ផែនការអភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង នៅខេត្តព្រះសីហនុ កំពុងសិក្សាយ៉ាងយកចិត្ដទុកដាក់

0
1860

ព្រះសីហនុ៖ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះសីហនុ រយៈពេលវែង ត្រូវបានក្រសួងទេសចរណ៍ រួមជាមួយតំណាងក្រសួង ស្ថាប័ន មន្ទីរ និងដៃគូពាក់ព័ន្ធប្រមាណ ២០០នាក់ បើកសិក្ខាសាលាពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់។

សិក្ខាសាលានេះ ធ្វើឡើងនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ រៀបចំឡើងដោយនាយកដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍ ក្រោមអធិបតីភាពលោក សុខ សុគុណ អគ្គនាយករងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ និងលោកស្រី ហៀក ហ៊ីម៉ូលី អភិបាលរងខេត្តព្រះសីហនុ។

ក្នុងពិធីបើកសិក្ខាសាលាខាងលើ លោក សុខ សុគុណ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់នូវច្បាប់ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការណ៍ទេសចរណ៍ និងវិធានការណ៍នានា ក្នុងការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ក្នុងនោះ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ បានផ្តោតយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ ប្រកបដោយបរិយាប័ន្ន ក្នុងក្របខណ្ឌសេដ្ឋកិច្ចសង្គមទាំងមូល ក្នុងទិសដៅជំរុញអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ប្រកបដោយបរិយាប័ន្ន ពិសេសការជំរុញប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់រដ្ឋបាល និងសេដ្ឋកិច្ចពិសេស ពហុបំណងស្របតាមស្តង់ដាទាំងបួន រួមមានវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។

លោក សុខ សុគុណ បានបន្តថា ផ្អែកតាមនិន្នាការទេសចរណ៍ពិភពលោក និងទេសចរណ៍ក្នុងខេត្តសីហនុបច្ចុប្បន្ន ទាមទារឲ្យមានការរៀបចំកែលម្អផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ២០០៦-២០០៥ ទៅជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង ដោយកំណត់ពេលច្បាស់លាស់ និងទាមទារឲ្យមានការកំណត់ចក្ខុវិស័យ និងសូចនាករច្បាស់លាស់ សម្រាប់ការវាស់វែងអភិវឌ្ឍន៍ខេត្តសីហនុប្រកបដោយប្រសិទ្ធភាព តម្រូវឲ្យមានការចូលរួមផ្តល់យោបល់ជាធាតុចូលពីអង្គភាពពាក់ព័ន្ធ និងផ្នែកឯកជន និងអង្គការដៃគូដទៃទៀត ដើម្បីជំរុញ និងប្រែក្លាយផែនការដែលទើបកែសម្រួលនេះជាផែនទីបង្ហាញផ្លូវប្រកបដោយសក្តិសិទ្ធិភាព ថិរភាព បរិយាប័ន្ន និងការទទួលខុសត្រូវ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