ភ្នំបូក ជាភ្នំមួយក្នុងចំណោម ភ្នំទាំង៣ នៃយសោធរបុរៈ។ ភ្នំ ២ ផ្សេងទៀត គឺភ្នំក្រោម និងភ្នំបាខែង។ នៅលើកំពូលភ្នំនេះ មានប្រាសាទមួយដែលមានប្រាង្គធំ៣ ដែលមានទំហំប៉ុនគ្នាសង់លើខឿនថ្មភក់១ និង ប្រាសាទតូចៗ ចំនួន៤ (ធម្មសាលា) ធ្វើអំពីថ្មភក់២ និងឥដ្ឋ២ បែរមុខទៅរកប្រាង្គធំទាំង ៣។ ប្រាង្គធំៗទាំង៣ នេះ ប្រាង្គកណ្ដាលកសាងដើម្បីឧទ្ទិសដល់ ព្រះសិវៈ, ប្រាង្គខាងជើងឧទ្ទិសដល់ព្រះវិស្ណុ និងប្រាង្គខាងត្បូងឧទ្ទិសដល់ព្រះព្រហ្ម។
ក្នុងន័យសាសនា ប្រាសាទភ្នំបូក ដែលត្រូវបានស្ថាបនាក្នុងរាជ្យ ព្រះបាទយសោវម៌្មទី១ (៨៨៩-៨៩៩) ស្ថិតក្នុងរចនាបថបាខែង បានធ្វើឱ្យប្រជានុរាស្ត្រគ្រប់លំដាប់ថ្នាក់ទទួលបានការពារពី អាទិទេព ត្រីមូតិ (ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ) និងជាសញ្ញានៃការឯកភាពជាតិយ៉ាងរឹងមាំ។
នៅពេលដែល ព្រះបាទយសោវម៌្មទី១ ទ្រង់ជ្រើសរើសរកទីទួលខ្ពស់មួយសម្រាប់ធ្វើជាស្នូលរាជធានីក្នុងន័យសាសនា ព្រះអង្គបានជ្រើសរើសយក ភ្នំបាខែង ក៏ដោយសារ ភ្នំបូក ស្ថិតនៅឆ្ងាយពីប្រភពទឹក (ទន្លេសាប) និងមានកម្ពស់ខ្ពស់ (២២១ ម) ឯភ្នំក្រោម វិញស្ថិតនៅជិតនឹងប្រភពទឹក (ទន្លេសាប) ពេក។
ម៉្យាងវិញទៀត ភ្នំបាខែង មានកម្ពស់ទាបល្មម និងស្ថិតនៅចំកណ្ដាលភ្នំទាំង២។ ផ្ទុយពីប្រាសាទភ្នំបាខែង ដែលកសាងដើម្បីឧទ្ទិសដល់ ព្រះសិវៈ ក្នុងរូបភាពជា លិង្គ ដែលមាននាមថា យសោធរេស្វរៈ ប្រាសាទភ្នំបូក និងប្រាសាទភ្នំក្រោមត្រូវបានកសាងដើម្បីឧទ្ទិសដល់ អាទិទេព ត្រីមូតិ។ ប្រាសាទភ្នំបូក និងប្រាសាទភ្នំក្រោម មានប្លង់គំរូដូចគ្នាបេះបិទ ដោយគ្រាន់តែ ប្រាង្គកណ្ដាលនៃប្រាសាទភ្នំក្រោម ធំជាងប្រាង្គទាំង២ ដែលអមសងខាង។ ព្រះកេសបដិមា ត្រីមូតិ ត្រូវបាន លោក Louis Delaporte នាំយកទៅស្រុកបារាំងនៅឆ្នាំ ១៨៧៣ ហើយសព្វថ្ងៃតម្កល់ទុកនៅសារមន្ទីរ Guimet។
បច្ចុប្បន្ន ប្រាសាទភ្នំបូក ស្ថិតក្នុងសភាពបែកបាក់ជាដំណំ។ កំពូលនៃប្រាង្គកណ្ដាល និងប្រាង្គខាងត្បូងបានបាក់ធ្លាក់ចុះ និងរាយប៉ាយពេញទីធ្លា។ ឯប្រាង្គខាងជើង ទោះជាស្ថិតក្នុងសភាពប្រសើរជាងប្រាង្គទាំង ២ ទៀតក៏ដោយ តែក៏មានការខូចខាតជាច្រើនផងដែរ។ ធម្មសាលា ២ ដែលធ្វើអំពីឥដ្ឋ បានបាក់បែកខូចអស់ទៅហើយ ចំណែកឯ ធម្មសាលា ២ ទៀតដែលធ្វើអំពីថ្មភក់ស្ថិតក្នុងសភាពទ្រុឌទ្រោម ដោយសារតែមានដើមផ្កាចំប៉ី ដុះចំពីលើធម្មសាលាទាំង ២ នេះ។ ឯកំពែងថ្មបាយក្រៀម និងគោរបុរៈទាំង ៤ បានខូចខាតបាត់បង់អស់ទ្រង់ទ្រាយដើម។
នៅជ្រុងអាគ្នេយ៍ គោរបុរៈ ខាងកើតមានវិហារពុទ្ធសាសនាមួយដែលត្រូវបានគេស្ថាបនាមកថ្មី ប្រហែលជាក្រោយសង្គ្រាមស៊ីវិល ប៉ុន្តែបច្ចុប្បន្នពុំមានព្រះសង្ឃគង់នៅនោះទេ ដោយគេបានរើវត្តទៅជើងភ្នំវិញ ងាយស្រួលសម្រាប់ចាស់សុំសមាទានសីល ដោយមិនចាំបាច់ឡើងចុះភ្នំច្រើនដង នាំឱ្យមានផលវិបាក៕