កសិករចិញ្ចឹមមាន់ស្រែខេត្តបន្ទាយមានជ័យ បន្តប្រកាន់ខ្ជាប់ពូជមាន់ស្រែសុទ្ធ ខណៈតម្រូវការទីផ្សារកាន់តែច្រើន

0
78

បន្ទាយមានជ័យ៖ បណ្ដុំកសិករចិញ្ចឹមមាន់ស្រែក្នុងខេត្តបន្ទាយមានជ័យ នៅតែបន្តប្រកាន់ខ្ជាប់ពូជមាន់ស្រែសុទ្ធ ដោយសារមានតម្រូវការទីផ្សារល្អ ទោះបីជាក្នុងវិបត្តិជំងឺកូវីដ-១៩ក៏ ដោយ ។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា កសិករមានការចាប់អារម្មណ៍ច្រើន លើការចិញ្ចឹមមាន់ស្រែ ព្រោះជាប្រភពចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ បានមួយចំណែកក្នុងវិបត្តិ នៃជំងឺកូវីដ-១៩នេះ ដែលបច្ចុប្បន្ននៅទូទាំងខេត្ត មាន៥បណ្តុំកសិករចិញ្ចឹមមាន់ស្រែស្មើនឹង ៥០ កសិដ្ឋាន។

លោកបន្តថា មន្រ្តីជំនាញតែងតែចុះពិនិត្យមើលចំណុចខ្វះខាត និងបានណែនាំបន្ថែម ពីបច្ចេកទេសមួយចំនួន ដល់ប្រជាកសិករ បានយល់ដឹងច្រើនពីការថែទាំមេពូជ , ការរៀបចំទ្រុង, ការផ្សំចំណី និងការប្រើប្រាស់ប្រព័ន្ធដំណក់ទឹកសម្រាប់មាន់ផឹក។

«ការចិញ្ចឹមសត្វនៅទីនេះគេមានការនិយមការចិញ្ចឹមមាន់ក្នុងស្រុក មាន់ក្នុងស្រុកហ្នឹងគឺយើងបានបណ្តុះបណ្ដាល ហើយនឹងដាក់ទូភ្ញាស់ បច្ចេកទេសទូភ្ញាស់បង្កាត់សិប្បនិមិតមានច្រើនកន្លែង ហើយគាត់អាចផលិតគ្រប់គ្រាន់ផ្គត់ផ្គង់ទៅឱ្យកសិករ ចិញ្ចឹមហើយនៅសល់មួយចំនួននាំចេញទៅក្រៅខេត្ត ហើយមាន់នៅក្នុងស្រុកនិងឥឡូវគេចិញ្ចឹមបែបលក្ខណ:ទំនើប កន្លែងខ្លះមាន ដល់រាប់ពាន់ក្បាល»។

សូមបញ្ជាក់ថា បច្ចេកទេសមួយចំនួន ដែលជួយឲ្យការចិញ្ចឹមមាន់ស្រែ លូតលាស់ធំធាត់ល្អ រួមមាន៖ -ត្រូវដាំដើមឈើនៅជុំវិញរោង ដើម្បីជាម្លប់សម្រាប់មាន់ -ត្រូវដាំដុះប្រភេទបន្លែបន្ថែមសម្រាប់ជាធាតុផ្សំចំណីសម្រាប់មាន់ -ពេលផ្ដល់ចំណីកសិករត្រូវតែចេះសង្កេត បរិមាណចំណី ដែលមាន់ស៊ីដើម្បីប៉ាន់ស្មានចំណីសមល្មម កុំឲ្យខ្ជះខ្ជាយចំណី -ពេលដែលមាន់ស៊ីចំណីហើយ ត្រូវប្រមូលស្នូកចំណី យកទៅលាងសម្អាតទុកដាក់ឲ្យត្រឹមត្រូវ បើមិនដូច្នេះទេ វាអាចបង្កឲ្យមានពពួកផ្សិត ធ្វើឲ្យមាន់ឈឺនិងឈានដល់ងាប់ផងដែរ ៕

ដោយ៖ ម៉ៅ សុខរីម