ប្រាសាទភ្នំក្រោមមានចម្ងាយប្រមាណ ១២ គ.ម ខាងត្បូងក្រុងសៀមរាបតាមផ្លូវឆ្ពោះទៅកាន់បឹងទន្លេសាប។ ប្រាសាទនេះសង់នៅលើកំពូលកូនភ្នំធម្មជាតិមួយដែលមានកម្ពស់ប្រមាណ ១៤០ម៉ែត។
សំណង់ប្រាសាទភ្នំក្រោមធ្វើឡើងដោយឈួសថ្មភ្នំធ្វើជាគ្រឹះថ្នាក់ៗមានផ្ទៃរាបស្មើរួចទើបពាសថ្មភក់ និងថ្មបាយក្រៀមពីលើ។ ប្រាសាទនេះមានតួប៉ម៣សង់តំរៀបជួរគ្នាជើង-ត្បូងលើខឿនតែមួយ។ តួប៉មនីមួយៗមានទ្វារបើកចំហលិច-កើត។ នៅពីមុខតួប៉មទាំង៣ មានកូនអាគារចំនួន៤ មាន២សង់ពីថ្មភក់ និង២ទៀតសង់ពីរថ្មបាយក្រៀម។ ក្រៅពីនេះនៅមានដានសំណង់ជាបន្ទប់វែងៗនៅព័ទ្ធជុំវិញសំណង់ទាំងឡាយនេះ។ នៅខាងក្រៅជាកំពែងថ្មបាយក្រៀមរាង៤ជ្រុងទ្រវែងនិងមានខ្លោងទ្វារចេញចូលនៅទិសទាំង៤។ ផ្លូវឡើងទៅកាន់កំពូលភ្នំពីទំនងជានៅទិសខាងជើង ដែលបច្ចុប្បន្នយើងអាចនៅមើលឃើញស្លាកស្នាមជណ្តើរបុរាណពីថ្មភក់ និងថ្មបាយក្រៀមនៅឡើយ។
ដោយសារតែប្រាសាទភ្នំក្រោមមានទីតាំងនៅជិតមាត់ទន្លេសាបហើយទទួលរងនូវសំណើមខ្លាំងទើបធ្វើឱ្យក្បាច់ចម្លាក់ស្ទើរតែខូចខាតទាំងស្រុង។
គេពុំបានរកឃើញសិលាចារឹកដែលនិយាយពីកាលបរិច្ឆេទកសាងប្រាសាទភ្នំក្រោមទេ ប៉ុន្តែតាមរយៈការសិក្សាលើការតុបតែងលម្អស្ថាបត្យកម្ម និងវត្ថុតាងដែលនៅសេសសល់គេអាចចាត់វាចូលក្នុងប្រភេទសិល្បះភ្នំបាខែងដែលសង់ឡើងនៅក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០)។ អ្នកសិក្សាយល់ថាប្រាសាទភ្នំបូក, ភ្នំបូក និងភ្នំបាខែងជានិមិត្តរូបនៃលទ្ធិ “ត្រីមូទ៌ិ” ក្នុងព្រហ្មញ្ញសាសនា។
នៅខាងកើតបរិវេណប្រាសាទមានសំណង់វត្តសម័យថ្មី និងអាគារមួយចំនួន។ នៅផ្នែកខាងលិចមានសំណល់គ្រឹះ និងសសរអាគារចំណាស់មួយចំនួនដែលទំនងជាទីតាំងនៃវត្តចាស់ដែលត្រូវបានបំផ្លាញទាំងស្រុងនៅក្នុងរបបប៉ុលពត។ ក្រៅពីនេះនៅមានរុក្ខជាតិស្រស់បំព្រងដែលផ្តល់ម្លប់ដល់អ្នកទស្សនាទៀតផង។
ពីលើកំពូលភ្នំគេអាចស្រូបយកខ្យល់អាកាសបរិសុទ្ធបក់ពីទន្លេ ព្រមទាំងអាចគយគន់ទិដ្ឋភាពភូមិដ្ឋាននៅជើងភ្នំ តេសភាពវាលស្រែល្វឹងល្វើយ បឹងទន្លេសាប ភូមិអណ្តែតទឹកលើផ្ទៃបឹង សត្វស្លាបទឹក ទិដ្ឋភាពក្រុងសៀមរាប ភ្នំបាខែង ភ្នំបូក ព្រមទាំងភ្នំគូលែនទៀតផង៕