ជំនន់ទឹកភ្លៀងលិចខេត្ដ​៧នៅកម្ពុជា ប៉ះពាល់​ផ្ទះពលរដ្ឋជាង១ពាន់ខ្នង ដំណាំរាប់ពាន់​ហិកតា

0
1873

ភ្នំពេញ៖ គិត​ត្រឹម​ថ្ងៃទី ១៩ខែកក្កដា​នេះ ទឹកជំនន់​បាន​លិច​ផ្ទះ​ប្រជា​ពលរដ្ឋ​អស់ ១៧៨៦​ខ្នង ដីរាប់ពាន់​ហិកតា ខណៈ​ការិយា​ល័យ​បោះឆ្នោត​នៅតាម​បណ្ដា​ខេត្ដ​មួយចំនួន​កំពុង​រង់​ការប៉ះពាល់​ពី​ទឹកជំនន់​ផងដែរ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​គណៈ​ក​ម្មា​ជិត​គ្រប់គ្រង​គ្រោះ​មហន្ដ​រាយ។

សេចក្ដី​ជូន​ដំណឹង​ដដែល​បាន​បង្ហាញ​ថា ខេត្ដ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង រួម​មាន​ កោះកុង​ ប៉ៃលិន បាត់​ដំបង កំពត ព្រះសី​ហនុ កែប និង​ខេត្ដ​កំពង់ស្ពឺ។

«ទឹកជំនន់ ទឹកភ្លៀង នេះ គឺ​បង្កឡើង​ដោយ​ឥទ្ធិពល​ព្យុះ​ទី៩ ឈ្មោះ សុន​ទី​ញ (SON-TINH) កំពុង​រំកិល​ទៅ​ក្បែរ​ដីគោក​ក្រុង​ហាណូយ ស្រប​ពេលដែល​ព្យុះ​ទី១០កំពុង​វិ​វត្ដ​កើតមានឡើង» នេះ​បើតាម​ការ​ឲ្យ​ដឹង​តាមរយៈ​សេចក្ដី​ជូនដំណឹង​របស់​​គណៈ​ក​ម្មា​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ។

សេចក្ដីជូនដំណឹង​ខាងលើ​បាន​បង្ហាញថា ខេត្ដ​កំពង់ស្ពឺ ប៉ះពាល់​ខ្លាំង ពិសេស​ស្រុក​ភ្នំស្រួច តាម​របាយការណ៍​ខេត្ដ ទឹកជំនន់​បាន​ប៉ះពាល់ ៨ឃុំ មាន ប្រជាជន​រងគ្រោះ ២៣០គ្រួសារ ប៉ះពាល់​ដំណាំ​ស្រូវ១១៥៧ហិកតា ចំការ​ស្វាយ ២៣២ហិកតា។

បច្ចុប្បន្ន កំពុងមាន​ការព្រួយបារម្ភ​ចំពោះ​កម្រិត​ទឹក​នៅ​ស្ថានីយ៍​ពាម​ឃ្លៃ ដែល​ឡើងដល់ ៨.៣០ម៉ែត្រ (កម្រិត​ទឹកជំនន់) និង​ទំនប់​រលាំង​ជ្រៃ កម្រិត​ទឹក​ឡើងដល់ ៧.៦០ម៉ែត្រ គិត​ត្រឹម​ម៉ោង ០៨.០០នាទី ព្រឹក​ថ្ងៃទី១៩ ខែកក្កដា (បើ​ឡើងដល់ ៧.៨០ម៉ែត្រ នឹង​លិច​ផ្សារ​កំពង់ស្ពឺ)បន្ថែម​ពី​សេ​ក្ដី​ជូនដំណឹង។

ចំពោះ​ទឹក​ដែល​ធ្លាក់​តាម​ស្ទឹង​ព្រែក​ត្នោត ពុំទាន់​មាន​បញ្ហា​ទេ ដោយ​ក្រសួង​ជំនាញ បាន​បង្វែរ​ទឹក​មុន​សភាពការណ៍​កើតឡើង អោយ​ទឹក​ហូរ​ធ្លាក់​ទៅ​អាង​ស្តុក​ទឹកទន្លេ​បាទី។

ខេត្ដ​ព្រះសីហនុ ចំណុច​ប្រឈម​ខ្លាំង ត្រង់ចំណុច​ស្ពាន​សំរោង ភូមិ​ស្ទឹង​សំរោង ឃុំ​អូ​បាក់រទេះ ស្រុក​កំពង់​សិលា ដែល​កាលពី​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ត្រូវបាន​ទឹក​លិច ប្រមាណ ៩០០ម៉ែត្រ កម្ពស់​ប្រមាណ ១.៧០ម៉ែត្រ។ រហូតមកដល់​ម៉ោង ១៩:៥០ ថ្ងៃ​ដដែល ទឹកបាន​ស្រក​នៅត្រឹម ០.៥២ម៉ែត្រ។ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ៣ភូមិ ស្មើនឹង ៩០០គ្រួសារ។

ខេត្ដ​កែប សភាពការណ៍ អាច​គ្រប់គ្រង​បាន នឹងត្រូវ​តាមដាន​បន្ដទៀត ប៉ុន្ដែ​ខេត្ដ​កោះកុង ប៉ះពាល់ ឃុំ​ចំនួន៥ ស្រុក៤ ប្រជាជន​ចំនួន ៥៥១គ្រួសារ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព។

