ដំណាំ​ក្រូច​ពោធិ៍សាត់​នៅ​ខេត្ត​បាត់ដំបង​ ​​ចាប់ផ្តើម​កើនឡើងខ្ពស់!

0
2639

បាត់ដំបង ៖ ការដាំដុះ​ក្រូច​ពោធិ៍សាត់​ដែល​ជា​ដំណាំ​ផ្លែឈើ​ដ៏ល្បី​ប្រចាំ​ខេត្ត​បាត់ដំបង ចាប់ផ្តើម​មាន​កំណើន​ឡើងវិញ បន្ទាប់ពី​ការវាយប្រហារ​ធ្វើឲ្យ​ខូច​រយៈពេល​មួយ​ឆ្នាំ​ដោយ​ជំងឺ​ក្រូចខៀវ​។ នេះ​បើ​តាម​មន្ទីរ​កសិកម្ម​ខេត្ត​។

ដំណាំ​ក្រូច​ពោធិ៍សាត់​នៅ​ខេត្ត​បាត់ដំបង​ត្រូវ​បាន​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​ក្រូចខៀវ​ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ហើយ​ដោយ​មិន​មាន​វិធានការ​ណា​មួយ​ពី​អាជ្ញាធរ​ទេ ដែល​កសិករ​បាន​បង្ខំ​ចិត្ត​កាប់​ដើម​ក្រូច​ចោល ហើយ​ដាំ​ក្រូច​ពោធិ៍សាត់​ជាថ្មី នៅពេល​ដើម​ក្រូច​ឆ្លង​មេរោគ​នេះ​។

ប៉ុន្តែ​ការ​ដាំដុះ​ចាប់ផ្ដើម​កើនឡើង​វិញ​ចាប់ពី​ឆ្នាំ​មុន​នៅ​ពេល​កសិករ​បាន​ទទួល​ការបណ្ដុះបណ្ដាល​បច្ចេកទេស​កាន់តែ​ច្រើន​សម្រាប់​វិធី​ការបង្ការ​ជំងឺ​។ នេះ​បើ​យោង​តាម​លោក អ៊ិន សុវណ្ណមុនី អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​។

លោក​ថ្លែង​ថា​៖ «​ដើម​ក្រូច​ពោធិ៍សាត់​របស់​យើង​ពី​មុន​ត្រូវ​បាន​វាយប្រហារ​ដោយ​ជំងឺ​នេះ​ច្រើន ប៉ុន្តែ​នៅពេល​នេះ​យើង​មាន​ដើម​ក្រូច​ថ្មី​ដែល​មាន​សុខភាព​ល្អ​មិន​ងាយ​រង​ផលប៉ះពាល់​ដោយ​ជំងឺ​នេះ​ទេ​»​។ លោក​បន្ត​ថា​៖ «​យើង​លើក​កម្ពស់​ការយល់ដឹង​ពី​បច្ចេកទេស និង​របៀប​ប្រើប្រាស់​ជី​ត្រឹមត្រូវ​ផង​ដែរ​»​។

ការដាំដុះ​ក្រូច​ពោធិ៍សាត់​បាន​កើនឡើង ៩ ​ភាគរយ​កាលពី​ឆ្នាំ​មុន​ដល់​ ១១៦៩ ​ហិកតា​ធៀប ១០៧១ ហិកតា​កាលពី​ឆ្នាំ ២០១៦​។ នេះ​បើ​យោង​តាម​តួលេខ​បាន​ពី​មន្ទីរ​កសិកម្ម​ខេត្ត​។ លោក​ថ្លែង​ថា​៖ «​កសិករ​ចាប់ផ្ដើម​ពង្រីក​ការដាំដុះ​ក្រូចពោធិ៍សាត់​របស់​ពួកគេ​ជាថ្មី ដោយសារ​ដើម​ក្រូចពោធិ៍សាត់​ថ្មី​នេះ​មាន​សុខភាព​ល្អ និង​កាន់តែ​រឹងមាំ​ដែល​មិន​ងាយ​រង​ផលប៉ះពាល់​ដោយ​ជំងឺ​ទេ​»​។

លោក ម៉ក សំអឿន កសិករ​ដែល​មាន​ក្រូច​ពោធិ៍សាត់​ប្រហែល ៥០០ ដើម​លើ​ផ្ទៃដី ១,៥ ហិកតា នៅ​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹងថា​មក​ដល់​ពេល​នេះ​ដើម​ក្រូច​លោក​មិន​មាន​ជំងឺ​ទេ​។

លោក ម៉ក សំអឿន បាន​បន្ត​ថា​កន្លង​មក​លោក​បាន​កាប់​ចោល​ដើម​ក្រូច​មាន​ជំងឺ​នេះ​ជិត ៤០០ ដើម​។ លោក​ថ្លែង​ថា​៖ «​ចម្ការ​ក្រូច​របស់​ខ្ញុំ​មិន​មាន​បញ្ហា​អ្វី​ទេ​នៅពេល​នេះ​ខ្ញុំ​រៀនសូត្រ​បាន​ច្រើន​ពី​ការបណ្ដុះបណ្ដាល​បច្ចេកទេស​ក្នុង​ការថែរក្សា​ដើម​ក្រូច​ពោធិ៍សាត់​របស់​ខ្ញុំ​»​។

លោក​បន្ថែម​ថា​កាលពី​រដូវ​ប្រមូលផល​មុន​លោក​រកប្រាក់​ចំណូល​បាន ៣ ០០០ ដុល្លារ​ពី​ការប្រមូល​ផល​ក្រូចពោធិ៍សាត់​របស់​លោក​។ លោក​បញ្ជាក់​ថា​៖ «​នៅពេល​នេះ​កសិករ​ចាប់ផ្ដើម​ការដាំដុះ​ក្រូច​ពោធិ៍សាត់ ខណៈ​ពួកគេ​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន​កាន់តែ​ប្រសើរ​ជាង​កាលពី​ឆ្នាំ​មុន​»៕