ត្រឹម៥ខែដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរបទេសចំនួន១,២០៦,១៨៨នាក់បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាប។ចំនួននេះគឺបានកើនឡើង១៣.៤២% បើប្រៀបធៀបនឹងឆ្នាំ២០១៧កន្លងទៅ។ ចំណែកចំណូលដែលទទួលបានពីការលក់ប័ណ្ណទាំងនេះ មានចំនួនដល់ទៅ ៥៤,៩៩៣,៣៩១ដុល្លារអាមេរិក បានកើនឡើង ១៩.៧៨% បើប្រៀបធៀបនឹងឆ្នាំទៅ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរដែលចេញផ្សាយនៅថ្ងៃសុក្រនេះ។
របាយការណ៍ដដែលក៏បានបង្ហាញឲ្យដឹងទៀតថា នៅក្នុងមួយខែឧសភាកន្លងទៅនេះ ភ្ញៀវទេសចរបរទេសចំនួន១៥៥,១៩៦នាក់បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ គឺបានកើនឡើង ៥.៥៧%។ រីឯចំណូលដែលទទួលបានវិញគឺ៦,៧៣៨,០៧២ដុល្លារអាមេរិក បានកើនឡើង ១.១៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ។
គួរបញ្ជាក់ឲ្យដឹងថា ចំណូលដែលទទួលបានពីភ្ញៀវទេសចរបរទេសទាំងនេះ ត្រូវបានគ្រឹះស្ថានអង្គររំលែកមួយចំនួនយកទៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។ ជាក់ស្តែងចំណូលដែលទទួលបានក្នុងខែឧសភា ត្រូវបានគ្រឹះស្ថានអង្គរដកចំនួន៣១០,៣៩២ដុល្លារ បង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា។ ដោយឡែកសម្រាប់ចំណូលដែលទទួលបានក្នុងរយៈពេល៥ខែវិញ ត្រូវបានដកបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផាចំនួន២,៤១២,៣៧៦ដុល្លារអាមេរិក៕