ក្រុម​ហ៊ុន​ជប៉ុនមួយ​​​​គ្រោង​នឹង​បោះ​ទុន​វិនិយោគ​សួនសត្វ​ដ៏​ធំ​​នៅ​កម្ពុជា!

0
2255

​ក្រុមហ៊ុន​ជប៉ុន​មួយ​គ្រោង​នឹង​បោះ​ទុន​វិនិយោគ​សួន​សត្វ​ដ៏​ធំ​មួយ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​​ឧទ្យាន​រាជបណ្ឌិត​សភា​កម្ពុជា​តេជោសែន ឫស្សី​ក្រឹប​​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។ នេះ​បើ​យោង​តាម​ការ​ចុះ​អនុស្សរណៈ​យោគ​យល់​​គ្នា រវាង​ក្រុមហ៊ុន B.M Nature Safari Co.Ltd.  និង​រាជបណ្ឌិត​សភា​កម្ពុជា​​កាល​ពី​ថ្ងៃទី​២៨ ខែ​កក្កដា ​ចុង​សប្ដាហ៍​មុន។

ថ្លែង​ក្នុង​ឱកាស​នោះ​ លោក​បណ្ឌិត​ សុខ ទូច​ ប្រធាន​រាជបណ្ឌិត​សភា​​កម្ពុជា​បាន​ថ្លែង​ថា ​គម្រោង​បង្កើត​សួន​សត្វ​នេះ ​គឺ​ស្ថិត​​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​ ១​ម៉ឺន៤០០​ហិចតា​ នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ដំណាក់​កាល​ៗ​ ព្រោះ​គម្រោង​នេះ​មាន​ទំហំ​ធំ​។ គម្រោង​ជំហាន​ដំបូង​នឹង​ផ្ដោត​ទៅ​លើ​​ការ​អភិរក្ស​ពពួក​សត្វ​កម្រ និង​ជិត​ផុត​ពូជ​ ព្រមទាំង​ការ​ពារ​មិន​​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​។

​លោក​បាន​បន្ថែម​​ថា ​រាជបណ្ឌិត​សភា​កម្ពុជា​ គឺ​ជា​ស្ថាប័ន​ស្រាវជ្រាវ​មិន​មាន​ថវិកា​គ្រប់​គ្រាន់​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​ចាំ​បាច់​រក​ដៃ​គូ​​ផ្នែក​​វិស័យ​ឯកជន​ដើម្បី​បង្កើត​សួនសត្វ​នោះ​ឡើង​ ខណៈ​ពីមុន​ក៏​មាន​ក្រុមហ៊ុន​ចំនួន​៤ ដែរ​ ​ចែចូវ​​ចង់​​បាន​​គម្រោង​នេះ​ ប៉ុន្តែ​​មាន​ចំណុច​ខ្វែង​គ្នា​​ទើប​ចុង​ក្រោយ​រាជបណ្ឌិត​សភា​សម្រេច​​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​​​ ​B.M Nature Safari Co.Ltd.​ ​បង្កើត​សួន​សត្វ​នេះ​ឡើង​។

លោក គីណូស៊ិតា សូរី ប្រធាន​ក្រុមហ៊ុន B.M. Nature Safari Co. LtD. ថ្លែង​ថា ពេលនេះ​យើង​នៅ​មាន​ពេល​វេលា ក្នុង​ការ​ថែ​រក្សា​ការពារ​ព្រៃ​ធម្មជាតិ សត្វព្រៃ ដូច្នេះ​ត្រូវ​រួម​សហការ​គ្នា ដើម្បី​ជំរុញ​ឱ្យ​ព្រៃ​ឈើ​និង​សត្វព្រៃ​នានា​បន្ត​មាន​វត្តមាន​បន្ត​ទៀត។ ​ក្រុម​ហ៊ុន​​លោក​នឹង​នាំ​យក​បច្ចេកវិទ្យា​ទំនើប​របស់​ជប៉ុន​មក​ជំរុញ​ការ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ឧទ្យាន​នេះ ឱ្យ​ត្រូវ​កម្រិត​ស្តង់ដារ​ល្អ និង​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កម្ពុជា ហើយ​កន្លង​មក​ក្រុមហ៊ុន​បាន​សហការ​បង្កើត​សួន​សត្វ​ប្រភេទ​នេះ នៅ​បណ្ដា​ប្រទេស​ជា​ច្រើន ពិសេស​នៅ​ទ្វីប​អាហ្វ្រិក​។

