ៉ាងច្រើន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​លោក​បន្តថា អ្វីដែល​រដ្ឋាភិបាល​បានធ្វើ គឺ​ស្ថិត​ក្នុងទិសដៅ​ត្រឹមត្រូវ​មួយ​ហើយ ប៉ុន្តែ​លោក​ស្នើសុំ​ឲ្យ​មានការ​ព​ន្លឿ​ន​ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ដើម្បី​កាត់បន្ថយ​តម្លៃ​ដើម​នៃ​ការដឹកជញ្ជូន​។​

​លោក​បន្តថា “​វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ដើម្បី​រុញ​សេដ្ឋកិច្ចកម្ពុជា​ទៅកាន់​ដំណាក់ កាល​ថ្មី​មួយទៀត ព្រោះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​កើនឡើង​និង​ឈានទៅ​កាន់​លំដាប់​ថ្មី កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​បន្ថែមទៀត​”៕