តើប្រាសាទតាព្រហ្មទន្លេបាទីមានប្រវត្តិបែបណា?

0
3940

ប្រាសាទ​តាព្រហ្ម​ស្ថិត​​នៅ​ក្នុង​រមណីយដ្ឋាន​ទន្លេបាទីក្នុង​ភូមិសាស្រ្ត ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មាន​ចម្ងាយ ៣៤​គីឡូ​ម៉ែត្រ​ពី​រាជធានីភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ ២។ ប្រាសាទ​នេះ​សង់​ឡើង​នៅ​សតវត្សរ៍ទី ១២ និង ដើមសតវត្សរ៍ទី ១៣ ពីឆ្នាំ ១១៨១ ដល់ឆ្នាំ ១២០១ ធ្វើ​ពី​ថ្មភក់​ប្រកប​ដោយ​ក្បូរក្បាច់​រចនា​ដ៏​វិចិត្រ ប្រហាក់​ប្រហែល​នឹង​ប្រាសាទតាព្រហ្ម​នៅខេត្តសៀមរាប​ដែរ​ព្រោះ​ស្ថាបត្យកម្ម​នេះ​ស្ថិត នៅ​ក្នុងរចនាបថបាយ័ន នា​រជ្ជកាល​ព្រះបាទជ័យវ័រ្មនទ៧ ដែល​ជា​អធិរាជ​នៃ​ចក្រភពកម្ពុជទេស។ បន្ទាប់​ពី​បញ្ចប់​សឹក​សង្រ្គាម​ជា​មួយ​ដែន​ដី​ចម្ប៉ា​រំដោះ​បាន​រាជធានី​អង្គរ និង​មាតុភូមិ ជា​ស្ថាពរ​មកព្រះបាទជ័យវ័រ្មនទ៧ ចាប់​ផ្តើម​ធ្វើ​ការ​បង្រួប​បង្រួម​ជាតិ​តាម​មាគ៌ា​សន្តិភាព​នូវ​ភាវូបនីយកម្ម​ដោយ​បន្ស៊ី​ភ្ជាប់​គ្នា​រវាង​ព្រះពុទ្ធសាសនាមហាយាន និងព្រហ្មញ្ញសាសនា​គោរព​អាទិទេព​ទាំង៣ ឬ​ត្រីម៌ូតិ​។ ការ​បង្រួប​បង្រួម​នេះ សែ្តង​ចេញ​តាម​រយៈ​សំណង់​ប្រាសាទ​ធំៗ​មាន​ជា​អាទិ៍​ប្រាសាទបាយ័ន ប្រាសាទបន្ទាយក្តី ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយឆ្មារ ស្រះស្រង់ ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ មហា​កំពែង​ព័ទ្ធ​ជុំវិញ​ក្រុង​អង្គរ​ធំជា​ដើម។

ដោយ​ឡែក​ប្រាសាទ​តាព្រហ្ម​ទាំង​ពីរ នៅ​ខេត្តសៀមរាប និងខេត្តតាកែវ ត្រូវ​បាន​ស្ថាបនា​ឡើង​​ដើម្បី​ឧទ្ទិស​ថ្វាយ​​ដល់​ព្រះលោកេស្វរៈ និង​យក​ធ្វើ​ជា​អារាម​សម្រាប់​ព្រះ​សង្ឃ​គង់​​នៅ​រហូត​ដល់​ប្រាសាទតាព្រហ្ម នៅ​តំបន់​អង្គរ​មាន​ឈ្មោះដើមថា​​រាជវិហារ សម្រាប់​ប្រាសាទ​តាព្រហ្ម​នៅទន្លេបាទី ទោះ​បី​ជា​វិសាលភាព​តូច​ជាង​ប្រាសាទ​ទី​១ នៅ​តំបន់​អង្គរ​ក្តី ក៏​តឹក​តាង​បង្អាញ​ថា​​វា​មាន​លក្ខណៈ​ជា​អារាម ឬ​ជា​បូជនីយដ្ឋាន​ដ៏​ពិសិដ្ឋ។ នៅទន្លេបាទី គ្មាន​ភ្នំ​នៅ​ជិត​ទេ តើ​ដូន​តា​ខែ្មរ​យក​ថ្ម​ពី​ណា​មក​កសាង​ប្រាសាទ ? សំណួរ​នេះ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​បកស្រាយ​ថា​គេ​​ត្រូវ​ដឹក​តាម​រទេះ ដាក់​ខ្នង​ដំរី ដាក់​សំពៅ នាំ​យក​ផ្ទាំង​ថ្ម​ទាំង​នោះ ដែល​រួម​មាន​ថ្មបាយកៀ្រម និង​ថ្មភក់ ពី​ភ្នំ​ឆ្ងាយ​ៗ មក​កសាង​ឲ្យ​កើត​ជា​ប្រាសាទ​នេះ​ឡើង ដែល​កំពូល​ប្រាសាទ​កណ្តាល​​មាន​កម្ពស់​ដល់​ទៅ​១២​ម៉ែត្រ ចំណែក​បរិវេណ​កំពែង មាន​បណ្តោយ​១៥០​ម៉ែត្រ ទទឹង​៩៥​ម៉ែត្រ៕