ជំនន់​ទឹកភ្លៀងបានបំផ្លាញដំណាំ​ស្រូវប្រមាណ ៦៨​ហិក​តា និងបង្អាក់ដំណើររថយន្តរាប់ពាន់គ្រឿង

0
1791

ភ្លៀងធ្លាក់យ៉ាងគំហុកប៉ុន្មានថ្ងៃជាប់ៗគ្នា បានធ្វើឱ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋប្រមាណ ៦៨ហិកតា និងផ្ទះប្រមាណ ៣៥៦ខ្នងត្រូវបានជន់លិចនៅស្រុកចំនួន៣នៃខេត្តកោះកុង ខណៈនៅតាមបណ្តោយផ្លូវជាតិលេខ០៤ កំពុងស្ថិតក្នុងស្ថានភាពលិចទឹក ដែលជាហេតុធ្វើឱ្យរថយន្តរាប់ពាន់គ្រឿងមិនអាចឆ្លងកាត់បាន។

អាជ្ញាធរដែនដីបានឱ្យដឹងថា ជំនន់ទឹកភ្លៀងដែលបានជន់លិចនៅស្រុក​ចំនួន​៣ នោះរួមមាន៖​ ​ស្រុក​ថ្មបាំង​លិច ឃុំ​ជី​ផាត ស្រុកស្រែ​អំបិល ឃុំ​ដង​ពែង និងស្រុក​កោះកុង​ ឃុំ​តា​តៃ​ក្រោម និង​ឃុំ​ត្រពាំងរូង នៃខេត្តកោះកុង។

Image may contain: 1 person, sky, tree, basketball court, outdoor, nature and water

ទាក់ទិននឹងបញ្ហាលិចទឹកនេះ អភិបាលខេត្តព្រះសីហនុ លោកយន្ត មីន បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាបានមកពិនិត្យស្ថានភាពនេះផងដែរ កាលពីម្សិលមិញ។ ជាមួយគ្នានេះ លោកអភិបាលខេត្តបានអំពាវនាវឱ្យអ្នកប្រើប្រាស់ និងក្រុមហ៊ុនដឹកជញ្ជូននានា បង្វៀងការធ្វើចរាចរណ៍ទៅកាន់តំបន់ផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់ខេត្តកំពត ដោយក្នុងនោះផ្នែកខាងលិចនៃផ្លូវជាតិលេខ៤ តំបន់ព្រៃនប់គឺត្រូវបានបង្វៀងចរាចរណ៍ទៅកាន់ទីនោះ ហើយសម្រាប់ការធ្វើដំណើរពីភ្នំពេញគឺទៅតាមផ្លូវថ្នលទទឹងនៃខេត្តកំពង់ស្ពឺ។

Image may contain: tree, sky, house, outdoor, nature and water

ជាមួយគ្នានេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ខ្យល់មូសុងនិរតី និងប្រព័ន្ធសម្ពាធទាបកំពុងមានឥទ្ធិពលខ្លាំងនៅកម្ពុជា ដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យខេត្តនៅជាប់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ច្រើន។

ទន្ទឹមគ្នានេះ ក្រសួងក៏បានបញ្ជាក់ដែរថា ចំពោះបណ្តារាជធានី ខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។ បន្ថែមលើនេះ ក្រសួងក៏បានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ៕