ថៃបង្កើនការនាំចូលផលិតផលមកកម្ពុជា ខណៈតម្រូវការកើនឡើងជាង២០%

0
1711

តំណាងពាណិជ្ជកម្មថៃ បាននិងកំពុងបង្កើនការនាំចូលផលិតផលមកកាន់កម្ពុជា បន្ថែមទៀត ខណៈដែលតម្រូវការប្រើប្រាស់បានកើនឡើងជាង២០% នៅដើមឆ្នំា២០១៨នេះ។ នេះបើតាម ការឱ្យដឹងរបស់ លោកស្រី ជីរ៉ាន់ វង្សមង្គល តំណាងពាណិជ្ជកម្មថៃប្រចំាខេត្តសៀមរាប។

តាមទិន្នន័យនៃការនាំចេញទំនិញពីប្រទេសថៃមកកម្ពុជា ក្នុងរយៈពេល៤ខែ ដើមឆ្នំា២០១៨នេះ បង្ហាញថា ថៃបាននាំចេញផលិតផលមកកម្ពុជាគិតជាទឹកប្រាក់មានចំនួនជាង ២ពាន់លានដុល្លារ(២១៣៣ដុល្លារ) កើនឡើងជាង ២៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នំា២០១៧។

ឯកឧត្ដម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា នៅប៉ុន្មានឆ្នំាចុងក្រោយនេះ ប្រជាជនកម្ពុជាក៏មានការគំាទ្រផលិតផលខ្មែរច្រើនដែរ ដោយមានក្រសួងពាណិជ្ជកម្មជាសេនាធិការរួម និងក្រសួងពាក់ព័ន្ធមួយចំនួន របស់រាជរដ្ឋាភិបាល បានធ្វើកិច្ចការជាច្រើនដើម្បីបំផុសឱ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលក្នុងស្រុក។

ឯកឧត្តមបន្ថែមថា យុទ្ធសាស្ត្ររបស់កម្ពុជា គឺខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ស្រឡាញ់នូវផលិតក្នុងស្រុក។ ជាក់ស្តែង ចាប់ពីដើមឆ្នំា២០១៦មក ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធនាការទិញ ផលិតផលខ្មែរ ហើយក្រសួងក៏បានរៀបចំតំាងពិព័រណ៍ ដោយបានប្រមូល ផលិតផលក្នុងស្រុក នៅតាមបណ្តាខេត្ត និងរាជធានីក្នុងមួយឆ្នំា៤ ទៅ៥ដង ថែមទៀត។

ឯកឧត្តមបញ្ជាក់ថា ប្រជាពលរដ្ឋអាចទៅមើល ឬជាវទំនិញទំាងនោះយកមកប្រើប្រាស់ ហើយក្រសួងបានរៀបចំសិក្ខាសាលាបង្ហាញដល់ សិស្ស និស្សិតពីរបៀបប្រើប្រាស់ និងណែនាំដល់អ្នកផលិត គឺធ្វើយ៉ាងណាឱ្យផលិតផលមានគុណភាព សុវត្ថិភាព តម្លៃសមរម្យ ដើម្បីអាចប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេសបាន៕