ចំណុចខ្លីខ្លះៗពីការជិះណូរី ដែលបងប្អូនមិនសូវចាប់អារម្មណ៍

0
2659

ណូរី គឺជាអ្វី?
ណូរី គឺជាយានជំនិះនិយមមួយ របស់ប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង ដែលអាស្រ័យផលដោយផ្លូវរថភ្លើងនេះឯង។ គ្រឿងបរិក្ខារសម្រាប់ណូរីមួយគ្រឿងរួមមាន ម៉ាស៊ីនភ្លើងមួយ កង់២គូរ សម្រាប់ដាក់នៅលើផ្លូវរថភ្លើង និងគ្រែឬស្សីឬឈើ។ គេតំឡើងវានៅពេលណាដែលត្រូវការជិះប៉ុណ្ណោះ និងពេលណាដែលផ្លូវរថភ្លើងគ្មានរថភ្លើងឆ្លងកាត់។ ដោយឡែក គេនឹងត្រូវដោះវាចេញភ្លាមៗ នៅពេលការធ្វើដំណើរត្រូវប្រឈមនឹងរថភ្លើងមកដល់។ ណូរីបង្កភាពងាយស្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនបានយ៉ាងច្រើន។ នៅពេលត្រូវការដឹកជញ្ជូនសម្ភារៈដើម្បីជុសជុលផ្លូវរថភ្លើង គឺណូរីនេះហើយដែលគេបានប្រើប្រាស់ជាគ្រឿងដឹកជញ្ជូនចម្បង។

ផ្លូវទៅកាន់ស្ថានីយ៍ណូរី
នៅខេត្តបាត់ដំបង មានផ្លូវណូរី២ខ្សែ ដែលគេបើកទទួលភ្ញៀវទេសចរណ៍ ហើយនេះជាអ្វីដែលអ្នកទេសចរមិនគួររំលងបទពិសោធន៍នេះឡើយ។ ខ្ញុំជ្រើសរើសជិះណូរីនៅលើខ្សែចាស់ នៅជិតក្រុង។ ណូរីនៅទីនោះ មានប្រជាជនជាអ្នកគ្រប់គ្រង និងយកតម្លៃថ្លៃឈ្នួល។
ជិះកាត់តាមផ្លូវតូចខ្វាត់ខ្វែងតាមផែនទីក្នុង Google Map ដែលមានស្រាប់ ស្ថានីយ៍ណូរីនេះ មិនលំបាកក្នុងការស្វែងរកប៉ុន្មានទេ ត្បិតតែគ្មានស្លាកសញ្ញាបង្ហាញក្តី ដូច្នេះអ្នកមិនចាំបាច់បារម្ភឡើយ។ ប៉ុន្តែផ្លូវទៅស្ថានីយ៍ណូរីនេះ មិនអំណោយផលទេសម្រាប់អ្នកដែលបើកបររថយន្ត ដោយសារផ្លូវតូច មិនអាចចូលរថយន្តបាន។

តិចនិកក្នុងការតថ្លៃ
ប្រាកដណាស់ ដើម្បីជិះណូរី យើងត្រូវចេះតថ្លៃជាមុនសិន។ តម្លៃដែលម្ចាស់ណូរីនីមួយៗកាត់ថ្លៃដំបូង អាចនឹងខ្ពស់បន្តិច ឧទាហរណ៍ដូចជា ៤០០០០រៀល ក្នុងមួយជើង ដែលមានរយៈពេលប្រមាណ១ម៉ោង។ ប៉ុន្តែនេះមិនមែនជាតម្លៃថេរទេ ពោលគឺអាចបញ្ចុះតម្លៃបានទៀតតាមបច្ចេកទេសតថ្លៃរបស់ភ្ញៀវ។ តម្លៃដែលខ្ញុំជិះ គឺ ២៥០០០ រៀល (ខ្ញុំមានគ្នា២នាក់) ប៉ុន្តែអ្នកអាចតថ្លៃឲ្យទាបជាងនេះទៀត តាមការគួរ។

ស្ថានភាព​នៅពេលជិះណូរី

សម្លេងម៉ាស៊ីនភ្លើងបញ្ឆេះលាន់រំពងក្បែរត្រចៀក ល្បឿនលឿននិងយឺតនៃការបើកបរ ផ្លូវមានសភាពញ័រនិងរលាក់បន្តិចបន្តួច មិនអំណោយផលដល់ការជិះបណ្តើរជជែកគ្នាតិចៗបណ្តើរទេ ប៉ុន្តែវាជួយឲ្យយើងផ្តោតទៅមើលទេសភាពសងខាងផ្លូវបានល្អ។ ណូរីគ្មានខ្សែក្រវ៉ាត់ការពារសុវត្ថិភាពទេ ប៉ុន្តែមានបង្កាន់ដៃអាចកាន់បាន ដូច្នេះយើងត្រូវចេះប្រយ័ត្នប្រយែងខ្លួនឯងដើម្បីសុវត្ថិភាព។ នៅសងខាងផ្លូវមានផ្ទះអ្នកភូមិ មានក្មេងៗដែលនឹងសម្លឹងមកមើលអ្នកទេសចរដូចជាយើងជិះណូរីមើលទេសភាពកន្លែងដែលពួកគេរស់នៅ រួមទាំងវាលស្រែដែលនៅក្បែរផ្លូវរថភ្លើង។ ក្នុងនោះដែរក៏ឧបសគ្គខ្លះៗដូចជាផ្លូវដែលត្រូវឆ្លង មានអូរនៅពីក្រោម ឬបានជួបសត្វនានាដូចជាពស់ដែលវារកាត់តាមផ្លូវ ក្បែរនឹងកន្លែងអង្គុយរបស់យើង គឺជាបទពិសោធន៍មិនអាចបំភ្លេចបានឡើយ។ នៅចុងម្ខាងនៃផ្លូវណូរី មានគេលក់វត្ថុអនុស្សាវរីយ៍ ដូចជាកូនណូរីតូចៗ និងសម្លៀកបំពាក់ក្នុងតម្លៃសមរម្យ។

គួរឲ្យស្តាយដែល ប្រជាជនជាម្ចាស់ណូរីនៅតំបន់នោះ មិនមានជំនាញរាក់ទាក់ភ្ញៀវនោះទេ ឬអាចជាបច្ចេកទេសដើម្បីទទួលបានតម្លៃណូរីខ្ពស់ ដូច្នេះអ្នកត្រូវត្រៀមចិត្តជាមុន ដើម្បីទទួលបានបទពិសោធន៍ថ្មី។ ប្រជាជននៅតំបន់នោះ ប្រាប់ខ្ញុំថា មិនសូវមានអ្នកមកជិះនៅទីនេះទេបច្ចុប្បន្ន ព្រោះគេធុញទ្រាន់នឹងការដណ្តើមភ្ញៀវគ្នា និងការតថ្លៃរញ៉េរញ៉ៃ។ ពួកគាត់បានណែនាំឲ្យទៅកន្លែងជិះណូរីមួយទៀត ដែលស្ថិតនៅភ្នំបាណន់៕ ប្រភព : Nyck’s Blog