អនុស្សរណៈ​យោគ​យល់​គ្នា​រវាង​​​ក្រុម​ហ៊ុន​ជប៉ុន និង​រាជបណ្ឌិត​សភា​កម្ពុជា​មាន​ចំនួន​៤ ​ចំណុច​៖

  • ទី​​១​ សិក្សា​ស្រាវ​ជ្រាវ​ពី​ប្រភេទ​សត្វព្រៃ​ និង​ជីវៈ​ចម្រុះ​គ្រប់​ប្រភេទ​​នៅ​ក្នុង​ឧទ្យាន
  • ទី​២ ប្រមូល​ និង​ទទួល​សត្វព្រៃ​គ្រប់​ប្រភេទ​ ដែល​កំពុង​រង​គ្រោះ និង​ជិត​ផុត​ពូជ ឬ​ប្រភេទ​សត្វ​កម្រ​ដែល​មាន​​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​មក​អភិរក្ស​ និង​ថែរក្សា​នៅ​ក្នុង​ឧទ្យាន
  • ទី​៣​ បង្កើត​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​​អ្នក​ជំនាញ​សត្វព្រៃ​ និង​ឧទ្យានុរក្ស ដែល​មាន​ទីតាំង​នៅ​ក្នុង​ឧទ្យាន
  • ទី​៤ សិក្សា​រៀបចំ​​ផែន​ការ​​មេ ​ក្នុង​ការ​បង្កើត​សួន​សត្វ​សាហ្វារី ​(Safari) ដើម្បី​​គ្រប់​គ្រង​ និង​អភិរក្ស​សត្វព្រៃ និង​ជីវៈ​ចម្រុះ​ក្នុង​ឧទ្យាន។ បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​សួន​សត្វ​ចំនួន​ពីរ​ គឺ​សួន​សត្វ​ភ្នំតា​ម៉ៅ ដែល​សួន​សត្វ​នេះ​មាន​ចម្ងាយ​ប្រមាណ​ជា ៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ សួន​សត្វ Phnom Penh Safari World ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ ជ្រោយ​ចង្វារ​ រាជ​ធានី​ភ្នំពេញ របស់​លោក​ឧកញ៉ា លី​ យ៉ុង​ផាត់ ដែល​​បាន​​​ដាក់​ឱ្យ​ដំណើរ​កាល​ពី​ពេល​ថ្មីៗ​​នេះ​ ស្ថិត​​លើ​ផ្ទៃ​ដី​ទំហំ ៨០​ហិកតា។

លោក​បណ្ឌិត​ សុខ ទូ​ច សង្ឃឹម​ជឿ​ជាក់​​​ថា សួនសត្វ​ដែល​គ្រោង​នឹង​បង្កើត​នេះ​នឹង​ ក្លាយ​ជា​សួន​គំរូ​សម្រាប់​អាស៊ាន ក៏​ដូចជា​ក្នុង​ប្រទេស​កម្ពុជា​​ ព្រមទាំង​​​​បាន​អំពាវ​នាវ​ប្រជាពលរដ្ឋ​​ទាំងអស់​រួម​គ្នា​អភិរក្ស​ព្រៃ​ឈើ​ ដែល​នៅ​សេសសល់​ ដើម្បី​ឈាន​ទៅ​ប្រែក្លាយ​តំបន់​នោះ​ពី​ទេសចរ​វប្បធម៌​ទៅ​ជា​ទេសចរ​បែប​បរិស្ថាន​ធម្មជាតិ​៕ ប្រភព : sabay