ក្រសួង​ដាក់ចេញ​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​គំរូ​លើក​ទី​២ និង​ស្វែងរក​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​គំរូ​លើក​ដំបូង

0
2192
រមណីយដ្ឋានធម្មជាតិទឹកជ្រោះតាតៃដ៏ស្រស់ស្អាត (កោះកុង)

ភ្នំពេញ​ ៖​ លោក​រដ្ឋលេខាធិការ ជា បូរ៉ា តំណាងឱ្យ​លោក​រដ្ឋមន្ត្រី​ទេសចរណ៍ ថោង ខុន បាន​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​មួយ​កាលពី​ថ្ងៃទី​២៣ ខែឧសភា នៅ​សណ្ឋាគារ​ភ្នំពេញ ដោយ​ជំ​រុញឱ្យ​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់​ចូលរួម​ប្រឡងប្រណាំង​យក​ស្នាដៃ​គំរូ​លោក​ទី​២ និង​ឱ្យ​សហគមន៍ អេកូ​ទេសចរណ៍​ទាំងអស់ ប្រកួតប្រជែង​ធ្វើ​គំរូ​គេ​ជា​លើកដំបូង​។​ ​លោក​ថា ទាំង​រមណីយដ្ឋាន ទាំង​សហគមន៍​អេកូ​-​ទេសចរណ៍​ដែល​បាន​បង្កើតឡើង គឺ​សុទ្ធសឹងតែ​ជា​ផលិតផល​ទេសចរណ៍ ដែល​ទេសចរណ៍​ទូទៅ​ត្រូវការ ចង់​ទស្សនា​កម្សាន្ត មិនអាច​ខ្វះ​បាន នៅពេលដែល​អង្គការ​ទេស​ចរណ៍​ពិភពលោក (WTO) មើលឃើញថា​ទេសចរណ៍​ពិភពលោក កំពុង​ងាក​ទៅរក​គោលដៅ​ទេសចរណ៍ធម្មជាតិ​មួយ​មាន​ភាពរឹងមាំ ពោរពេញ​ទៅដោយ​បរិស្ថាន​ល្អ​ប្រណិត ទាក់ភ្នែក​-​ទាក់​អារម្មណ៍​ទៅដល់​ពួកគេ​។

លោក ជា បូរ៉ា បានឱ្យ​តម្លៃ​ទៅលើ​រមណីយដ្ឋាន និង​សហគមន៍​អេកូ​ទេសចរណ៍​ទាំងអស់​ថា ជា​គោលដៅ​ទេសចរណ៍​មួយ​មាន​សារសំខាន់​ក្នុងការ​បម្រើ​ភ្លៀវ​ទេសចរ ពេលដែល​គេ​ចូលមក​កម្សាន្ត​-​សម្រាក និង​ដើរលេង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ។ ដូច្នេះ​យើង​ជា​ម្ចាស់ផ្ទះ គ្មានអ្វី​ក្រៅពី​ធ្វើការ​ខិតខំ​កែលំអរ នូវ​រាល់​គ្រប់​រចនាសម្ព័ន្ធ​ទាំងអស់​ឱ្យមាន​គុនភាព ការពារ​អភិរក្ស​បរិស្ថាន ធ្វើ​អនាម័យ​ឱ្យ​ភ្ញៀវ​ស្នាក់នៅ ហូបចុក​មាន​សុវត្ថិភាព​ស្របទៅតាម​បទដ្ឋាន​ស្តង់ដារ ហើយក៏​មាន​ស្តង់ដារ​ដាក់ចេញ​ដោយ​អាស៊ាន​ផងដែរ​។ ដូច្នេះ​ចលនា​ប្រឡងប្រណាំង​នេះ​មានគុណ​តម្លៃ​ទៅដល់​រមណីយដ្ឋាន សហគមន៍​អេកូ​ទេសចរណ៍​ណា​ដែល​ជាប់​ជា​គំរូ​ល្អ អាច​កាន់​តែមាន​សក្តានុពល​ទាក់ទាញ​ទេសចរណ៍​បាន​ច្រើន ដើម្បី​ឈានទៅ​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ សំរាប់​លើក​កំពស់​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​ដល់​រមនីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​បានល្អ​ប្រសើរ​។

​លោក ជុក ជំនោ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​បានធ្វើ​បទ​បង្ហាញ​ពី​លក្ខណៈ​ចលនា​ប្រឡងប្រណាំង ដោយមាន​យន្តការ​វាយតម្លៃ​គុណភាព និង​ឱ្យ​ពិន្ទុ ។ រមណីយដ្ឋាន​ទូទាំងប្រទេស​មាន​ជិត ៤០០ រមណីយ​យ​ដ្ឋា​ន​។ ក្នុងនោះ​រដ្ឋ​គ្រប់គ្រង ២៦២ ។ ឯកជន​គ្រប់គ្រង ៧០ និង​សហគមន៍​គ្រប់គ្រង ៥៨ ។

​ផ្អែក​តាម​របាយការណ៍​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍​ដែល​បាន​ព្រាង​រួចហើយ​បាន​បង្ហាញថា តំបន់​អេកូ​ទេសចរណ៍​ទាំងអស់​ចង់ឱ្យ​ទេសចរណ៍​អន្តរជាតិ​ងាក​ទៅលេង​ឱ្យបាន​បី​លាន​នាក់ នៅ​ឆ្នាំ​២០២០​។ បួន​លាន​នាក់​នៅ​ឆ្នាំ ២០១៥ ។ ១០​លាន​នាក់​នៅ​ឆ្នាំ​២០៣០​។ ពេលបច្ចុប្បន្ន​ទេសចរ​បាន​បោះតង់​ស្នាក់នៅ​កម្សាន្ត​តាម​តំបន់​អេកូ​ប្រមាណ ៥០​ម៉ឺន​នាក់ ក្នុង​មួយឆ្នាំៗ​។ ចាប់ពីពេលនេះ​តទៅ​មន្ទីរ​ទេស​ខេត្ត​-​រាជធានី ម្ចាស់​សហគមន៍ អ្នកគ្រប់គ្រង​រមនីយ​ដ្ឋា​ន អាចមក​ចុះឈ្មោះ ដាក់​បេក្ខភាព នូវ​រមណីយដ្ឋាន និង​សហគមន៍​អេកូ​ទេសចរណ៍​ដេ​ល​ខ្លួន​ពេញចិត្ត ដើម្បី​ប្រឡងប្រណាំង​យក​ស្នាដៃ​៕