(អ៊ីស្រាអែល)៖ ភ្ញៀវទេសចរឥណ្ឌូណេស៊ីសម្រុកទៅលេងកម្សាន្ត ដើម្បីសិក្សា រៀនសូត្រ និងចាយលុយនៅអ៊ីស្រាអែល ប្រទេសសំបូរសត្រូវរស់នៅលើវាលខ្សាច់ដែលមានសេដ្ឋកិច្ចខ្លាំងក្លា និងមានបច្ចេកទេសកសិកម្មនាំមុខគេលើពិភពលោក។
យោងតាមការចុះផ្សាយគេហទំព័រ Kompas.com បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ ប្រទេសអ៊ីស្រាអែលទទួលបានភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តរហូតដល់ទៅ៣.៦លាននាក់ ហើយភាគច្រើនភ្ញៀវទេសចរទាំងនោះច្រើនជាង៤០ភាគរយ គឺជាអ្នកដែលធ្លាប់មកលេងកម្សាន្តនៅក្នុងប្រទេសអ៊ីស្រាអែលម្តង ទៅពីរដងរួចមកហើយ។ ភ្ញៀវទេសចរភាគច្រើននិយមទៅលេងកម្សាន្តនៅតំបន់ឆ្នេរសមុទ្រ និងកន្លែងពិសិដ្ឋផ្សេងៗ។
ប្រទេសដ៏តូចដែលមានប្រជាជនតែជាង៨លាននាក់មួយនេះ អាចអូសទាញភ្ញៀវទេសចរស្ទើរតែគ្រប់ជាតិសាសន៍ទៅលេងកម្សាន្ត ពិសេសភ្ញៀវទេសចរជនជាតិឥណ្ឌូណេស៊ី និងធ្វើឲ្យពួកគេព្រមចំណាយលុយជាមធ្យមម្នាក់៣១០ដុល្លារអាមេរិកក្នុងមួយថ្ងៃទាំងសប្បាយចិត្ត និងព្រមស្នាក់នៅជាទូទៅពី ៤ថ្ងៃ ទៅ១សប្តាហ៍ឯណោះ ដោយម្នាក់ចំណាយជាមធ្យម១,៦០០ដុល្លារអាមេរិក សម្រាប់រយ់ពេលដំណើរកម្សាន្តនៅក្នុងប្រទេសនេះ។
ភ្ញៀវទេសចរដែលអញ្ជើញទៅលេងប្រទេសអ៊ីស្រាអែលច្រើនជាងគេ និងឈរនៅលើកំពូលតារាងទាំង៥ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី បារាំង អាឡឺម៉ង់ និងអង់គ្លេស។
គួរជម្រាបផងដែរថា កាលពី២០១៧ អ៊ីស្រាអែលទទួលបានភ្ញៀវទេសចរជនជាតិឥណ្ឌូណេស៊ីចំនួន ៣៦,៣០០នាក់ កើនឡើងជា២៤ភាគរយ ជារៀងរាល់ឆ្នាំ៕