ឃ្លាំងស្តុកស្រូវ និងឡសម្ងួតធំបំផុតនៅកម្ពុជាតម្លៃ ១៥លានដុល្លារ ដាក់ឲ្យដំណើរការហើយ!

0
1737

បាត់ដំបង៖ ឃ្លាំងស្តុកស្រូវដែលអាចស្តុកស្រូវ ២០ម៉ឺនតោន និងឡសម្ងួតមានសមត្ថភាពសម្ងួតស្រូវ ៣ពាន់តោនក្នុង១ថ្ងៃ តម្លៃ ១៥លានដុល្លារ ត្រូវបានដាក់ឲ្យដំណើរការ នាថ្ងៃទី០៣ ខែកក្កាដានេះ នៅក្នុងខេត្តបាត់ដំបង ក្រោមអធិបភាព លោក ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ស្ថិតក្នុងឱកាសនោះ លោក ភួ ពុយ ប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវ (កម្ពុជា) ភី អិល ស៊ី បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល រួមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ បានផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនធនាគារស្រូវ (កម្ពុជា) ភី អិល ស៊ី ក្នុងការកសាងឡសម្ងួត ដែលមានសមត្ថភាពខ្នាតធំផលិតបាន ៣ពាន់តោនក្នុង១ថ្ងៃ និងឃ្លាំងស្តុកដែលមានសមត្ថភាពស្តុកស្រូវបាន ២០ម៉ឺនតោន ក្នុងគោលបំណងដោះស្រាយ និងកាត់បន្ថយបញ្ហាប្រឈមរបស់បងប្អូនប្រជាកសិករពិសេសលើកត្តាទីផ្សារក្នុងពេលប្រមូលផល និងកត្តាតម្លៃស្រូវធ្លាក់ចុះដែលជាទុក្ខលំបាកជាក់ស្តែងរបស់កសិករយើង។

លោកបានបន្ថែមថា បន្ទាប់ពីបានសាងសង់រួច យើងមានលទ្ធភាពទិញស្រូវពីកសិករ នៅតាមសហគមន៍បានច្រើនជាងមុន នឹងធ្វើឲ្យមានទីផ្សារ រួមទាំងតម្លៃស្រូវសម្រាប់កសិករយើងបានខ្ពស់ឈប់កកស្ទះដូចមុនទៀត។ ម្យាងវិញទៀត យើងបានបង្កើតសហគមន៍ស្រូវជាច្រើនក្នុងគោលបំណង ដើម្បីគ្រប់គ្រង និងបែងចែកពេលវេលាក្នុងការទិញស្រូវកុំឲ្យមានការកកស្ទះជាន់គ្នាផងដែរ។​

ជាមួយគ្នានេះ លោក ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងដែរថា ឃ្លាំងស្តុកស្រូវ និងឡសម្ងួតខាងលើនេះ គឺស្ថិតក្រោមគម្រោងវិនិយោគពិសេសក្នុងទម្រង់ជាបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី តាមរបៀប “សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង” (B.O.P)  សម្រាប់ជាមជ្ឈមណ្ឌលប្រមូលទិញស្រូវ និងកិនកែច្នៃស្រូវ-អង្ករ ដែលមានលទ្ធភាពប្រមូលទិញស្រូវ មួយភាគធំនៅតំបន់ភាគខាងលិចនៃប្រទេសចាប់ពីពេលនេះតទៅ៕ ប្រភព​ : Business Cambodia