កម្ពុជា​គ្រោង​នាំចូល​អំបិល​ពី​បរទេស ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់ក្នុងស្រុក​

0
1887

ឆ្នាំ​២០១៨ កម្ពុជាគ្រោង​នាំ​ចូលអំបិល​​ពី​បរទេសជាច្រើនតោន សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​។ នេះ​បើតាម​ទីភ្នាក់ងារ​សារពត៌មាន​កម្ពុជា (AKP)​។ AKP បាន​ស្រង់​ប្រសាសន៍​របស់លោក ប៊ុន បារាំង ប្រធាន​សមាគម​ផលិត​អំបិល​កម្ពុជា ទៅ​ចុះផ្សាយ​ថា សម្រាប់​ឆ្នាំ​២០១៨ កម្ពុជា​មិនអាច​ផលិត​អំបិល​សម្រាប់​ប្រើប្រាស់​បានទេ ដោយសារ​អាកាសធាតុ​មិនល្អ និង​មាន​ភ្លៀង​ធ្លាក់​ច្រើនពេក​។ លោក បាន​បញ្ជាក់ថា​៖«​កម្ពុជា មាន​តម្រូវការ​អំបិល​សម្រាប់​ប្រើប្រាស់​ប្រមាណ​១០​ម៉ឺន​តោន ក្នុង​មួយឆ្នាំៗ​» ។

​ជាក់ស្តែង ឆ្នាំ​២០១៧ កម្ពុ​ជាមាន​កង្វះ​អំបិល​ចំនួន ៦៧​ពាន់​តោន ខណៈដែល​ខេត្តកំពត និង​ខេត្ត​កែប ផលិត​អំបិល​បានត្រឹមតែ ៣៣​ពាន់​តោន​ប៉ុ​ណោះ​។ ដោយឡែក​ឆ្នាំ​២០១៦ ការផលិត​អំបិល​មាន​ភាព​លើសពី​ផែនការ បានធ្វើ​ឲ្យ​អំបិល​សល់ ហើយ​ចំនួន​ដែល​នៅសល់​យកមក​ផ្គត់ផ្គង់ និង​បំពេញ​នៅ​ឆ្នាំ​២០១៧ ដែល​ខ្វះខាត​។​

​ប្រភព​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន សមាគម​ផលិត​អំបិល​កម្ពុជា កំពុង​រៀបចំ​ផែនការ​ស្នើសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ក្នុងការ​នាំចូល​អំបិល និង​កំពុងតែ​សិក្សា​អំបិល​នៅ​ប្រទេស​ចិន ឥណ្ឌា និង​ប្រទេស​ផ្សេងទៀត ដែល​មានគុណ​ភាពល្អ​សម្រាប់​នាំ​ចូលមក​កម្ពុជា ហើយ​ការ​នាំចូល​នោះ គឺ​មិន​ឲ្យ​លើសពី​តម្រូវការ​ក្នុងស្រុក​ឡើយ​។​

​លោក ប៊ុន បារាំង បាន​អះអាងថា សមាគម​លោក កំពុង​សិក្សា​អំបិល​នៅ​ចិន និង​ឥណ្ឌា និង​បណ្តា​ប្រទេស​ផ្សេងទៀត លើ​លទ្ធភាព​ក្នុងការ​នាំចូល​ដើម្បី​បំពេញតម្រូវការ​នៅ​កម្ពុជា ប៉ុន្តែ​វៀតណាម​មិនមែនជា​គោលដៅ​ឡើយ ដោយសារតែ​ប្រទេសជិតខាង​មួយ​នេះ កំពុង​ខ្វះខាត​អំបិល​ដូចគ្នា​៕