ត្រីមាសទី១ កម្ពុជាបាននាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​បានជាង ៩៩លានដុល្លារអាម៉េរិក

0
75

របាយការណ៍របស់អគ្គនាយកដ្ឋានចម្ការកៅស៊ូ ចេញផ្សាយនៅថ្ងៃ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ​ ទី១៨ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៩៩ ១៤៦ ៩៧០ដុល្លារអាម៉េរិក ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៩៨ ៥៦០ ២៧០ដុល្លារអាម៉េរិកនិង​ចំណូល​ពីការនាំចេញឈើកៅស៊ូ ចំនួន ៥៨៦ ៧០០ដុល្លារអាម៉េរិក។

ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះកម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ៦១ ៨៣៩តោន កើនឡើងចំនួន ៧៨៣តោន ស្មើនឹង១ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ៨៣៦ម៉ែត្រគុប កើនឡើង ៣,៤៧ភាគរយ។ សម្រាប់តម្លៃលក់ជ័រកៅស៊ូជាមធ្យម ​គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ថ្លៃ ១ ៥៩៤ដុល្លារអម៉េរិក ​ក្នុងមួយតោន បាន​ថយចុះចំនួន ៤២ដុល្លារអាម៉េរិក ក្នុងមួយតោន ​ស្មើនឹង ០,៣ភាគរយ ធៀប​នឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ​ផ្ទៃដីដាំកៅស៊ូ សរុបមានចំនួន ​៤០៤ ០៤៤ហិកតា ​ក្នុងនោះ ផ្ទៃដីចៀរជ័រ​មានចំនួន ៣១០ ១៩៣ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំមានចំនួន ​៩៣ ៨៥១ហិកតា ស្មើនឹង២៣ភាគរយ។ កាលពីឆ្នាំ២០២១ កម្ពុជា​រក​ចំណូល​បានជាង ៦១១ លានដុល្លារអាម៉េរិក ​ពីការនាំចេញជ័រកៅស៊ូ និង​ឈើកៅស៊ូ ។ ក្នុងនោះ​នាំចេញជ័រកៅស៊ូ​ ចំនួន ៣៦៦ ៣០០តោន និង​នាំចេញឈើកៅស៊ូចំនួន ៤៥៤ម៉ែត្រគុប ៕ AKP

ដោយ ណយ នឿន (ប្រភពៈអគ្គនាយកដ្ឋានចម្ការកៅស៊ូ)