ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបកំពុងប្រមូលផលផ្លែរំដួលពីព្រៃមកលក់

0
235

សៀមរាប៖ លោក ឌឿម ឌន់ ប្រធានសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ថា នៅពេលដែលយើងថែរក្សាព្រៃឈើបានគង់វង្ស វានឹងផ្តល់ប្រយោជន៍ជាច្រើនមកដល់យើងវិញ។

លោក ឌឿម ឌន់ មានប្រសាសន៍ថា ជាក់ស្តែងនៅក្នុងសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍នេះ គឺប្រជាពលរដ្ឋអាចទទួលបានផលពីព្រៃឈើបានជាបន្តបន្ទាប់ទៅតាមរដូវកាល ដោយពុំចាំបាច់កាប់ដើមរបស់វា ដូចជា រដូវផ្លែគុយ សេមាន់ ផ្លែរំដួល និងផ្លែឈើព្រៃផ្សេងៗជាច្រើនទៀត។

លោកបានបន្តថា «រំដួល» ចាប់ផ្ដើមផ្កាពីខែធ្នូ ដល់ខែមេសា ជារៀងរាល់ឆ្នាំ និងទុំចាប់ពីខែឧសភា ដល់កក្កដា ហើយពេលនេះប្រជាពលរដ្ឋកំពុងតែប្រមូលផលផ្លៃឈើនេះ។ ផ្លែរំដួលទុំមានពណ៌ក្រហមក្រមៅ មានរសជាតិជូរអែម និងផ្អែម អាចយកមកបរិភោគបាន។ «រំដួល» ត្រូវបានកំណត់ជាផ្កាតំណាងជាតិចាប់តាំងពីឆ្នាំ២០០៥។ សម្បករំដួលអាចច្នៃធ្វើជាឱសថ ផ្កាវាអាចយកទៅលម្អកាយផ្សំធ្វើជាក្រមួន និងទឹកអប់។ ដើមរំដួលបែកមែកសាខា កម្ពស់ពី ៣ម៉ែត្រ ទៅ ១៥ម៉ែត្រ។

បច្ចុប្បន្ននេះ ភ្ញៀវទេសចរដែលធ្វើដំណើរទៅកម្សាន្ត នៅតាមរមណីយដ្ឋាននានានៅក្នុងខេត្តសៀមរាប នឹងបានឃើញប្រជាប្រពលរដ្ឋលក់ផ្លែរំដួលនេះ នៅតាមដងផ្លូវ ដោយចងជាចង្កោមៗ។

ប្រជាពលរដ្ឋម្នាក់ដែលកំពុងអង្គុយលក់ផ្លែរំដូល នៅតាមបណ្តោយផ្លូវទៅកាន់រមណីយដ្ឋានត្រាវកុដ្ឋ បានឱ្យដឹងថា ផ្លែរំដួលទាំងនេះពួកគាត់បានទៅបេះពីព្រៃនៅជុំវិញភូមិ និងមួយចំនួនបានទៅបេះពីព្រៃភ្នំគូលែន ហើយគាត់បានចងជាចង្កោមៗដាក់លក់ ក្នុងមួយចង្កោម២.០០០រៀល ហើយក្នុង១ថ្ងៃៗគាត់រកចំណូលបានគួរសមដែរ៕

ដោយ ឃុត សៅ, សម្រួលផ្សាយ៖ កន ចំណាន