“ឆ្មាបា” ជាថនិកសត្វមួយប្រភេទដែលអាចហោះសំកាំងខ្លួនបាន

0
63
AKP: សត្វ “ឆ្មាបា” ដែលជាប្រភេទថនិកសត្វមួយប្រភេទ ស្ថិតនៅក្នុងអំបូរក្រុមពានរ ហើយដែលអាចហោះសំកាំងខ្លួនបានពីដើមឈើមួយ ទៅដើមឈើមួយទៀត។
ភិនភាគ៖ ឆ្មាបា មានទំហំប្រហែលសត្វឆ្មា និងមានប្រវែងក្បាល-ដងខ្លួនពី ៣៤-៤២ស.ម កន្ទុយ ២២-២៧ស.ម ប្រវែងស្លាប ៧០ស.ម និងទម្ងន់ពី ១គីឡូក្រាម ទៅ ២គីឡូក្រាម។ វាមានដងខ្លួនសំប៉ែតជាមួយ និងស្រទាប់ស្បែកស្តើងគ្របដណ្តប់ដោយតភ្ជាប់ពីក រហូតដល់ម្រាមជើង ហើយព័ទ្ធជុំវិញសងខាង ដងខ្លួនចុះក្រោមរហូតដល់ក្រចកម្រាមជើង និងចុងកន្ទុយ។ ឆ្មាបាមានភ្នែកធំ មានដៃជើងវែងៗ មានក្រញាំកោងស្រួចវែងសម្រាប់ចាប់តោងលើដើមឈើក្រោយពេលហើរសំកាំង និងមានសម្បុរ ប្រផេះ ឬត្នោត មានអុចពណ៌សជាច្រើននៅតាមបណ្តោយខ្នង ។
ជីវសាស្ត្រ៖ ឆ្មាបា ជាសត្វរស់នៅតាមតំបន់ព្រៃស្រោង វារស់នៅតាមមែកឈើ និងពូកែលាក់ខ្លួននៅតាមដើមឈើ ហើយធ្វើសំបុកក្នុងរន្ធឈើ និងតាមធាងត្នោត និងធាងដូងតាមចំការ។ វាជាសត្វរាត្រីចរ ដោយធ្វើសកម្មភាពនៅពេលយប់ ហើយក៏អាចធ្វើសកម្មភាពពេលថ្ងៃផងដែរ។ ឆ្មាបាអាចហោះសំកាំងបាន ចំងាយពី ៦០ម៉ែត្រ ទៅ ៧០ម៉ែត្រ ពីដើមឈើមួយទៅដើមឈើមួយទៀត។ វាឡើងដើមឈើដោយលំបាក ពីព្រោះចាំបាច់ត្រូវឡើងវិលជុំវិញដើមក្នុងដំណើរយឺតៗ។ អាហារឆ្មាបាមានដូចជា ស្លឹក ពន្លកឈើ និងផ្លែឈើ វាកូនម្តងបានតែមួយប៉ុណ្ណោះ បន្ទាប់ពីពពោះរយៈពេល ៦០ថ្ងៃ ហើយមេរបស់វាអាចពពោះម្តងទៀតក្នុងអំឡុងពេល កូនមិនទាន់កើតចេញ។
រប៉ាយរស់នៅ៖ ឆ្មាបា មាននៅតំបន់ភូមិភាគឦសាន និងនិរតីនៃប្រទេសកម្ពុជា។ ប្រភេទនេះ ក៏មានវត្តមានផងដែរនៅប្រទេសម៉ាឡាស៊ី ថៃ និងឥណ្ឌូនេស៊ី ផងដែរ។
ស្ថានភាពអភិរក្ស៖ ឆ្មាបា ជាប្រភេទមានដោយកម្រ និងបានចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទជិតផុតពូជនៅលើពិភពលោក។
ដកស្រង់ចេញពី សៀវភៅថនិកសត្វនៃប្រទេសកម្ពុជា
រូបថត៖ ឯកសារ