ព្រះវិហារ ៖ កាលពីម្សិលមិញអាជ្ញាធរនិងប្រជាពលរដ្ឋទូទាំងខេត្តនិងមកពីបណ្តាខេត្តនានាបានប្រារព្ធពិធីអបអរសាទរខួបលើកទី១០នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ពិធីក្រោមអធិបតេយ្យភាពលោកមាសសុភាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ។ លោកអ៊ុនចាន់ដាអភិបាលខេត្តព្រះវិហារនិងលោកគឹមសេតារាប្រធានអាជ្ញាធរជាតិប្រាសាទព្រះវិហារកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៨ស្ថិតនៅលើបរិវេណតំបន់ប្រាសាទព្រះវិហារក្នុងភូមិមរតកតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកមាសសុភាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារបានមានប្រសាសន៍ថាប្រាសាទព្រះវិហារជាសម្បត្តិជាតិដ៏មានតម្លៃមិនកាត់ថ្លៃបានឡើយ។ដែលបុព្វបុរសដូនតាយើងលោកបានកសាងឡើងក្នុងការបូជាដល់ព្រះសិវៈ និងបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ។
លោកក៏បានបន្តឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាប្រាសាទព្រវិហារ ត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ(UNESCO)និងការពារជាដាច់ខាតនូវការបំពានពីបរទេសដទៃ។
នៅក្នុងពិធីនោះដែរក៏មានការទូងស្គរបង្ហោះប៉េងប៉ោងនិងមានការរាំកម្សាន្តសប្បាយដើម្បីជាការអបអរសាទរនៃការរំលឹកខួប១០ឆ្នាំនៃការបញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពីភពលោកផងដែរ៕