ក្រសួងសាធារណការគ្រោងចំណាយថវិការជាង៧៥លានដុល្លារសម្រាប់ការកែល្អលម្អផ្លូវលេខ៤៨ក្នុងខេត្តកោះកុង សំដៅរក្សាគុណភាពយូរអង្វែងដល់អ្នកប្រើប្រាស់។
យោងតាមហ្វេសបុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញ ក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងស្ថិតក្នុងខេត្តកំពង់ស្ពឺ កោះកុង និង ខេត្តព្រះសីហនុ លោករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានលើកឡើងថា នៅពេលនេះក្រសួងកំពុងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនបច្ចេកទេស ដើម្បីរៀបចំដាក់ឱ្យដេញថ្លៃគម្រោងជួសជុលផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុងដែលមានតម្លៃជាង៧៥លានដុល្លារអាមរិក ។
លោកបានឲ្យដឹងផងដែរថា ថវិការទាំងនោះគឺបានមកពីកម្ចីពីសាធារណរដ្ឋកូរ៉េប្រមាណ៦៧លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលប្រមាណ ៨លានដុល្លារ។
លោកក៏បានសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ចំពោះការលំបាកក្នុងការធ្វើដំណើរ និងបានបញ្ជាក់ថា ក្រសួងបានដឹងទាំងអស់អំពី ស្ថានភាពខូចខាតផ្លូវក្នុងរដូវភ្លៀងឆ្នាំនេះ តែត្រូវរង់ចាំតែរដូវភ្លៀងកន្លងផុតសិន ទើបក្រសួងនឹងចាប់ផ្តើមចាត់វិធានការ ជួសជុលឡើងវិញបាន។
យោងតាមរបាយការណ៍របស់នាយកដ្ឋានផ្លូវថ្នល់ គិតមកត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ ទំហំនៃការខូចខាតផ្លូវជាតិលេខ៤៨ពីស្រុកស្រែអំបិលទៅខេត្តកោះកុងមានប្រវែងសរុប ៣៥,៥៤ គ.ម លើប្រវែងសរុប១៥៩,៦០គ.ម ស្មើនឹង២២,២៦% ដែលក្នុងនោះរាប់បញ្ចូលទាំងកំណាត់ផ្លូវដែលបានធ្វើការជួសជុលកាលពីឆ្នាំ២០១៧ផងដែរ៕