កម្ពុជាមានរមណីយដ្ឋានជាង៤០០កន្លែង កំពុងទាក់ទាញទេសចរជាតិ-អន្តរជាតិ! តាមការបញ្ជាក់ពីលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានរមណីយដ្ឋានទេសចរណ៍សរុបជិត៤០០កន្លែង ដែលត្រូវបានចុះបញ្ជីផ្លូវការ ដោយមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៥៦កន្លែង ដែលមានសក្តានុពលទាក់ទាញទេសចរជាតិ-អន្តរជាតិនៅទូទាំងប្រទេសកម្ពុជា។
បើតាមលោកជា បូរ៉ាថា អង្គការទេសចរណ៍ពិភពលោក បានកត់សម្គាល់នូវនិន្នាការទេសចរពិភពលោក ដូចជា ភ្ញៀវទេសចរបានងាកមកចាប់អារម្មណ៍នូវដំណើរកម្សាន្តផ្សងព្រេង ដែលមានការរៀបចំច្បាស់លាស់ (Curated Adventure) ជាងការផ្សងព្រេងបែបធម្មជាតិ។ ការថតរូបចល័ត ដោយប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ និងចែករំលែកជាមួយមនុស្សជុំវិញខ្លួន ដោយប្រើប្រាស់បណ្តាញសង្គម ដូចជា Facebook, Tweeter, Line, Snapchat ជាដើម ដែលជំរុញឲ្យពួកគេធ្វើដំណើរទៅរករមណីយដ្ឋានទេសចរណ៍ថ្មីៗ។ការដើរកម្សាន្តម្នាក់ឯង តែមិនមែនជាទេសចរណ៍បែបសំពាយ ដើម្បីស្វែងយល់ និងស្វែងរកគោលដៅទេសចរណ៍ថ្មីៗបំពេញបំណងប្រាថ្នារបស់ខ្លួនឯង។ការរៀបចំកន្លែងស្នាក់នៅប្រកបដោយភាពកក់ក្តៅមានផាសុកភាពតែ មិនចំណាយច្រើន និងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដូចជាការរចនាដោយមិនប្រើម៉ាស៊ីនត្រជាក់ តែមានខ្យល់ចេញចូលគ្រប់គ្រាន់។
ការជំរុញការប្រើប្រាស់កសិកម្មខ្នាតតូចបែបបរិស្ថាន ដូចជាការដាំដើមឈើឲ្យបានច្រើននៅក្នុងរមណីយដ្ឋាន ការដាំផ្កា បន្លែ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរជាដើម។ លោកជា បូរ៉ា បន្តថា កំណើននៃវិស័យទេសចរណ៍កម្ពុជា មិនអាចកាត់ផ្តាច់បានពីអន្តរទំនាក់ទំនងរវាងវិស័យទេសចរណ៍ វប្បធម៌ និងបរិស្ថាន ដែលជាប្រភពសក្តានុពលដ៏ទាក់ទាញសម្រាប់ទេសចរណ៍កម្ពុជា ក្នុងន័យនេះ រដ្ឋាភិបាលបន្តប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍវិស័យទេសចរណ៍ ឲ្យប្រកបដោយចីរភាព និងការទទួលខុសត្រូវ និងធ្វើឲ្យវិស័យទេសចរណ៍ជាមាសបៃតងពិតប្រាកដ ដែលជាកត្តាគន្លឹះ និងជាមូលដ្ឋានចូលរួមចំណែកធានាចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានទ្រទ្រង់ដល់ការធ្វើសមាហរណកម្មកម្ពុជាក្នុងតំបន់ និងពិភពលោក ក៏ដូចជាការត្រៀមលក្ខណសម្បត្តិរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
តែយ៉ាងណា លោកទទួលស្គាល់ថា ការគ្រប់គ្រងគោលដៅទេសចរណ៍ នៅតែជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ជាពិសេសការគ្រប់គ្រងសំរាមនៅតែជាបញ្ហាស្មុគស្មាញនៅតាមគោលដៅទេសចរណ៍មួយចំនួន ហើយរមណីយដ្ឋានទេសចរណ៍ភាគច្រើនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ដែលការអភិវឌ្ឍមានលក្ខណៈយឺតយ៉ាវ ហើយរមណីយដ្ឋានទេសចរណ៍មួយចំនួនទៀត ពុំទាន់មានការវិនិយោគឲ្យបានពេញលេញនៅឡើយ៕