ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា បាននិងកំពុងធ្វើការជាមួយ សមាគមន៍ស្វាយច័ន្ទី (VINACAS) របស់វៀតណាម ដើម្បីបង្កើតតំបន់ចំការដំាស្វាយច័ន្ទីនៅប្រទេសកម្ពុជា នេះបើយោងតាមសារព័ត៌មាន vietnamnews.vn របស់វៀតណាម។
តាមសម្ដីរបស់លលោក Nguyễn Đức Thành ប្រធានសមាគមន៍ ស្វាយច័ន្ទីវៀតណាមបានឲ្យដឹងថា គម្រោងបង្កើតចំការដាំស្វាយច័ន្ទីរវាង ប្រទេសទាំង២នេះគឺ ដើម្បី ធ្វើការផ្គត់ផ្គង់ការនាំចេញគ្រាប់ស្វាយច័ន្ទីកំឡុងឆ្នាំ ២០១៨ និង ២០១៩ខាងមុខនេះ។
លោកបានបន្តថា វៀតណាម ជាប្រទេសដែលកាន់តំណែង ជាអ្នកនាំចេញស្វាយច័ន្ទីធំបំផុតលើពិភពលោក ហើយការផលិតដំណាំនេះ ក៏កាន់តែកើនឡើងផងដែរ។ យ៉ាងណាមិញការផ្គត់ផ្គង់គ្រាប់ស្វាយច័ន្ទីនៅក្នុងស្រុកគឺ បំពេញតម្រូវការបានត្រឹមតែពី ២០ ទៅ ៣៥ភាគរយប៉ុណ្ណោះ។
លើសពីនេះ លោកបន្ថែមថា ការបង្កើតចំការស្វាយច័ន្ទីនៅកម្ពុជា គឺជារឿងល្អ ព្រោះកម្ពុជាអាចផលិតស្វាយច័ន្ទីដែលមានគុណភាពល្អ ព្រោះកម្ពុជា មានដីសម្បូរជីវជាតិ និងមានអាកាសធាតុអំណោយផលផងដែរ។
ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា រួមជាមួយប្រជាកសិករខ្មែរមួយចំនួន នឹងត្រូវសហការជាមួយ សមាគន៍ ស្វាយច័ន្ទីវៀតណាម ដើម្បីបង្កើតចំការដែលផលិតគ្រាប់ស្វាយច័ន្ទី១លានតោនក្នុងមួយឆ្នាំ លើផ្ទៃដី ប្រមាណ ៥០ម៉ឺនha(ខ្នាតវាស់របស់វៀតណាម)។
តាមប្រសាសន៍របស់ ឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា កម្ពុជាពិតជាស្វាគមន៍ វៀតណាម ហើយនឹងជួយផ្គត់ផ្គង់វៀតណាម ក្នុងការដាំដុះនិង បច្ចេកទេស ប្រមូលផល ជាពិសេស គឺប្រកាន់ភ្ជាប់ការដាំដុះជាមួយនឹងគុណភាពល្អ។
គួរជម្រាបផងដែរថា សមាគមន៍ស្វាយច័ន្ទី (VINACAS) របស់វៀតណាមបានផ្ដល់ប្រាក់ដល់កម្ពុជាជាង ៦ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងចំការស្វាយច័ន្ទី ពី ឆ្នាំ ២០១៨ ដល់ ២០២២។ បច្ចុប្បន្ននេះ កម្ពុជា ជា ប្រទេសដែលផ្គត់ផ្គង់គ្រាប់ច័ន្ទីឆៅធំដាប់ទី៥សម្រាប់ប្រទេសវៀតណាម ហើយប្រសិនបើគម្រោងចំការស្វាយច័ន្ទីនេះ ចេញជាផ្លែផ្កានោះកម្ពុជានឹងក្លាយជាប្រទេសដែលអាចផលិតគ្រាប់ស្វាយច័ន្ទីឆៅធំបំផុតក្នុងលោក៕