ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោក ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាព្រះអាទិត្យរះ

0
106
ប្រាសាទអង្គរវត្ត របស់ព្រះរាជាណាចក្រកម្ពុជាយើង បានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ នេះបើយោងតាមការសិក្សាថ្មីមួយ ដោយគេហទំព័រដ៏ល្បីរបស់ប្រទេសអង់គ្លេស Mornings.co.uk
យោងការសិក្សារបស់ Mornings.co.uk ត្រូវបានបន្តចុះផ្សាយដោយសារព័ត៌មានល្បីៗជាច្រើនទៀត ដែលផ្តោតលើទីតាំងកម្សាន្ត ដោយផ្តល់ចំណាត់ថ្នាក់លេខ១ បានទៅលើ ប្រាសាទអង្គរវត្ត (Angkor Wat) ហើយចំណាត់ថ្នាក់លេខ២ បានទៅលើ Haleakala Crater របស់សហរដ្ឋអាមេរិក និងចំណាត់ថ្នាក់លេខ៣ បានទៅលើ Taj Mahal របស់ប្រទេសឥណ្ឌា។
ចំណែកចំណាត់ថ្នាក់លេខ៤ បានទៅលើ Borobudur Temple របស់ប្រទេសឥណ្ឌូនេស៉ី និងចំណាត់ថ្នាក់លេខ៥ បានទៅលើ Uluru របស់ប្រទេសអូស្ត្រាលី ហើយចំណាត់ថ្នាក់លេខ៦ បានទៅលើ Saragng Kot របស់ប្រទេសនេប៉ាល់។ ដោយឡែក លេខ៧ បានទៅលើ Bagan Temples របស់សហភាពមីយ៉ាន់ម៉ា និងលេខ៨ បានទៅលើ Adam’s Peak (Sri pada) របស់ប្រទេសស្រីលង្កា ខណៈលេខ៩ បានទៅលើ Charles Bridge របស់ប្រទេសឆេក និងលេខ១០ បានទៅលើ Machu Picchu របស់ប្រទេសប៉េរូ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត ក្នុងឆ្នាំ២០២២នេះ នឹងអាចកើតមាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ ហើយទិដ្ឋភាពនេះ នឹងកើតឡើងនៅវេលាប្រហែលជាចាប់ពីម៉ោង៦:៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ។
ជាមួយគ្នានេះព្រឹត្តិការណ៍ដ៏ពិសេសនេះ ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។
រូបថត៖ ឃុត សៅ
អត្ថបទ៖ ផែន រតនៈ