កំពត ៖ អ្នកសហគមន៍នេសាទ ត្រពាំងរពៅ-ព្រែកក្រែង ស្ថិតក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ កាន់តែមានចំណាប់អារម្មណ៍ លើការចិញ្ចឹមត្រីសមុទ្រ ព្រោះប្រាក់ចំណូលប្រចាំឆ្នាំ គាប់ប្រសើរ។
កសិករ ឈ្មោះ រីម មី អាយុ ៥៨ ឆ្នាំ រស់នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា គាត់ចាប់ផ្តើមចិញ្ចឹមត្រីសមុទ្រ តាំងពីឆ្នាំ២០១១ ប៉ុន្តែកាលនោះ គឺបង្កើតជាបែរ នៅក្នុងព្រែកប៉ុណ្ណោះ។ ក្រោយពីមានសហគមន៍ គាត់ក៏ផ្លាស់ទីតាំង មកក្នុងសមុទ្រ ជាមួយបងប្អូន ជាសមាជិកសហគមន៍វិញ ដោយចែកវេនយាមប្រចាំថ្ងៃ។ ការចិញ្ចឹមក្នុងសមុទ្រត្រីលូតលាស់បាន ឆាប់រហ័ស និងមានគុណភាពល្អប្រសើរជាង។
កសិករដដែល បានបញ្ជាក់ឱ្យដឹងថា សម្រាប់គាត់ ចិញ្ចឹមតែពីរប្រភេទទេ គឺត្រីស្ពង់ និងត្រីតុកកែ ខណៈដែលអ្នកខ្លះ គេមានរហូតដល់ត្រីអាំងកឺយ និងត្រីផ្ទក់សមុទ្រទៀត។ ពូជត្រីស្ពង់ត្រូវទិញ ពីខេត្តព្រះសីហនុ ដោយតម្លៃមួយក្បាលពី ១.០០០ រៀល ទៅ ១.២០០ រៀល ។ ឯកូនត្រីតុកកែ គឺប្រមូលទិញពីអ្នកនេសាទ ក្នុងភូមិ ចាប់ពីមួយក្បាល ២៥០ រៀល ទៅ ២.០០០ រៀល។
កសិករ រីម មី បានបន្តថា ពីពេលព្រលែងកូន រហូតរយៈ ៧ ខែ ឬ ៧ ខែកន្លះ ត្រីកើនទម្ងន់មួយ ក្បាល ពី ០,៧០ គីឡូក្រាម ទៅមួយគីឡូក្រាម ទើបចាប់ផ្តើមប្រមូលផល ព្រោះពេញខ្នាត នៃតម្រូវការទីផ្សារ។ តម្លៃប្រែប្រួល តាមរដូវកាល គឺត្រីតុកកែ លក់ឱ្យឈ្មួញ ក្នុងមួយគីឡូក្រាម ពី ១១ ដុល្លារ ទៅ ១៣ ដុល្លារ។ ចំណែកត្រីស្ពង់ មួយគីឡូក្រាម ពី ៥ ដុល្លារ ទៅ ៦ ដុល្លារ។ អ្នកចិញ្ចឹម ត្រីរូបនេះ បានបញ្ជាក់ថា គាត់ធ្វើរួមគ្នា ពីរនាក់ មានចំនួនប្រាំបួនបែរ ដោយក្នុងមួយឆ្នាំ អាចទទួល ប្រាក់ចំណូល ប្រហែល ៥.០០០ ដុល្លារដែរ បន្ទាប់ពីទូទាត់ចំណាយរួចរាល់។ ប៉ុន្តែឆ្នាំដំបូង អាចសល់បានប្រហែល ២.០០០ ដុល្លារ ទៅ ៣.០០០ ដុល្លារប៉ុណ្ណោះ ព្រោះចំណាយលើការទិញ ឧបករណ៍ផ្សេងៗ។
លោក ទិត្យ រីន ប្រធានសហគមន៍នេសាទ ត្រពាំងរពៅ ព្រែកក្រែង បានប្រាប់ឱ្យដឹងថា ព្រោះតែ មើលឃើញ ពីប្រាក់ចំណូលគួរសម ពេលនេះ សមាជិកសហគមន៍ កាន់តែមានចំណាប់អារម្មណ៍ លើកការចិញ្ចឹមត្រីសមុទ្រ គឺប្រភេទត្រីតុកកែ ត្រីស្ពង់ ត្រីផ្ទក់សមុទ្រ និងត្រីអាំងកឺយ។
រហូតមកដល់ពេលនេះ សមាជិកសហគមន៍ ចំនួន ៣០ គ្រួសារ បានមកចិញ្ចឹម ជាលក្ខណៈ ប្រមូលផ្តុំ នៅដែនសហគមន៍ក្នុងសមុទ្រ។ ដោយឡែក ប្រមាណប្រហែល ៥០ គ្រួសារទៀត កំពុងចិញ្ចឹមជាលក្ខណៈឯកជន តាមដងព្រែក។ តាមការកត់សម្គាល់ ឃើញថា មួយរយៈកន្លងមក ពួកគាត់នេសាទបណ្តើរ ចិញ្ចឹមត្រីបណ្តើរ ព្រោះចិញ្ចឹមត្រី ដូចចិញ្ចឹមជ្រូកដែរ គឺប្រាំមួយខែ ប្រមូលផលម្តង។
