តើប្រាសាទបក្សីចាំក្រុងមានប្រវត្តិបែបណា?

0
2319

ប្រាសាទបក្សីចាំក្រុងចាប់ផ្តើមកសាងឡើងដោយ​ព្រះបាទហស៌វរ្ម័នទី១ (៩១០ – ៩៤៤) ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្រាទាំងពីររបស់ព្រះបាទយសោវរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័ន (៩៤៤ – ៩៦៨) ដែលប្រាសាទនេះ​​ត្រួវបានស្ថាបនាដើម្បីឧទ្ទឹសថ្វាយ​ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។

ប្រាសាទបក្សីចាំក្រុង ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែល១៥០ម៉ែត្រមានកាំជណ្តើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពណ៌‌ក្រហម។ នៅម្តុំប្រាសាទនេះ​ក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ។ ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី មានថ្នាក់ៗ ធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត។ ប្រាសាទនេះមាន៤ ថ្នាក់ កសាងពីថ្មបាយកៀ្រមបន្តុប ប្រាសាទឥដ្ឋខាងលើ មានជណ្តើរគ្រប់ទាំងបួនទិស ទ្វារបញ្ឆោតបីទិសតែក្បាច់រចនា​សំរាប់បិទពីក្រៅបាត់បង់អស់ហើយ​នៅសល់តែក្បាច់ផែ្តរលើខ្លោងទ្វារនៅល្អ មានព្រះឥន្រ្ទ គង់លើដំរីព្ធរាវ័ណ (ដំរីមានក្បាលបី) ឯចុងទាំងសងខាងមានគណេសនិងមាត់ទ្វារខាងកើតមានសិលាចារិក ។

តាមឯកសារបានបញ្ជាក់ថា​កាលពីជំនាន់កសាងប្រាសាទនេះ​​ពុំមានសិលាចារិក​អ្វីឡើយលុះដល់ ព្រះបាទរាជេន្ទ្រវរ្ម័ន នាំរាជធានីពីកោះកេរមកតាំង​នៅអង្គរសាថ្មីវិញនៅ​គ្រិស្តសករាជ៩៤៨ ទើបព្រះអង្គឲ្យគេ​ចារិកកាព្យសំស្រ្កឹតនៅលើ​មេទ្វារគួរជាទីចាប់អារម្មណ៍ក្រៃលែង​​ព្រោះមាននិទាន​អំពី​បុព្វការីជន​ដំបូងបង្អស់​​នៃជនជាតិខែ្មរ​ក្នុងលំនាំរឿងព្រេង​​ដែលបាននិយាយថា​ខែ្មរមាន​តំណពូជពង្ស មកពីឥសីមួយអង្គព្រះនាម “កម្ពុ” ដែលបង្កើតដោយឯកឯង (ស្វាយម្ភូ) ឥសីនោះ​ទៅភពប្រសព្វនឹងទេពកញ្ញាឈ្មោះ “មេរា” ទើបបង្កើតជាកូនចៅតរៀងមក ប្រាសាទបក្សីចាំក្រុងកសាងនៅលើ​ស្ថានីយបុរេប្រវត្តិមួយនៃយុគសំរឹទិ្ធ។

សិលាចារិកនៅលើទ្វាប្រាសាទបញ្ជាក់អំពីកាលបរិច្ឆេទរបស់ប្រាសាទ និង ពីរូបបដិមាព្រះឥសូរធ្វើអំពីមាស និងកវីទេវកថានៃអារ្យធម៌ខ្មែរ៕