សៀមរាប ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ –ក្រៅពីប្រាសាទបុរាណនៅក្នុងរមណីយដ្ឋានអង្គរ ភ្ញៀវទេសចរជាតិ អន្តរជាតិតែងតែទៅកម្សាន្តនៅតាមសហគមន៍ទេសចរណ៍ផ្សេងៗ ដើម្បីលម្ហែកាយជាមួយធម្មជាតិ ជាមួយគ្នានេះទឹកហូរថ្លាមើលឃើញខ្សាច់ក្រោមម្លប់ឈើដ៏ត្រជាក់ នៅក្នុងផ្ទះស្នាក់បៃតងបាននិងកំពុងតែធ្វើឱ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍ខ្លាំង ជាពិសេសគឺនៅថ្ងៃចុងសប្តាហ៍ដែលជាថ្ងៃសម្រាកពីការងារ។
អ្នកស្រី មុំ សម្ផស្ស ជាភ្ញៀវទេសចរម្នាក់នៅខេត្តសៀមរាបដែលបានទៅកម្សាន្តនៅផ្ទះស្នាក់បៃតងនេះបានឱ្យដឹងកាលពីថ្ងៃអាទិត្យ ៧រោច ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នំា២០១៨ថា នៅពេលដល់ថ្ងៃសម្រាកពីការងារគ្រួសាររបស់អ្នកស្រីតែងតែទៅកម្សាន្តនៅតាមប្រាសាទបុរាណនានានៅក្នុងរមណីយដ្ឋានអង្គរ ប៉ុន្តែសម្រាប់សប្តាហ៍នេះក្រុមគ្រួសាររបស់អ្នកស្រីបានជ្រើសរើសមកសម្រាក់លម្ហែកាយកម្សាន្តនៅផ្ទះស្នាក់បៃតងនេះ ដោយសារនៅទីនេះមានទឹកហូរធ្លាក់មកពីភ្នំគូលែន ដ៏ថ្លាមើលឃើញខ្សាច់ក្រោមម្លប់ឈើដ៏ស្រស់ស្អាត ជាពិសេសទឹកហូរនេះមានជម្រៅរាក់ល្មមអាចឱ្យក្មេងតូចៗលេងបានស្រួលដោយមិនភ័យខ្លាចលង់ឡើយ។
អ្នកស្រីបានបន្តថា នេះជាលើកទី២ហើយដែលអ្នកស្រីបានមកកម្សាន្តនៅទីនេះ កាលលើកទី១ អ្នកស្រីមកតែមួយគ្រួសារទេ តែសម្រាប់លើកទី២នេះបានមកជាមួយបងប្អូនជាច្រើននាក់ធ្វើឱ្យកាន់តែមានភាពសប្បាយបន្ថែមទៀត។
លោក ជុំ តុលា អ្នកគ្រប់គ្រងទូទៅផ្ទះស្នាក់បៃតងនេះបានឱ្យដឹងថា សម្រស់ធម្មជាតិនៅតំបន់នេះ បានធ្វើឱ្យភ្ញៀវទេសចរមកដល់ទីនេះតែងតែមានការពេញចិត្ត និងមានការសប្បាយរីករាយ មានអ្នកខ្លះមកម្តងហើយ បានមកម្តងទៀតដោយសារបានធ្វើឱ្យអារម្មណ៍របស់ពួកគាត់ស្រស់ថ្លាជាមួយការទទួលទានអាហារនៅមាត់ទឹកហូរធ្លាក់មកពីភ្នំគូលែនក្រោមម្លប់ឈើដ៏ត្រជាក់ ដោយមានការចងអង្រឹងអង្គុយលើកទឹក។
លោកបានបញ្ជាក់ថា សម្រាប់ទឹកហូរមកពីភ្នំគូលែននេះ គឺមានការធ្វើអនាម័យជាប្រចាំដើម្បីឱ្យស្អាតជានិច្ច ហើយក្រៅពីធនធានធម្មជាតិដ៏ស្រស់ស្អាតដែលមានស្រាប់ លោកក៏មានគម្រោងច្នៃប្រឌិត និងតុបតែងលម្អកន្លែងនេះឱ្យកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀត ។ ព្រោះថា នៅក្នុងតំបន់ផ្ទះសា្នក់បៃតងនេះមិនត្រឹមតែភ្ញៀវទេសចរមកទទួលទានអាហារហើយត្រឡប់ទៅវិញប៉ុណ្ណោះទេ តែមានភ្ញៀវទេសចរជាក្រុមបានមកស្នាក់នៅ និងមានការបោះតង ផងដែរ។ លោកក៏មានគម្រោងពង្រីកឱ្យមានកន្លែងបន្សុតទឹកបែបធម្មជាតិសម្រាប់ក្មេងលេង និងរៀបចំឱ្យមានវាលខ្សាច់ស សម្រាប់ឱ្យភ្ញៀវទេសចរមកសម្រាកហាលថ្ងៃ ការរៀបចំកន្លែងស្នាក់នៅបែបជនបទ ការជិះរទេះគោ ការស្ទូងស្រូវ ការដុតក្រឡានជាដើម។ កត្តាទាំងនេះគឺជាចំណែកមួយចូលរួមធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះមានការងារធ្វើ និងភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបស្នាក់នៅបានយូរផងដែរ។
លោកបានបន្តថា នៅពេលដែលមានភ្ញៀវទេសចរមកកម្សាន្តនៅផ្ទះបៃតងនេះច្រើន គឺមិនត្រឹមតែបានផ្តល់ប្រាក់ចំណូលដល់ផ្ទះស្នាក់បៃតងនោះទេ ប៉ុន្តែបានផ្តល់ប្រាក់ចំណូលទៅដល់ប្រជាពលរដ្ឋនៅតំបន់នេះផងដែរតាមរយៈការលក់នូវកសិផលធម្មជាតិដែលផលិតដោយប្រជាពលរដ្ឋនៅតំបន់នេះផ្ទាល់ទៅឱ្យភ្ញៀវទេសចរ និងការផ្តល់សេវាកម្មទេសចរណ៍ផ្សេងៗ ដូចជាការជិះរទេះគោ និងពេលឆាប់ៗខាងមុខនេះមានការជិះស៊ីក្លូដឹកភ្ញៀវទេសចរកម្សាន្តក្នុងភូមិ ដើម្បីឱ្យភ្ញៀវទេសចរបរទេសគេបានឈ្វេងយល់ពីទំនៀមទម្លាប់ការរស់របស់ប្រជាជនខ្មែរនៅតំបន់នេះ។ ក្នុងពេលឆាប់ៗនេះក៏មានការរៀបចំឱ្យភ្ញៀវទេសចរដែលបានមកស្នាក់នៅទីនេះពេលព្រឹករាប់បាតព្រះសង្ឃ ដើម្បីបង្ហាញពីការគោរពសាសនា និងវប្បធម៌ខ្មែរឱ្យភ្ញៀវទេសចរបានឃើញដោយផ្ទាល់ផងដែរ។
សូមបញ្ជាក់ថា ផ្ទះស្នាក់បៃតងស្ថិតនៅក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយពីក្រុងសៀមរាបប្រមាណជាង ៣៦គីឡូម៉ែត្រ ដោយធ្វើដំណើរពីទីរួមខេត្តតែជាង ២០នាទីប៉ុណ្ណោះ និងទៅដល់កន្លែងដ៏ស្រស់ស្អាតនេះហើយ៕