ត្រីបាឃឿ បង្ហាញវត្តមានជាលើកដំបូងនៅកម្ពុជាដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត

0
197
ត្រីបាឃឿ ដែលប្រជាជនខ្មែរភាគច្រើនស្ទើរតែពុំស្គាល់នោះ បានបង្ហាញវត្តមានជាលើកដំបូងបំផុត នៅតាមដងទន្លេសាប ចំណុចគន្លងដាយ លេខ៣ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ នេះបើតាមលោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ និងស្រាវជ្រាវវិទ្យាសាស្ត្រជលផល នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌កាលពីពេលថ្មីៗនេះ។
លោក ថាច់ ផាណារ៉ា បានឱ្យដឹងថា ៖ “ខ្ញុំសូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០០៦ ដែលខ្ញុំបានចាប់ផ្តើមសិក្សាស្រាវជ្រាវអំពីត្រីទឹកសាបនៅព្រះរាជាណាចក្រកម្ពុជាយើងនេះ ទាំងនៅទន្លេសាប និងទន្លេមេគង្គនោះ គឺពុំដែលប្រទះត្រីប្រភេទនេះទេ ប៉ុន្តែខ្ញុំដឹងថា ត្រីប្រភេទនេះវាមានវត្តមាន នៅតាមដីសណ្តទន្លេមេគង្គក្រោម នៃប្រទេសវៀតណាម ដែលមានឈ្មោះថា កាកែវ”។
សូមបញ្ជាក់ជូនផងដែរថា នៅក្នុងសៀវភៅស្តីពីត្រីទឹកសាប នៅព្រះរាជាណាចក្រកម្ពុជា ក៏ពុំមានកត់ត្រាត្រីប្រភេទនេះដែរ ដូច្នេះហើយត្រីប្រភេទនេះ ក៏ពុំត្រូវបានការពារដោយច្បាប់ជលផលនោះទេ ហើយពាក់ព័ន្ធនឹងលក្ខណៈជីវសាស្រ្ត និងជីវចម្រុះ របស់ត្រីបាឃឿ គឺមានអ្នកដែលបានដឹងតិចតួចប៉ុណ្ណោះ។
លោក ថាច់ ផាណារ៉ា បានបន្ថែមថា ត្រីបាឃឿ ចូលចិត្តរស់នៅតំបន់ទឹកភ្លាវ ឆ្នេរមានខ្សាច់ និងនៅតាមព្រែកជាប់សមុទ្រ ហើយពុំដែលបង្ហាញវត្តមាននៅតាមដងទន្លេមេគង្គកម្ពុជានោះទេ។ ពាក់ព័ន្ធនឹងលក្ខណៈជីវសាស្ត្រវិញ លោកបានបញ្ជាក់ថា ត្រីបាឃឿ មានទំហំជាមធ្យមប៉ុន មេដៃ រាងស្រឡូន និងមានប្រវែងប្រមាណ ២០ ទៅ ២២ សង់ទីម៉ែត្រ មានក្បាលខ្លីទំហំប៉ុនដងខ្លួន ព្រុយខ្នងនៃដងខ្លួនដាច់ពីគ្នា ខាងមុខមាន ៥ និងខាងក្រោយមាន ៣៤ ទៅ ៣៦ ដោយឡែកព្រុយកន្ទុយវិញ មានប្រមាណ ៣០ និងមានរាងស្រួច។ ត្រីបាឃឿមានស្នាមអុជខ្មៅបញ្ឆិតតាមដងខ្លួន មានព្រុយច្រមុះមួយគូ មានភ្នែកនៅប៉ែកខាងលើនៃក្បាល និងមានរង្វះមាត់ដូចកង្កែប។
លោក ថាច់ ផាណារ៉ា បានសន្និដ្ឋានចំនួន ០២ចំនុច ពាក់ព័ន្ធនឹងការបម្លាស់ទីរបស់ត្រីប្រភេទនេះ រហូតដល់ជាង១០០គីឡូម៉ែត្រ ពីទន្លេមេគង្គនៃប្រទេសវៀតណាម មកដល់ដងទន្លេសាបនៃប្រទេសកម្ពុជា ដោយមូលហេតុទី១ គឺដោយសាររបបទឹកទន្លេមេគង្គ និងការជោរនាចនៃទឹកសមុទ្រ ដែលបានជួបប្រសព្វគ្នា ទី២ គឺដោយសារទឹកទន្លេមេគង្គនៅឆ្នាំនេះឡើងយឺត ដែលបណ្តាលឱ្យទឹកភ្លាវហូរចូលយឺត។
ត្រីបាឃឿ ត្រូវបានគេនិយមយកទៅធ្វើជាម្ហូបចំនួន០៤មុខប៉ុណ្ណោះ គឺខរត្រី ប្រឡាក់ងៀត ស៊ុប និងម្ជូរត្រី ហើយតម្លៃវិញក៏ថ្លៃគួរសមដែរ គឺក្នុងមួយគីឡូចន្លោះពី ២២ ០០០រៀល ទៅ ២៨ ០០០រៀល។
ដោយឡែក ឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ទីភ្នាក់ងារសារព័ត៌ផងដែរថា ៖ “ខ្ញុំអាចនិយាយបានថា ការរកឃើញត្រីបាឃឿនេះ នៅទន្លេសាប គឺជាការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយដែរ ព្រោះថាចាប់តាំងពីខ្ញុំនៅជាប្រធានរដ្ឋបាលជលផល ត្រីប្រភេទនេះគឺមិនដែលមានវត្តមាននៅកម្ពុជានោះទេ យើងដឹងត្រឹមថា វាមានវត្តមាននៅតំបន់ទឹកភ្លាវ នៃទន្លេមេគង្គ ជួបប្រសព្វនឹងសមុទ្រប៉ុណ្ណោះ”៕ ដោយ ផែន រតនៈ