ក្រសួងទេសចរណ៍ នឹង​រៀបចំ​វត្ត​អារាម​ឱ្យក្លាយ​ទៅជា​វត្ត​ទេសចរណ៍​ដ៏​ទាក់ទាញ

0
2079

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ក្រសួង​ធម្មការ និង​សាសនា សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) រួមជាមួយ​មន្ទីរ-ស្ថាប័ន​ពាក់ព័ន្ធ នឹង​រៀបចំ​ទី​វត្ត​អារាម​ដែលមាន​ភាពលេច​ធ្លោរ​ជាងគេ ពិសេស​នៅតាម​តំបន់​គោលដៅ​ទេសចរណ៍សំខាន់ៗ ឱ្យក្លាយ​ទៅជា​វត្ត​ទេសចរណ៍​ដ៏​ទាក់ទាញ ដើម្បី​ចូលរួម​លើកកម្ពស់​សក្តានុពល​ទេសចរណ៍ ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​ថែមទៀត ពិសេស​ដើម្បី​ពង្រីក​កិច្ច​អភិរក្ស និង​អភិវឌ្ឍន៍។

ជាក់ស្ដែង​នា​ព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨កន្លងមកនេះ កិច្ចប្រជុំ​ឆ្លង​គោលការណ៍​ណែនាំ​ស្ដីពី​វត្ត​ទេសចរណ៍​មួយ ត្រូវបាន​ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ក្រោម​អធិបតីភាព​លោក​ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដោយមាន​ការចូលរួម​ពី​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក​តុ​ប សុភ័ក អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ លោកជំទាវ ឆាយ ស៊ីវ​លីន​ប្រធាន CATA ជាដើម។

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក​ទិ​ត ចន្ថា បាន​មានប្រសាសន៍ថា ការរៀបចំ​ឱ្យមាន «វត្ត​ទេសចរណ៍» នេះ គឺជា​ការជំរុញឱ្យ​ទី​អារាមសំខាន់ៗ នៅក្នុង​តំបន់​គោលដៅ​ទេសចរណ៍ ក៏ដូចជា​ការ​ប្រែក្លាយ​វត្ត​អារាម នៅតាម​តំបន់​គោលដៅ​ទេសចរណ៍ធំៗនៅ​កម្ពុជា ឱ្យក្លាយ​ទៅជា​កន្លែង​ទាក់ទាញ​ទេសចរ ឬ​អាច​ទទួល​ទេសចរ​ឱ្យទៅ​ទស្សនា​នៅក្នុង​ទី​អារាម​ទាំង​នោះបាន ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួងទេសចរណ៍​ក៏​កំពុង​ជំរុញ​ទេសចរ​ជាតិ-អន្តរជាតិ ឱ្យទៅ​ទស្សនា​នៅ​គ្រប់​គោលដៅ​នៃ​ប្រទេស​កម្ពុជា។

ការរៀបចំ​វត្ត​ទេសចរណ៍​នេះ មាន​គោលដៅ​សំខាន់​ចំនួន២ រួមមាន ទី១ ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ស្នាក់​នៅបាន​ក្នុង​រយៈពេល​យូរ ចំណាយ​ប្រាក់​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា។ ផ្តល់​ឲ​ភ្ញៀវ​មាន​ជំរើស​ច្រើន​ក្នុងការ​ទស្សនា និង​ម្យ៉ាងទៀត ក៏​នឹង​ផ្ដល់នូវ ប្រភព​ចំណូល និង​ការជួយ​ដល់​វត្ត​អារាម​ទាំងនោះ​ផងដែរ។ ទី២ ផ្ដល់​ការអប់រំ និង​ការយល់ដឹង​ដល់​ភ្ញៀវទេសចរ ពិសេស​ទេសចរ​អន្តរ​ជាតិ​ក្នុង​ការសិក្សា ស្វែងយល់​ពី​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ដែលជា​សាសនា​របស់​រដ្ឋ (មានចែង​ក្នុង​មាត្រា៤៣ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា)។

លោក​ទិ​ត ចន្ថា បាន​បង្ហើប​ឱ្យដឹងថា ដើម្បី​ទទួលស្គាល់​វត្ត​ថា​ជា​វត្ត​ទេសចរណ៍​បាន គឺ​វត្ត​ទាំងនោះ ត្រូវតែមាន​សូចនាករ​ក្នុងការ​កំណត់ ជា​វត្ត​លេចធ្លោរ​ជាងគេ​មាន​ទីតាំង​ល្អ មាន​ប្រវត្តិ​អស្ចារ្យ វត្ត​ដែលមាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ល្អ មាន​របៀបរៀបរយ​ល្អ​ស្អាត មាន​កិត្តិនាម​ល្បីល្បាញ​ល្អ។ ព្រះសង្ឃ ឬ​អាចារ្យវត្ត ក៏​អាច​ធ្វើជា​មគ្គុទ្ទេសក៍​ទេសចរណ៍​បានដែរ ដើម្បី​បង្ហាញ​ពី​ប្រវត្តិ ឬ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​វត្ត​ទេសចរណ៍​ទាំងនោះ ប៉ុន្តែ​ក៏ត្រូវ​អនុវត្ត​ឱ្យ​ស្របតាម​គោលការណ៍​ណែនាំ​របស់​អន្តរក្រសួង​ដែរ ដែល​នឹង​ចេញ​ជា​ផ្លូវការ​នាពេលខាងមុខ។

ទោះជា​យ៉ាងណា នៅតាម​វត្ត​អារាមសំខាន់ៗមួយចំនួន នៅតាម​តំបន់​គោលដៅ​ទេសចរណ៍សំខាន់ៗ ក៏​កំពុង​រៀបចំ​បណ្ដើរ​ហើយ​ដែរ និង​មាន​ទេសចរ ទស្សនា​ជា​បន្ត​ប  ន្ទា​ប់​ផងដែរ៕