ការណែនាំ​ឲ្យ​​អភិរក្ស​គំនូរ ​និង​សំណង់​វត្ត​បុរាណ នាំ​ឲ្យ​វត្ត​ចំណាស់​កាន់តែ​មានតម្លៃ​

0
1935

បន្ទាយមានជ័យ៖ ការណែនាំ​ថ្មី​បន្ថែមទៀត​របស់​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា​ឲ្យ​បង្កើន​អភិរក្ស​គំនូរ​និង​សំណង់​វត្ត​បុរាណ​។​ប្រការនេះ នាំ​ឲ្យ​វត្ត​ចំណាស់​មួយចំនួន​នៅ​ខេត្តបន្ទាយមានជ័យ​កាន់តែ​មានតម្លៃ​។​

នេះ​បើតាម​ចំណាប់អារម្មណ៍​របស់​ចា​ស់​ព្រឹទ្ធាចារ្យ ពុទ្ធបរិស័ទ អាចារ្យ គណៈកម្មការ ព្រះសង្ឃ នៃ​វត្ត​វ័យ​ចំណាស់ៗ​មួយចំនួន​ដែល​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៤ ខែមិថុនា​។​

អាចារ្យ​គណ​:​កម្ម​ការ​និង​ព្រះសង្ឃ​វត្ត​ប៉ោយ​ស្វាយ​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​:​វត្ត​ចំណាស់​ជិត​២០០​ឆ្នាំ​មួយ​នេះ​រីករាយ​នឹង​ការណែនាំ​បន្ថែម​ជាថ្មី​របស់​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា​ដែល​ហាមឃាត់​បំផ្លាញ រុះរើ​សំណង់​បុរាណ រូបគំនូរ​និង​សមិទ្ធផល​កេរ​នៃ​វត្ត​។​ ប្រភព​បន្តថា​ ព្រះវិហារ​រូបគំនូរ​នៃ​វត្ត​នេះ​បានទទួល​ការអភិរក្ស​ការពារ​ទុកជា​កេរតំណែល​បូរាណ​រហូតមក ។ ទីតាំង​សំណង់​បុរាណ​នៅ​រក្សាទុក ឯ​សំណង់​ថ្មី​សង់​នៅ​ទី​ថ្មី​ចុះ​។​

លោក លុច ផ មេឃុំ​ទឹកជោរ​ក៏​ដូច​អាចារ្យ​គណកម្មការ​និង​ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​ចារ​លើ ឃុំ​ទឹកជោរ​ស្រុក​ព្រះនេត្រព្រះ ឲ្យ​ដឹងថា វត្ត​នេះ​បង្កើតឡើង​ពី​ឆ្នាំ​១៨០៨ មួយ ពេញចិត្ត​និង​គាំទ្រ​ការណែនាំ​នោះ​របស់​ក្រសួង​ធម្មការ​ដើម្បី​ការពារ អភិរក្ស​សំណង់​បុរាណ​នៅ​វត្ត​។​

លោក​យិន យឿន ប្រធាន​ម​ន្ទិ​រ​ធម្មការ​និង​កិច្ចការ​សាសនា​ខេត្តបន្ទាយមានជ័យ​អោយដឹងថា នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ​មាន​សេសសល់​សំណង់​វិហារ​និង​សំណង់​ក្នុង​វត្ត​បុរាណ​ចំណាស់​ពី​ជាង​១០០​ឆ្នាំ​ឡើង​ជាង​១០​កន្លែង​ហើយ​ច្រើនជាងគេ​នៅ​ស្រុក​ព្រះនេត្រព្រះ​និង​មង្គល​បូរី​។​ចំណែក​វត្ត​ចំណាស់​ពី​៥០​ឆ្នាំ​ឡើង​មាន​រាប់សិប​ទៀត ។​សំណង់​ទាំងនោះ នៅបាន​រក្សា​អភិរក្ស​ទុក​យ៉ាង​សមរម្យ​ដែរ​។​

សូម​រំលឹកថា ក្នុង​សិក្ខាសាលា​ស្តីពី​ព្រះវិហារ​បុរាណ ការ​ប្រឈម​នឹង​ហា​នី​យ​ភ័យ​និង​ការអភិរក្ស​ដែល​រៀបចំ​ដោយ​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា​នៅ​សាលសន្និសីទ​ចតុមុខ​ថ្ងៃទី​៧-៨​មិថុនា​ឆ្នាំ​២០១៨​កន្លងមក បាន​ណែនាំ​ជាថ្មី​ថា ហាមឃាត់​ដាច់ខាត​សកម្មភាព​វាយបំផ្លាញ បំផ្លិចបំផ្លាញ​ឬ​ធ្វើអោយ​ខូចខាត​នូវ​ទ្រង់ទ្រាយ​សំណង់​បុរាណ គំនូរ​បូរាណ វត្ថុ​បូរាណ​និង​សរណ​:​វត្ថុ​មានតម្លៃ​ផ្សេងទៀត ពិសេស​នៅតាម​វត្ត​អារាម​ព្រះពុទ្ធសាសនា​នានា​។​

ក្រសួង​នេះ ធ្លាប់​បានធ្វើ​សិក្ខាសាលា​និង​ចេញ​ការណែនាំ​បែបនេះ​ម្តង​ហើយ​កាលពី​ឆ្នាំ​២០១៤ ប៉ុន្តែ​មកទល់ពេលនេះ​នៅ​លេច​ឭ​ព័ត៌មាន​ថា មាន​គេ​លួច​ធ្វើអោយ​ខូចខាត​ឬ​បាត់​ទ្រង់ទ្រាយ​ដើម​ឬ​បំផ្លិចបំផ្លាញ​សំណង់​. គំនូរ វត្ថុ​បុរាណ …​មានតម្លៃ​មួយចំនួន ៕