កម្ពុជា-បង់ក្លាដេសពិចារណាដោះដូរផលិតផលកសិ-ឧស្សាហកម្មន័យបង្កើនពាណិជ្ជកម្ម

0
1741

ភ្នំពេញ៖ កម្ពុជា-បង់ក្លាដេស សហការគ្នាបង្កើនទំហំពាណិជ្ជកម្ម និងកំពុងពិចារណាដោះ​ដូរផលិត​ផល​កសិ-ឧស្សា ហកម្មមួយចំនួន ក្រោយបញ្ចប់ព្រឹត្តិការណ៍ជំនួបធុរកិច្ច សម្រាប់​សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ និងសហគ្រាសធុនតូច និងធម្យម កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៧ ម្សិលមិញនេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា “ដើម្បីបង្កើនការ​ដោះ​ដូរ​ពាណិជ្ជ​​កម្មទ្វេភាគីជាមួយបង់ក្លាដេស កម្ពុជាកំពុងពិចារណានាំចូលសំបកបាវបរិស្ថាន 100% របស់​បង់​ក្លាដេស សម្រាប់ស្តុកអង្កររបស់យើង និងឱសថ​ដែលមានការទទួល​ស្គាល់ទូទាំង​ពិភព​លោក, សេរ៉ា​មិច និងសំបកស្បែក និងស្បែកកែច្នៃ ហើយយើងរំពឹងថាបង់ក្លាដេស នឹងពិចារណា​នាំចូល​ទំនិញ​កសិកម្មរបស់យើងដូចជា ពោត, ម្រេច, ដំឡូងមីស្ងួត, និងគ្រាប់ស្វាយចន្ទី បន្ថែម​ពីលើអង្ករ ។

ទន្ទឹមគ្នានេះ ដើម្បីទាក់ទាញការវិនិយោគកាន់តែច្រើនពីបង់ក្លាដេស មកលើវិស័យអទិភាពមួយចំនួន ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS ឆ្នាំ ២០១៤-២០១៨ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនប្រតិភូបង់ក្លាដេស កាលានុវត្តភាព, ស្ថានភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច, បរិយាកាសធុរកិច្ច និងវិនិយោគ, គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារ​សំខាន់ៗ​របស់​កម្ពុជា​ផងដែរ។

ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ធ្វើការពង្រឹងកិច្ចសហការជាមួយបង់ក្លាដេស លើកម្មវិធីអភិវឌ្ឍន៍សមត្ថភាពពលករជំនាញ ដើម្បីលើក​កម្ពស់ចង្វាក់តម្លៃឧស្សាហកម្មកាត់ដេរនៅកម្ពុជា។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់សហព័ន្ធស្រូវអង្ករកម្ពុជា ពង្រឹងកិច្ច​សហការ​ជាមួយ​បង់​ក្លាដេស ដើម្បីវិនិយោគលើវិស័យកសិកម្ម និងនាំចេញផលិតផលកសិកម្ម ទៅកាន់​ប្រទេស​បង់​ក្លាដេស និងប្រទេសទីបី ដែលកម្ពុជាមានចំណែកទីផ្សារធំ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផ្តល់​ដោយប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍នានា។

កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា និងបង់ក្លាដេស បានចុះ​អនុស្ស​រណៈ​យោគយល់គ្នាចំនួន ១១ ក្នុងនោះ​ក៏មាន​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ពង្រឹង​កិច្ចសហ​ការ​រវាង​ក្រសួង​ពាណិជ្ជ​កម្ម និងសភាពាណិជ្ជកម្ម៕