គម្រោង​សាងសង់​ស្ពាន​អាកាស និង​រថភ្លើង​លើ​អាកាស​ បានដឹងចំនុចចាប់ផ្តើមហើយ!

0
1819

 

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា ការ​សិក្សា​គម្រោង​សាងសង់​ស្ពាន​អាកាស និង​រថភ្លើង​លើ​អាកាស បាន​ចប់​សព្វគ្រប់​ហើយ ដែល​នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ ដោយ​ចាប់ផ្ដើម​ដំបូង​ពី​ចំណុច​ជិត​ផ្សារ​ធំ​ថ្មី ឆ្ពោះ​មក​កាន់​ព្រ​លាន​យន្ដហោះ ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ និង​ផ្តល់​ជម្រើស​កាន់តែ​ច្រើន​ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​អន្តរជាតិ។

កាលពីថ្ងៃ​ទី​៥ មិថុនា ម្សិលមិញនេះ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គម្រោង​សាងសង់​ស្ពាន​អាកាស រួម​ជាមួយនឹង​រថភ្លើង​លើ​អាកាស នឹង​ត្រូវ​បាន​អនុវត្ត ខណៈ​ពេល​បច្ចុប្បន្ន ការ​សិក្សា​លម្អិត​ពី​គម្រោង​នេះ បាន​ធ្វើ​ឡើង​រួចរាល់​ហើយ ។

លោក​បញ្ជាក់​ថា ៖« ជា​ជំហាន​ដំបូង គម្រោង​សាងសង់​រថភ្លើង​លើ​អាកាស​នេះ មា​នទី​តាំងនៅ​ចំណុច​ជិត​ផ្សារ​ធំ​ថ្មី ឆ្ពោះទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​មាន​ប្រវែង​១៨​គីឡូម៉ែត្រ ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា JICA » ។

លោក​បន្ត​ថា ៖« ការ​សាងសង់​ផ្លូវ​រថភ្លើង​អាកាស​នេះ នឹង​ត្រូវធ្វើ​ឡើងជា​២​ដំណាក់កាល ដោយ​បែងចែក​នៅ​លើ​អាកាស​ចំនួន​១៤​គីឡូម៉ែត្រ និង​នៅ​ក្រោម​ដី​មាន​ប្រវែង​៤​គីឡូម៉ែត្រ​ពី​ស្ថានីយ​ចំណត​ដែល​ស្ថិត​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​តែ​ម្ដង » ។ លោក​ថា ៖«​ហេតុផល​ដែល​ជ្រើសរើស​ទីតាំង​ខាងលើ​នេះ ក៏​ព្រោះ​ជា​រៀងរាល់ថ្ងៃ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី មាន​ភាព​កកស្ទះ​ច្រើន​ជាងគេ ជា​ពិសេស​ជា​មហាវិថី​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ចេញ​ទៅ​តាម​បណ្តា​ខេត្ត​នានា ក៏​ដូច​ជា​មាន​ភាព​មមាញឹក​សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​ចាកចេញ​ទៅ​ក្រៅប្រទេស​តាម​រយៈ​ការ​ហោះហើរ » ។

គម្រោងការ​សាងសង់​ផ្លូវ​រថភ្លើង​អាកាស ត្រូវ​បាន​ធ្វើការ​សិក្សា​តាំងពី​អំឡុង​ឆ្នាំ​២០១៤ ទៅ​លើ​ផ្លូវ​ចំនួន​៣​ខ្សែ ដោយ​ខ្សែ​ទី​១ ចាប់ផ្តើម​ពី​មហាវិថី​កម្ពុជា​ក្រោម​, មហាវិថី​ព្រះ​មុនី​វង្ស​, មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី និង​រង្វង់​មូល​ចោម​ចៅ​។ ខ្សែ​ទី​២ ចាប់ផ្តើម​ពី​មហាវិថី​ព្រះ​មុនី​វង្ស រត់​ស្រប​ផ្លូវ​រថភ្លើង​(​ចាស់​) ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ខ្សែ​ទី​៣ ចាប់ផ្តើម​ពី​ផ្សារ​ធំ​ថ្មី​, មហាវិថី​ហ្សា​ល​ដឺ​ហ្គោ​ល​, មហាវិថី​ព្រះ​មុនី​រ៉េ​ត​, ផ្លូវ​វេ​ង​ស្រេង ឆ្ពោះ​មក​រង្វង់​មូល​ចោម​ចៅ និង​បត់​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ ។

គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​លើ​អាកាស​នេះ គឺជា​គំនិត​ផ្ដួចផ្តើម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៤​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន កាលពី​ខែសីហា ឆ្នាំ​២០១៧​កន្លង​មក ។ ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​បាន​ស្នើ​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ ឲ្យ​ជួយ​គិតគូរ​ផ្ដល់​ជំនួយ​ជា​ហិរញ្ញវត្ថុ​និង​បច្ចេកទេស ដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​ដឹក​ជញ្ជូន ជា​ពិសេស រៀបចំ​ឲ្យ​មាន​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស​បែប​នេះ ដើម្បី​កាត់​បន្ថយ​នូវ​ការ​ចំណាយ​របស់​ពលរដ្ឋ ព្រមទាំង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ផ្សេង​ៗ ។

លោក​បណ្ឌិត វ៉ា​ន់ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម បាន​ថ្លែង​អបអរសាទរ និង​ស្វាគមន៍​ចំពោះ​គម្រោង​នេះ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា គម្រោង​នេះ​នឹង​ជួយ​សម្រួលការ​ធ្វើ​ចរាចរ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​ផ្តល់​ជម្រើស​កាន់តែ​ច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ ។ លោក​ថា ៖« ការ​សាងសង់​រថភ្លើង​អាកាស នឹង​ផ្តល់​សោភ័ណ​ភាព​ដល់​រាជធានី​ភ្នំពេញ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ » ។

លោក​បន្ត​ថា ៖« វា​បង្ហាញ​ពី​ភាព​រីក​ចម្រើន និង​ជាទី​ក្រុង​ស៊ី​វិ​ល័យ​មួយ ដែល​នឹង​ផ្តល់​នូវ​ទេសភាព​ស្អាត​សម្រាប់​ទីក្រុង​មួយ ហើយ​វា​នឹង​ជួយ​សម្រួល​ចរាចរណ៍ ។ ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​នឹង​ចាប់អារម្មណ៍ »៕