កម្ពុជា​បាននាំចេញដំឡូងមី,គ្រាប់​ស្វាយចន្ទី និង​ផ្លែស្វាយ​ស្រស់​ជាង ១លាន​តោនទៅ​​កាន់ទីផ្សារ​​វៀតណាម​​ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២១

0
62

ភ្នំពេញ៖ កម្ពុជា​នាំចេញ​ផលិតផល​ពី​ដំឡូងមី គ្រាប់​ស្វាយចន្ទី និង​ផ្លែស្វាយ​ស្រស់​សរុប​ជាង ១,១១ លាន​តោន ទៅ​​កាន់​ប្រទេស​វៀតណាម ក្នុង​រយៈពេល ៣​ ខែ ដើម​ឆ្នាំ ២០២១ កើន​ឡើង​ជិត ១៤៩ ភាគរយ ទោះបី​ជា​មាន​ការ​រឹត​បន្តឹង​តាម​ព្រំដែន​ក៏​ដោយ។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​មីនា កម្ពុជា​បាន​នាំចេញ​កសិផល​សំខាន់ ៣ មុខ ទៅ​វៀតណាម​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ រួមមាន​ដំឡូងមី​ស្រស់​ចំនួន ២៤២ ៧៥០ តោន(កើន ៨៥ ភាគរយ) ដំឡូង​មី​ក្រៀម ៣៣៦ ១៥១,៥៦ តោន (កើន ៨២ ភាគរយ) ផ្លែ​ស្វាយ​ស្រស់ ៨៥ ៦៨៧ តោន (កើន ៩៣៣,៨៤ ភាគរយ) និង​គ្រាប់​ស្វាយចន្ទី ៤៤៦ ៨៣៤ តោន (កើន ២៦៧,១៣ ភាគរយ)។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន ឲ្យ​ដឹង​ថា នេះ​គឺ​ជា​លទ្ធផល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កសិករ និង​អ្នក​ពាក់ព័ន្ធ​ដែល​បាន​អនុវត្ត​គោល​នយោបាយ​វិស័យ​កសិកម្ម​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ការ​ផលិត ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង និង​សេដ្ឋកិច្ច។

លោក​ថ្លែង​ថា៖ «ក្នុង​អំឡុង​ពេល​រីក​រាលដាល​ជា​សកល​នៃ​កូវីដ ១៩ កំពុង​បន្ត គឺ​បាន​ធ្វើ​ឲ្យ​កសិផល​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​នៃ​ការ​នាំចេញ​កសិផល​ទៅ​កាន់​ប្រទេស​ជិត​ខាង​កម្ពុជា​តាម​ច្រក​ទ្វារ​ភាគី​ដែល​មាន​សកម្មភាព​យ៉ាង​សកម្ម និង​មមាញឹក​បំផុត»។

លោក លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ប្រទេស​ថៃ និង​វៀតណាម គឺ​ទីផ្សារ​ដ៏​ចម្បង​សម្រាប់​ផលិតផល​វត្ថុធាតុ​ដើម​របស់​កម្ពុជា។

លោក​កត់​សម្គាល់​ថា៖ «ផលិតផល​កសិកម្ម​ភាគ​ច្រើន​ត្រូវ​បាន​នាំចេញ​ទៅ​វៀតណាម និង​ថៃ ដែល​ជា​ច្រក​ទីផ្សារ​សំខាន់​សម្រាប់​កសិករ​ខ្មែរ ព្រោះ​យើង​កង្វះ​ទុន​ក្នុង​ការ​ជួយ​ទិញ​ស្រូវ​កសិករ​ស្តុក​ទុក»។ ខ្ញុំ​ជឿ​ថា ការ​នាំចេញ​ទៅ​ថៃ​ធ្លាក់​ចុះ​ពេល​នេះ គឺ​ដោយសារ​ការ​បង្វែរ​ទិសដៅ​នាំចេញ​ពី​ថៃ​ទៅ​ប្រទេស​វៀតណាម។ យើង​ឃើញ​ថា ការ​នាំចេញ​ផលិតផល​កសិកម្ម​ដូចជា ស្រូវ ដំឡូងមី ពោត ទៅ​វៀតណាម​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់»។

ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹង​ថា កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ប្រទេស​វៀតណាម ក្នុង​ទឹក​ប្រាក់ ៣៨៥,៧៩ លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០២០ កើន​ឡើង ១៤,៨៨ ភាគរយ បើ​ធៀប​នឹង ៣៣៥,៨២ លាន​ដុល្លារ ឆ្នាំ ២០១៩។ ចំណែក​ការ​នាំចូល​ទំនិញ​របស់​កម្ពុជា​ពី​វៀតណាម​បាន​ធ្លាក់ ៣,១០ ភាគរយ ពី​តម្លៃ ២,៦៣៤ ពាន់​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ ២០១៩។

របាយការណ៍​ក្រសួង​កសិកម្ម​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល ៣ ខែ​នេះ កម្ពុជា​ក៏​បាន​នាំចេញ​កសិផល ៣ មុខ​ខាង​លើ​នេះ​ទៅ​កាន់​ប្រទេស​ថៃ សរុប​ចំនួន ៧៧៣ ០៧៧ តោន ធ្លាក់ចុះ ៤ ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង លោក គឹម ហួត ឲ្យ​ដឹង​ថា ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ បាន​ធ្វើ​ឱ្យ​ការ​បញ្ជា​ទិញ​ផលិតផល​​កសិកម្ម​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ កាល​ពី​ដើម​ឆ្នាំ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ប៉ុន្តែ​សកម្មភាព​ពាណិជ្ជកម្ម​ស្ទុះ​ឡើង​វិញ​បន្តិច​ក្នុង​រយៈពេល ២ ខែ​ចុង​ក្រោយ​នេះ។

លោក​ឲ្យ​ដឹង​ថា ផលិតផល​កសិកម្ម​កម្ពុជា​ភាគ​ច្រើន​ត្រូវ​បាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ ដោយ​តម្លៃ​ឡើង​ចុះ​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ប្រទេស​ថៃ។

លោក​សង្កេត​ឃើញ​ថា៖ «សកម្មភាព​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ក្នុង​ខេត្ត​បាត់ដំបង​ជាមួយ​ថៃ ចាប់​ផ្តើម​មាន​សម្ទុះ​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ​នៅ​ពេល​នេះ»។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ក្នុង​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​ថៃ នៅ​ក្នុង​តម្លៃ ១ ១៤៨ លានដុល្លារ ធ្លាក់ចុះ ៤៩,៤៩ ភាគរយ ធៀប​នឹង​ឆ្នាំ​មុន ខណៈ​កម្ពុជា​នាំចូល​មក​វិញ​មាន​តម្លៃ ៦ ០៨៩ លាន​ដុល្លារ ធ្លាក់ចុះ ១៤,៨០ ភាគរយ៕

ប្រភព៖​ ភ្នំពេញប៉ុស្តិ៍