ជិះរថភ្លើងពីបាត់ដំបង-ពោធិសាត់ ឥតគិតថ្លៃរហូតដល់ថ្ងៃទី០១ សីហា ២០១៨

0
1908

នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ កម្ពុជាបានដាក់សម្ពោធឱ្យដំណើរបណ្តោះអាសន្ននូវរថភ្លើងពីបាត់ដំបង-ពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ហើយពលរដ្ឋអាចជិះរថភ្លើងទៅមក ពោធិ៍សាត់-បាត់ដំបង-សិរីសោភ័ណ្ឌ-ប៉ោយប៉ែត ឥតគិតថ្លៃរហូតដល់ថ្ងៃទី០១ សីហា ២០១៨ខាងមុខនេះ។

រថភ្លើងនេះរត់លើកំណាត់ផ្លូវដែកពីបាត់ដំបង-ពោធិ៍សាត់ មានប្រវែង ១០៧គីឡូម៉ែត្រ មានស្ថានីយ៍ចំនួន ១៦ រួមមាន៖ ស្ថានីយ៍បាត់ដំបង ស្ថានីយ៍អូរដំបង ស្ថានីយ៍អូរស្រឡៅ ស្ថានីយ៍រាំងកេសី ស្ថានីយ៍ស្វាយជាតិ ស្ថានីយ៍ភ្នំធិបតី ស្ថានីយ៍គោកត្រុំ ស្ថានីយ៍កោះចារ ស្ថានីយ៍មោងឬស្សី ស្ថានីយ៍ព្រៃស្វាយ ស្ថានីយ៍កាឡោមពុក ស្ថានីយ៍ស្វាយដូនកែវ ស្ថានីយ៍បឹងខ្នារ ស្ថានីយ៍ត្រពាំងជង ស្ថានីយ៍ស្នាមព្រះ និងស្ថានីយ៍ពោធិ៍សាត់។

សម្រាប់ការដាក់ដំណើររថភ្លើងពីបាត់ដំបង ទៅប៉ោយប៉ែតនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកនជញ្ជូនទំនិញគ្រប់ប្រភេទ ជាពិសេសផលិតផលកសិកម្មដែលប្រជាពលរដ្ឋធ្វើការប្រមូលផលបាន។ មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយកាត់បន្ថយថ្លៃដើមរបស់ទំនិញផងដែរ ដោយសារការដឹកជញ្ជូនចំណាយតិចជាងធម្មតា។

បន្ថែមពីលើនេះ ការដឹកទំនិញផ្សេងៗទៅកាន់ច្រកព្រំដែនកម្ពុជា និងថៃកាន់តែមានភាពងាយស្រួលក្នុងការដោះដូរទំនិញទៅវិញទៅមកផងដែរ ព្រោះប្រទេសទាំង២ កំពុងធ្វើពាណិជ្ជកម្មរួមគ្នាយ៉ាងសកម្មផងដែរ។

ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាយើង ព្រោះវាជាកត្តាសំខាន់បំផុត ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន។ រយៈការចុងក្រោយនេះ​រាជរដ្ឋាភិបាល បានសាងសង់ផ្លូវសំខាន់ៗជាច្រើន ស្ពាន កំពង់ផែទឹកជ្រៅជាដើម សុទ្ធសឹងតែជាអ្វីដែលប្រទេសជាតិយើងត្រូវការជាចាំបាច់៕