ប្រធានសហគមន៍ ក៏បានបញ្ជាក់ផងដែរថា សហគមន៍ទទួលប្រយោជន៍ ពីសមាជិក ពេលប្រមូល ផល គឺពួកគាត់បង់បួនម៉ឺនរៀល ក្នុងមួយបែរ។ ថវិកាទាំងនេះ សម្រាប់ប្រើប្រាស់ពេលចុះល្បាត ទប់ស្កាត់ បទល្មើសក្នុងដែនគ្រប់គ្រង ព្រោះសហគមន៍ មានកាតព្វកិច្ច អភិរក្សព្រៃកោងកាង ធនធានសមុទ្រផ្សេងៗទៀត។ លើសពីនោះ សហគមន៍ បានអភិរក្សតំបន់គ្រែងឈាម ទំហំ ២ ហិកតា ដែលមកដល់ពេលនេះ អ្នកនេសាទ ជាលក្ខណៈគ្រួសារ បាននិងកំពុងទទួលផល រៀងរាល់ថ្ងៃ។
ពាក់ព័ន្ធនឹងការងារបន្ត លោក ទិត្យ រីន បានរៀបរាប់ថា ក្រៅពីការផ្តល់កន្លែងចិញ្ចឹមត្រី រួចហើយ គណៈកម្មការ នឹងព្យាយាមរកកន្លែងផ្សេង ដើម្បីឱ្យសមាជិក បានទទួលផល ពីដែនសហគមន៍ ដូចជា បង្កើតតំបន់អេកូទេសចរណ៍ តារយៈការដឹកភ្ញៀវ ដើរកម្សាន្ត តាមព្រៃកោងកាង ក៏ដូចជា តំបន់អភិរក្សផ្សេងៗទៀត ពិសេសការបណ្តុះកូនកោងកាង សម្រាប់លក់ជូនភ្ញៀវ។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានមានប្រសាសន៍ថា នារយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ សហគមន៍នេសាទ ត្រពាំងរពៅ ព្រែកក្រែង មានសកម្មភាពអភិវឌ្ឍន៍ល្អប្រសើរ បន្ទាប់ពីសហគមន៍នេសាទ ត្រពាំងសង្កែ និងសហគមន៍នេសាទកំពង់សាមគ្គី។ អ្វីដែលកំពុងស្ថិតក្នុងភាពមោទនៈនោះ គឹការជំរុញដល់ ប្រជាពលរដ្ឋ ចាប់យកឱកាសចិញ្ចឹមត្រី សមុទ្រ ក្រោយទទួលបាន ការបណ្តុះបណ្តាល ពីមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល សហការជាមួយអង្គការដៃគូ មួយចំនួន។
លោកនាយខណ្ឌ បានបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ការកកើតបែរចិញ្ចឹមត្រី ទាំងក្នុងសមុទ្រ ទាំងនៅដងព្រែក បានកើនឡើងជាលំដាប់ ដោយមកដល់ពេលនេះ មានប្រមាណ ៤០០ កន្លែង ខណៈដែលឆ្នាំ២០១០ មានប្រហែល ១០ បែរប៉ុណ្ណោះ។ ប៉ុន្តែការចិញ្ចឹមត្រី ក្នុងព្រែក លក្ខខណ្ឌមិនសូវប្រសើរ ដូចក្នុងសមុទ្រទេ ពិសេសបញ្ហាអនាម័យ បរិស្ថានជាដើម។
លោក ស សូរិន បានបញ្ជាក់ថា ក្នុងនាមមន្ត្រីជំនាញ ពេលនេះ ខណ្ឌរដ្ឋបាលជលផលកំពុង ព្យាយាមស្វែងរកដៃគូ ដើម្បីគាំទ្របន្ថែមទៀត ពិសេសបញ្ហាថវិកា ព្រោះសហគមន៍នេសាទ ត្រពាំងរពៅ-ព្រែកក្រែង មានឆន្ទៈខ្ពស់ ក្នុងការចូលរួមបង្ក្រាបបទល្មើស អភិរក្សធធានសមុទ្រ និងជួយលើកស្ទួយជីវភាព ប្រជាពលរដ្ឋសហគមន៍ ក្នុងមូលដ្ឋាន៕