កូនស្វាកន្ទុយសឈ្មោលមួយក្បាលដែលជាប្រភេទសត្វកម្រជុតផុតពូជត្រូវបានពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនដល់ក្រសួងបរិស្ថានដើម្បីបន្តការពារនិងអភិរក្ស

0
206

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាន ដែលបានទទួលកូនសត្វស្វាកន្ទុយសនេះដោយផ្ទាល់ពីពល រដ្ឋអំឡុងបំពេញបេសកកម្មនៅលើ ទឹកដីខេត្តមណ្ឌលគិរីនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះ បានថ្លែង អំណរគុណដល់ពលរដ្ឋដែលស្ម័គ្រចិត្តប្រគល់កូនសត្វស្វាកន្ទុយសនេះ និងបានអំពាវនាវដល់ពលរដ្ឋមួយចំនួនតូចដែលកំពុងលួចលាក់ចិញ្ចឹមសត្វព្រៃប្រភេទកម្រនៅតាមផ្ទះប្រគល់ជូនដល់ក្រុមអ្នកអភិរក្សព្រោះសត្វព្រៃត្រូវតែរស់នៅក្នុងព្រៃ ហើយការយកសត្វព្រៃកម្រមកចិញ្ចឹមគឺខុសច្បាប់។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថាកូនស្វាកន្ទុយសឈ្មោលមួយក្បាលដែលមានអាយុ ប្រមាណ ២ ខែនេះនឹងត្រូវថែរក្សាការពារនិងចិញ្ចឹមដោយក្រុមអភិរក្ស ដើម្បីឱ្យសត្វស្វាមួយក្បាលនេះមានសុខភាពល្អ ចេះគ្រប់គ្រងខ្លួនឯង មុននឹងយកទៅព្រលែងចូលក្នុង ព្រៃធម្មជាតិវិញ។ បើតាមឯកឧត្តម នេត្រ ភក្ត្រា នៅឆ្នាំ ២០២០ កូនស្វាកន្ទុយសចំនួន ២ ក្បាលត្រូវបានពលរដ្ឋប្រគល់ជូនសមត្ថកិច្ចអនុវត្តច្បាប់ខេត្តមណ្ឌលគិរី និងបានកំពុងថែរក្សាដោយក្រុមអ្នកអភិរក្ស។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា សូមពលរដ្ឋមួយចំនួនតូចដែលនៅតែយាយីសត្វព្រៃ ត្រូវបញ្ឈប់សកម្មភាពចាប់សត្វព្រៃ បរបាញ់សត្វ និងដាក់អន្ទាក់ចាប់សត្វព្រៃ និងបញ្ឈប់ការយកសត្វកម្រមកចិញ្ចឹម បើពុំនោះទេ នឹងត្រូវប្រឈមមុខច្បាប់។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា តាមការសិក្សារបស់មន្ត្រីជំនាញផ្នែកសត្វព្រៃ សត្វស្វាកន្ទុយសជាប្រភេទសត្វកម្រជិតផុតពូជបំផុតនៅលើពិភពលោក។ គេមិនមានរបាយការណ៍សត្វស្វាកន្ទុយសសរុបនៅលើពិភពលោកទេ ប៉ុន្តែមានមិននៅសេសល់ច្រើននោះឡើយ។ តាមទិន្នន័យ ស្វាកន្ទុយសនៅកម្ពុជាបច្ចុប្បន្នមានចំនួនប្រមាណជាង ២ ម៉ឺនក្បាល ហើយវត្តមានរបស់សត្វកន្ទុយសនេះច្រើនជាងគេគឺនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីដែលតាមការសិក្សាមានចំនួន ៦.៧៥៦ក្រុម។ ឯកឧត្តមបានថ្លែងថា ដោយមានការអភុរក្សបានល្អ និងការអនុវត្តច្បាប់តឹងរ៉ឹង ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ចំនួនសត្វស្វាកន្ទុយសនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាមាន ស្ថេរភាព។ ក្រៅពីស្វាកន្ទុយស កម្ពុជាមានប្រភេទពានរដែលជិតផុតពូជផ្សេងទៀយលើពិភពលោកដូចជា ទោចថ្ពាល់លឿង ស្វាអង្កត់ ស្វាព្រាម ស្វាក្តាម ជាដើម។

រដ្ឋលេខាធិការក្រសួងបរិស្ថានបាន ឱ្យដឹងថា ក្នុងកិច្ចខិតខំប្រឹងប្រែង អភិរក្សសត្វព្រៃ ក្រសួងបរិស្ថាន និងអង្គការដៃគូ រួមនឹងសហគមន៍តំបន់ការពារធម្មជាតិបានអប់រំពលរដ្ឋកុំបរិភោគសាច់សត្វព្រៃ និងចុះទប់ស្កាត់ បង្ក្រាបបទល្មើសសត្វព្រៃ និងការដោះអន្ទាក់ចេញពីក្នុងតំបន់ការពរធម្មជាតិ។ ឯកឧត្តមថ្លែងថា អន្ទាក់គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃ ហើយនៅឆ្នាំ២០២០ កន្លងទៅ អន្ទាក់គ្រប់ប្រភេទប្រមាណ ៥ ម៉ឺនអន្ទាក់ត្រូវដោះចេញពីក្នុងតំបន់ការពារធម្មជាតិ និងជួយសង្គ្រោះជីវិតសត្វព្រៃជាច្រើនក្បាល៕