ដើម​ភ្លៅនាង​ ជាច្រើន​ដើម​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​​ប្រទះឃើញ​នៅ​ដែន​ជម្រកសត្វព្រៃ​លំ​ផាត

0
212

មណ្ឌលគិរី ៖ ដើម​ភ្លៅនាង​ ជាច្រើន​ដើម​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ល្បាត​ប្រទះឃើញ​នៅ​ដែន​ជម្រកសត្វព្រៃ​លំ​ផាត​ក្នុងស្រុក​កោះ​ញែក ​ខេត្តមណ្ឌលគិរី ​ដើម​ភ្លៅនាង​មាន​ភាព​ទាក់ទាញ​ជាខ្លាំង​ ព្រោះ​ដើមឈើ​ប្រភេទ​នេះ​ មាន​សាច់​សរ​លោង ​ស្រលូន​ឡើង​ទៅលើ ​ខុសប្លែក​ពី​ប្រភេទ​ដើមឈើ​ដទៃទៀត ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ បាន​ឲ្យ​ដឹងថា ​ដើម​ភ្លៅនាង​ជា​ប្រភេទ​រុក្ខជាតិ​ក្នុងព្រៃ​ដែល​ពើប​ប្រទះឃើញ​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​លំផាត់​ស្ថិតនៅ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ ​ប្រភេទ​ឈើ​នេះ​ មាន​ដុះ​ដោយ​ដុំ​ដោយ​កន្លែង​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​លំផាត់ ​ដែល​កន្លែង​ខ្លះ​ មាន​ប្រហែល​២០​ ឬ​៣០​ដើម ​និង​កន្លែង​ខ្លះ​អាច​មាន​ដល់​៥០​ដើម ។ លោក​ ប្រធាន​មន្ទីរ ​បាន​បន្ថែមថា ​ដើមឈើ​នេះ ​វា​ទាក់ទាញ​អារម្មណ៍​យើង​ត្រង់​ថា វា​រលូន​និង​ស្រលូន​ល្អ​ប្រៀបដូចជា​ភ្លៅ​មនុស្ស ។

លោក​ប្រធាន​មន្ទីរ​ បាន​បន្ថែមទៀតថា​ នៅពេលដែល​យើង​ធ្វើដំណើរ​បាន​មក​ដល់​ ឬ​ជួប​ដើម​ភ្លៅនាង​ធ្វើ​ឲ្យ​អារម្មណ៍​យើង​ហាក់​សប្បាយរីករាយ​ និង​បាត់​ភាព​នឿយហត់​បាន​មួយ​ចំណែក​ផងដែរ​។ ម្នាក់ៗ​តែងតែ​ថតរូប​ដើម​ភ្លៅនាង​ដើម្បី​យក​ទៅ​បង្ហាញ​ឱ្យ​អ្នកផង​បាន​ស្គាល់​ ឬក៏​យកទៅ​ចែករំលែក​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ លោក​ប្រធាន​មន្ទីរ​ បន្ថែមថា ​មនុស្ស​ជាច្រើន​ចង់​ឃើញ​ដោយផ្ទាល់​អំពី​ដើម​ភ្លៅនាង​នេះ​។ ​លោក ​បន្តថា តំបន់​អភិរក្ស​លំផាត់​សំបូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ និង​រុក្ខជាតិ​ច្រើន​ប្រភេទ ​ហើយ​បច្ចុប្បន្ននេះ​ កំពុង​ត្រូវបាន​គាំពារ​និង​ថែរក្សា​ដោយ​មន្ត្រី​ឧទ្យាន​នុ​រក្ស​ នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ។

លោក កែវ សុភ​គ៌ ដែល​តែងតែ​ចំណាយពេល​វេលា​នៅ​ជាមួយ​ធម្មជាតិ​នៃ​តំបន់​ការពារ​លំផាត់ ​បាន​និយាយថា ​ដើម​ភ្លៅនាង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​ទូទៅ​នៅ​ពេលដែល​ឃើញ​សម្រស់​របស់​វា ។ លោក​ថា ស្ថិតនៅក្នុង​តំបន់​អភិរក្ស​លំផាត់​នោះ​ដើម​ភ្លៅនាង​មាន​មិន​ច្រើនពេក​ទេ ។ យ៉ាងណាក៏ដោយ​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មន្ទីរ បរិស្ថាន​ខេត្តមណ្ឌលគិរី​ នឹង​ថែរក្សា​គាំពារ​ដើម​ភ្លៅនាង​នេះ​ឱ្យ​មាន​និរន្តរភាព​ដើម្បី​ជា​ប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឃើញ​នៅពេល​អនាគត​ពោល​គឺ​ហើយ​រំពឹង​ថា​ ដើម​ភ្លៅនាង​មិន​ផុត​ពូជ​នោះឡើយ​៕