កោះកុង ៖ ក្រុមនេសាទសមុទ្រជាលក្ខណៈគ្រួសារនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង លើកឡើងថា ពួកគាត់មិនហ៊ានចេញទូកទៅនេសាទ ត្រី ក្តាម មឹក និងបង្គារ ដូចសព្វដងឡើយ ខណៈកំពុងរងឥទ្ធិពលព្យុះភ្លៀងជាបន្តបន្ទាប់។ ការប្រែប្រួលអាកាសធាតុនេះ ក៏ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយម ប្រកាស ព័ត៌មានហាមប្រាមមិនឲ្យពលរដ្ឋនេសាទទេ ជៀសវាងជួបគ្រោះថ្នាក់ជាយថាហេតុណាមួយ។
ជាង១សប្តាហ៍មកនេះ ឥទ្ធិពលខ្យល់ព្យុះ និងភ្លៀងខ្លាំង នៅតែបន្តបោកបក់ និងបង្កការរំខានដល់ប្រកបអាជីវកម្ម រកស៊ី បម្រើការងារ ពិសេសប្រជានេសាទសមុទ្រខ្នាតតូចនៅក្នុងខេត្តកោះកុងតែម្តង ភាគច្រើនពួកគាត់ពុំហ៊ានចរាចរណ៍ទូកទៅប្រមូលផល ទោះបីដឹងថា ពួកគាត់ត្អូញត្អែរពីការបាត់បង់ប្រាក់ចំណូលដែលបានមកពីការផលនេសាទក៏ដោយ។
លោក ចម្រើន លាភ និងយុវជន ខុន រឿន ជាក្រុមប្រជានេសាទ នៅក្នុងក្រុងខេមភូមិន្ទ បានឲ្យដឹងនៅថ្ងៃទី១២ កក្កដា នេះថា ពួកគាត់សម្រេចិត្តឈប់សម្រាក៦ថ្ងៃមកហើយ មិនចូលទូកទៅនេសាទរក ក្តាម មឹក បង្គា និងត្រី ទេ ដោយសារតែអាកាសធាតុខ្យល់ព្យុះ និងភ្លៀងខ្លាំងនារដូវវស្សា។ ពោលគឺពួកគាត់តែងស្តាប់សេចក្តីព័ត៌មានពីការពន្យាករណ៍អាកាសធាតុប្រចាំថ្ងៃមិនដែលខាន នៅព្យុះភ្លៀងអន់ថយ ទើបចេញនេសាទបន្ត។ ដោយឡែក ទូកនេសាទធំៗ គេហ៊ានប្រថុយប្រថានចេញទៅនេសាទនៅឯសមុទ្រ។
ខេត្តកោះកុងមួយ ក្នុងចំណោមខេត្តចំនួន៣ផ្សេងទៀតដែលនៅជាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។ ក្រៅពីបង្កឱ្យរំខានដល់មុខរបររកស៊ី និងការនេសាទ ឥទ្ធិពលព្យុះភ្លៀងមិនបណ្តាលឱ្យមានមនុស្សស្លាប់ ឬមានទឹកជំនន់ឡើយ ត្បតិមានពពកខ្មៅអួរអាប់លាយឡំនឹងភ្លៀងធ្លាក់ស្ទើរតែមិនដាច់គ្រប់ក្នុងបរិមាណពីតិចទៅច្រើនក្នុងរដូវវស្សា។
ការទទួលរងសម្ពាធឥទ្ធិពលព្យុះភ្លៀងនេះដែរ ត្រូវបានលោក សាញ់ មុន្នីរ័ត្ន ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តកោះកុង ក៏បានបញ្ជាក់ថា លោកតែងតាមដានព្យាករណ៍ះអាកាសធាតុ និងប្រកាសជូនដំណឹងដល់អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពិសេសប្រជានេសាទទាំងអស់ឲ្យដឹងអំពីការបម្រែបម្រួលអាកាសធាតុ។
បន្ថែមលើការជូនដំណឹង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ក៏បានហាមប្រាមដល់អ្នកធ្វើដំណើរតាមឆ្នេរសមុទ្រ និងប្រជានេសាទមិនឲ្យចេញនេសាទជាដាច់ខាត ដើម្បីទប់ស្កាត់នឹងគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង គ្រាចេញដើរកម្សាន្ត និងទៅនេសាទ។ ទោះបីមានការព្យាករណ៍អាកាសធាតុក្តី ក៏បញ្ហាអាកាសនានៅកោះកុង នារដូវវស្សាបានប្រែប្រួលលឿនឆាប់រហ័សណាស់ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា។
បើតាមសេចក្តីជូនដំណឹងចេញផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែកក្កដា នេះ បង្ហាញថា កម្ពុជានឹងបន្តទទួលរងឥទ្ធិពលបាតភូតធម្មជាតិ គឺខ្យល់មូសុងនិរតី និងជ្រងសម្ពាធទាបបោកមកលើតំបន់មាត់សមុទ្របង្កឲ្យមានភ្លៀងខ្យល់បក់ខ្លាំងរាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខណ្ឌស្ទើរតែទូទាំងប្រទេសចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ខាងមុខ៕