ប្រាសាទប្រែរូប ជាស្ថាបត្យកម្ម របស់ព្រះបាទរាជេន្ទ្រវរ្ម័ន នៅក្នុងសតវត្សទី១០ឆ្នាំ៩៦១ សម្រាប់ បូជាថ្វាយដល់ ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា ជាប្រភេទប្រាសាទភ្នំ កសាង ពីថ្មបាយក្រៀម និងឥដ្ឋ ។
ប្រាសាទប្រែរូបឋិតនៅចម្ងាយ ប្រមាណ២ គីឡូម៉ែត ទិសឥសាន នៃស្រះស្រង់ និង ចម្ងាយ ប្រាំរយម៉ែតខាងត្បូង បារាយណ៍ខាងកើត មានពណ៌យ៉ាងស្រស់ស្អាត នៅពេល ដែលមានពន្លឺថ្ងៃចាំងមក, ជាពិសេសពេលព្រឹក និងពេលថ្ងៃរសៀល, ដែលបានធ្វើឱ្យថ្មប្រាសាទ ប្រែពណ៌ ទៅជាក្រហម។ ប្រាសាទនេះមានរាង ៤ជ្រុងស្មើគ្នា ព័ទ្ធជុំវិញដោយកំពែង២ជាន់ មានផ្លូវចូលនៅភាគខាងកើត កសាងឡើងពីឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះ មានការកសាងផ្លូវថ្មី កាត់ផ្លូវដែលមាន ស្រាប់។
នៅតាមច្រកចូលខាងកើត មានតួប៉ម៣ តម្រៀបគ្នា ពីជើងទៅត្បូង។ តួប៉ម មួយក្នុងចំណោមទាំងបីនោះ មានសភាពហាក់ដូចជាពុំទាន់បានសាងសង់រួច ឬមានការរុះរើឡើងវិញនៅជំនាន់ក្រោយៗមក។ នៅមានបណ្ណាល័យ ឈរអមសងខាងច្រកចូល ហើយមានជណ្ដើរឡើងទៅកាន់ តួប៉មកណ្ដាល ប្រាសាទដែលមាន្តោថ្មអង្គុយយាមសងខាង។
នៅផ្នែកខាងលើមានតួប៉មចំនួនប្រាំ ដែលមាន ៤នៅជ្រុងនីមួយៗ និងមួយទៀត នៅផ្នែកកណ្ដាល ។ មានរូបទេវា ឈរចាំយាមនៅតាមច្រកទ្វារបញ្ឆោតទាំង៣ នៃតួប៉មកណ្ដាល ហើយមានឆ្លាក់ជារូបព្រះឥន្ទទ្រង់ គង់នៅលើជំនិះរបស់ទ្រង់គឺសត្វដំរី។
ប្រាសាទនេះ មានគំរូប្លង់យ៉ាងល្អ ដែលមានរចនាបថស្រដៀងគ្នាទៅនឹងប្រាសាទ មេបុណ្យខាងកើត តំណាងឱ្យភ្នំ ព្រះសុមេរុ ដែលប្រជាពលរដ្ឋខ្មែរ គិតថាជាទីសម្រាប់បូជាសព របស់ ព្រះមហាក្សត្រ ដោយសំអាងទៅលើទីតាំងដែលមានរាង៤ ជ្រុងទ្រវែង នៅទល់មុខ នឹងជណ្ដើរ ឡើង ទៅ កំពូល ទាំងប្រាំ។
ទីនោះ គេគិតថា ជាបាឆា និង នៅភាគឥសាន មានតួប៉មតូចមួយ ដែលសម្គាល់ថា ជាកន្លែងសម្រាប់លាងធាតុ។ តាមពិតទៅ ទីតាំងដែលមានរាង៤ជ្រុងទ្រវែងនោះ គឺជាកន្លែងសម្រាប់តម្កល់ រូបព្រះគោ បែរមុខទៅរកប្រាសាទ ដែលបច្ចុប្បន្ននេះ ត្រូវបាត់បង់ទៅហើយ។ រីឯតួប៉មភាគឥសាន នោះគឺជាទីតម្កល់នូវសិលាចារិក ។
សូមបញ្ជាក់ថា ប្រាសាទប្រែរូបនេះ មានរូបរាង ប្រហាក់ប្រហែលទៅនឹង ប្រាសាទមេបុណ្យខាងកើត ដែលជាស្នាដៃរបស់ទ្រង់ដូចគ្នា ។ ការកសាងប្រាសាទប្រែរូប ដែលមានកំពូល៥ ស្ទើរដូចគ្នា បេះបិទទៅនឹង ប្រាសាទនៅកណ្តាល បារាយណ៍ខាងកើតនេះ មានមតិខ្លះយល់ថា ដោយសារប្រាសាទ មេបុណ្យខាងកើត មានការពិបាកទៅ ក្នុងការចូលរួមពិធីផ្សេងៗ ទើបគេសាងសង់ប្រាសាទដូចគ្នានេះ នៅដីគោកវិញម្តង។
ឯកសាររបស់អ្នកស្រីត្រឹងា បានឱ្យដឹងថា នៅប្រាង្គកណ្តាលរបស់ប្រាសាទ ប្រែរូបមានតម្កល់ លិង្គរាជេន្ទ្រភទ្រេស្វរ ដែលជាលិង្គគោរពតគ្នាមកតាំងពីសម័យចេនឡាមកម្ល៉េះ។ នៅប្រាង្គទិសឥសាន មានតម្កល់លិង្គ រាជេន្ទ្រវម៌េស្វរ ជាលិង្គរបស់អាទិទេព និងប្រាង្គ ដទៃទៀតគឺសម្រាប់ឧទ្ទិសថ្វាយ ចំពោះព្រះញាតិ វង្សរបស់ទ្រង់៕