ក្រសួងទេសចរណ៍ សហការជាមួយ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា រៀបចំពិព័រណ៍ទេសចរណ៍ជាតិ នៅសាលពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២០ ដល់ ២២!

0
1770

(ភ្នំពេញ)៖ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ក្នុងប្រទេសឱ្យកាន់តែមានសន្ទុះខ្លាំងក្លា បន្ថែមទៀត ក្រសួងទេសចរណ៍ បានសហការជាមួយ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដើម្បីរៀបចំតាំងពិព័រណ៍ទេសចរណ៍ជាតិ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ខាងមុខនេះ នៅសាលពិព័រណ៍កោះពេជ្រ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៣ ខែកក្កដាម្សិលមិញ ក៏បានដឹកនាំប្រជុំពិភាក្សាជាមួយដៃគូឯកជន សហគមន៍ទេសចរណ៍នានា ដែលបម្រើដល់​វិស័យទេសចរណ៍នៅកម្ពុជា ដើម្បីពង្រឹងគុណភាពសេវាកម្មសម្រាប់ភ្ញៀវទេសចរនៅក្នុងស្រុក នាទីស្តីការក្រសួងទេសចរណ៍។

គោលបំណងពិព័រណ៍ទេសចរណ៍កម្ពុជា ឆ្នាំ២០១៨នេះរួមមាន៖

ទី១៖ ជួយលើកស្ទួយដល់បងប្អូនប្រជាសហគមន៍ និងសហគមន៍ទេសចរណ៍ក្នុងស្រុកឱ្យបានចូលរួមក្នុងកម្មវិធីពិរព័ណ៌ជាតិ និងមានឱកាសចូលរួម ដាក់តាំងបង្ហាញផលិតផល សកម្មភាពទេសចរណ៍ និងភាពទាក់ទាញរបស់សហគមន៍ខ្លួន ដែលកំពុងតែមានតម្រូវការ ទទួលស្គាល់ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ហើយអាចជាប្រយោជន៍ដើម្បីថែរក្សា បង្កើនការយល់ដឹងអំពីផលិតផលជាតិ និងតំបន់ទេសចរណ៍ក្នុងស្រុក ដើម្បីឱ្យមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។

ទី២៖ បង្កើនការយល់ដឹង និងធ្វើឱ្យស្គាល់កាន់តែច្បាស់អំពីផលិតផលទេសចរណ៍ជាតិដល់សាធារណជន ដើម្បីងាយស្រួលក្នុងការពង្រីកកញ្ចប់ទស្សនកិច្ច និងពន្យាពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។

ទី៣​៖ ចូលរួមផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ថ្មីៗ នៅទូទាំងប្រទេសកម្ពុជា ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ទី៤៖ ការរៀបចំពិរព័ណ៌ម្ហូបអាហារក្នុងគោលបំណង ដើម្បីជួយជំរុញក្នុងការផ្សព្វផ្សាយអំពីម្ហូបអាហារជាតិ ដល់អ្នកចូលរួមទស្សនា បានស្គាល់កាន់តែច្បាស់ និងមានភាពទូលំទូលាយ អោយស្គាល់អត្តសញ្ញាណម្ហូបអាហារជាតិខ្មែរ ដែលសព្វថ្ងៃធ្វើការផ្សព្វផ្សាយម្ហូបអាហារជាតិ របស់ខ្មែរនៅមានកម្រិត។

និងទី៥៖ ផ្តួចផ្តើមបង្កើតឱ្យមានសកម្មភាពទេសចរណ៍ឱ្យកាន់តែច្រើនដើម្បីពន្លឿន ការអភិវឌ្ឍ និងដើរឱ្យទាន់នូវសម័យកាលទំនើប ក្នុងសមាហរណកម្មអាស៊ាន។

ជាមួយគ្នានេះ លោក ថោង ខុន បានបន្តថា ដោយសារតែហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា បច្ចុប្បន្នមានការរីកចម្រើនយ៉ាងឆាប់រហ័សនេះ ពីមួយឆ្នាំទៅមួយឆ្នាំកំណើនភ្ញៀវទេសចរនៅក្នុងស្រុក មានការកើនឡើងយ៉ាងច្រើន ហើយរយៈពេលប៉ុន្មានចុងក្រោយឆ្នាំនេះ បានផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិធ្វើដំណើរទស្សនកិច្ចរបស់ខ្លួន និងក្រុមគ្រួសារទៅតាមបណ្តាលខេត្តមួយ ចំនួនដូចជា នៅតំបន់ភូមិភាគឦសាន្ត រួមមាន៖ ខេត្តរនតគិរី, ខេត្តមណ្ឌលគីរី, តំបន់ភាគពាយ័ព្យ តំបន់នៅភាគនិរតី និងតំបន់ផ្សេងៗទៀតផងដែរ។ ជាពិសេសជារៀងរាល់ឆ្នាំ នៅក្នុងពិធីបុណ្យទានផ្សេងៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាបុណ្យធំជាងគេ គឺកម្ពុជា ទទួលបានភ្ញៀវជាតិ ប្រមាណ៥លាននាក់ ឯណោះ។ រីឯសម្រាប់ពិធីបុណ្យផ្សេងៗ ទៀត គឺទទួលបានចំនួនភ្ញៀវទេសជាតិប្រមាណ២លាននាក់ ផងដែរ៕