ខេត្ដ​ប៉ៃលិន ភ្លៀង​ធ្លាក់​តិច ប៉ុន្ដែ​នៅតាម​ស្ទឹង អូរ ព្រែក មានទឹក​ពេញ​ទាំងអស់ ដោយសារ​ទឹកភ្លៀង​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ (ខេត្ដ​ត្រាត)ខណៈ​ខេត្ដ​បាត់ដំបង់ មានការ​បាក់​ច្រាំង​ស្ទឹង​សង្កែ បណ្ដោយ​ប្រមាណ ១០០ម៉ែត្រ និង​ចម្ងាយ​ពី​មាត់​ស្ទឹង​ទៅ​ចំណីផ្លូវ ប្រមាណ ៣០ម៉ែត្រ នឹង​កំពុង​ត្រូវបាន​ជួសជុល​ឡើងវិញ។

ចំពោះ​ស្រុក​សំឡូត លិច​ភូមិ​ចំនួន៤ និង​ប៉ះពាល់ ៣ឃុំ (ឃុំ​ព្រែក​នរិន្ទ,ព្រែក​ខ្ពប និង​ព្រែក​ហ្លួង) ស្ថិតក្នុង​ស្រុក​ឯក​ភ្នំ។ ខូចខាត ស្រូវ​កំពុង​ហាល​ផ្កា ខូចខាត​ទាំងស្រុង ៥០ហិកតា, ស្រូវ​ប្រឈម​ការខូចខាត​ប្រមាណ ១,០០៧ហិកតា និង​ផ្ទះ​លិច​ទឹក ចំនួន ១០៩ខ្នង។ ចំណែកឯ ទំនប់​សេក​សក និង​ទំនប់​គ​ង្ហ​ត ក៏​កំពុងមាន​ការព្រួយបារម្ភ ហើយ​នៅ​ចំណុច​ស្ពាន​បឹង​អូរ​ជាង ឃុំ​កំរៀង ស្រុក​កំរៀង មាន​ប្រេះ​ដី​នៅ​គល់ស្ពាន។

បើតាម​លោក​ សោម សូ​រី​ដា អគ្គលេខាធិការរង នៃ​គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យដឹងថា បច្ចុប្បន្ន​នេះ គ្រោះ​ទឹកជំនន់​មិនទាន់មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ការិយាល័យ​បោះ​ឆ្នោត​នៅឡើយ​ទេ។​

លោក​បន្ដថា៖«យើង​មាន​ជម្រើសពីរ​សម្រាប់់ គ​.​ជ​.​ប​​ ទីមួយបើ​ការិយាល័យត្រូវ​បាន​លិច​យើង​នឹង​ពន្យា​ពេល​បោះ​ឆ្នោត​​នៅការិយាល័យនោះ។ មួយ​ទៀត បើ​នៅមាន​ទីតាំង​សុវត្ថិភាព​ក្នុង​តំបន់លិច​ទឹក​នោះ យើង​នឹង​សម្រេច​ប្ដូរការិយា​ល័យ​ ហើយតំណើរ​ការ​បោះ​ឆ្នោត​តាម​ធម្មតា​»។

តាម​ការបញ្ជាក់​ពី​មន្ត្រី​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្ដរាយ​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង គ្រប់​ប្រភេទ បាន​សហការ​ជាមួយ​កាកបាទក្រហម ចុះជួយ​អន្ដរាគមន៍ សង្គ្រោះ​ប្រជាជន ព្រមទាំង​ផ្ដល់​ទីជម្រក​បណ្ដោះអាសន្ន អំណោយ​សង្គ្រោះបន្ទាន់ និង​សេវា​សុខភាព​បាន​ទាន់ពេលវេលា។

នា​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ រាជរដ្ឋាភិបាល បានចេញ​សេចក្ដីណែនាំ ពី​ការត្រៀម​បង្ការ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្ដរាយ​ទឹកជំនន់​ផងដែរ។

សេ​ក្ដី​ជូនដំណឹង​នេះ​បាន​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី រាជធានី ខេត្ដ ក្នុង​គ្របខ័ណ្ឌ​ទូទាំងប្រទេស ត្រូវ​បង្កើន​ការយក​ចិ​ត្ដ​ទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់បំផុត និង​ត្រូវមាន​ការរៀបចំ​ទុកជាមុន​ដោយ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប នៅពេល​មាន​ទឹកជំនន់​កើតឡើង ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព បញ្ចៀស​ឲ្យ​ខាងតែបាន នូវ​ការប៉ះពាល់​ដល់​អាយុជីវិត និង​ការខូចខាតផ្សេងៗ ដែល​កើតមានឡើង​ជាយថាហេតុ។

ក្រសួង​ធនធាន​ទឹកបាន​អំពាវនាវ​ឲ្យ​ប្រជា​នេសាទ អ្នកធ្វើដំណើរ​តាម​សមុទ្រ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ តាម​តំបន់​ទំនាប​ជាប់​ផ្លូវទឹក​នានា បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង គ្រោះថ្នាក់ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ៕